ភ្នំពេញ ៖ រថ យន្តកូរ៉ូឡាមួយគ្រឿង បានក្រឡាប់ផ្ញើរជើងច្រងាង បន្ទាប់ពីបើកលឿនមិនប្រយ័ត្នជ្រុលបុក រះរនាំងដែកពុះចែកទ្រូវផ្លូវពេញទំហឹង បណ្តាលអោយរនាំងដែកចំនួន ៥ផ្ទាំងត្រូវបាក់ទ្រេតរងការខូចខាត ចំណែករថយន្តនៅមិនទាន់អស់ល្បឿនក៏បានបួងចង្កូតបំណងបត់ត្រឡប់ក្រោយ ត្រូវក្រឡាប់ផ្ញារជើងច្រងាងតែម្តងទៅ ។ ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខនឹងព្រលានយន្តហោះអន្តរាជាតិភ្នំពេញ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ២២ និង ០០នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ។
យោងតាមប្រភពនៅកន្លែងកើតហេតុ អោយដឹងថា រថយន្តបង្កពណ៌ទឹកប្រាក់ ពាក់សា្លកលេខភ្នំពេញ 2H-4306 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយមនុស្ស៣នាក់ផ្សេងទៀតជាលក្ខណៈគ្រួសារ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលបុករះរនាំងដែកពេញទំហឹង បណ្តាលអោយរនាំងដែកពុះចែកទ្រូងផ្លូវចំនួន ៥ផ្ទាំង ត្រូវបានបាក់ទ្រេត ហើយរថយន្តនៅមិនទាន់អស់ល្បឿនក៏បានបួងចង្កូតមកស្តាំផ្លូវបំណងត្រឡប់ក្រោយ ក៏ជ្រុលក្រឡាប់ផ្ញារជើងឡើងលើតែម្តងទៅ ។ ភ្លាមៗនោះ មនុស្សនៅក្នុងរថយន្តទាំងអស់បានលូនចេញមកក្រៅ រួចរត់គេចបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅនឹងកន្លែង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ធ្វើការវាស់វែង ស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់ នៅពេលក្រោយ ៕