កាលពីយប់ថ្ងៃទី២៦ខែមករារដ្ឋមន្ត្រីការបរទេសអាមេរិកលោកចនឃើរីបានទៅដល់ទីក្រុងប៉េកាំងប្រទេសចិន ដើម្បីជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់ចិនស្តីអំពីបញ្ហាផ្សេងៗក្នុងទំនាក់ទំនងអាមេរិកចិនក៏ដូចជាបញ្ហាក្នុងតំបន់។ ប្រធានសំខាន់ដែលត្រូវពិភាក្សានោះគឺកម្មវិធីបរមាណូរបស់កូរ៉េខាងជើង ក្រោយពេលទីក្រុង ព្យុង យ៉ាងបានសាកល្បងគ្រាប់បែកបរមាណូដោយជោគជ័យកាលពីដើមខែមករានេះ។មន្ត្រីជាន់ខ្ពស់មួយរូបក្នុងក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចនោះ ក្រៅពីបញ្ហាកូរ៉េខាងជើង លោកចនឃើរីក៏និងត្រូវពិភាក្សាស្តីអំពីការព្រួយបារម្ភរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនស្តីអំពី សកម្មភាពរបស់ចិននៅដែនសមុទ្រចិនភាគខាងត្បូង និងបញ្ហាមួយចំនួនទៀត។
នៅក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក ចន ឃើរី បានជម្រុញឲ្យចិនដើរតួនាទីសំខាន់ជាងនេះនៅក្នុងការដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើងដែលបានសាកល្បងគ្រាប់បែកបរមាណូកាលពីថ្ងៃទី៦ខែមករាកន្លងមក បំពានទៅលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ដំណើរទស្សនកចិ្ចទៅកាន់ប្រទេសចិនគឺជាទីកន្លែងចុងក្រោយនៅក្នុងដំណើរទស្សនកិច្ចទៅកាន់អាស៊ីរបស់លោកចនឃើរី។ មុនពេលទៅដល់ទីក្រុងប៉េកាំងលោក ចន ឃើរី បានទស្សនកិច្ចទៅកាន់ប្រទេសស្វិស សាវឌីអារ៉ាប៊ី ឡាវ និងកម្ពុជា៕