MENU
ក្រោយកិច្ចប្រជុំអូតង់ សម្រេចចូលរួមសង្គ្រាមប្រឆាំងភេរវកម្ម ដឹកនាំដោយអាមេរិក
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី២៦ ឧសភា ២០១៧, ១៧:២០ | ៣៤២ ដង | ចុចបញ្ចេញមតិ (០)

នៅក្នុងកិច្ចប្រជុំរបស់អង្គការណាតូ​ដែលមានការចូលរួមពីប្រធានាធិបតីអាមេរិកដូណាលត្រាំនៅទីក្រុង​ព្រុចសែល ប្រទេសប៊ែលហ្សិច ​លោកត្រាំបានបញ្ចុះបញ្ចូលកម្លាំងអូតង់​ចូលរួមនៅក្នុងសង្គ្រាមប្រឆំាងភេរវកម្ម ។ អូតង់ ក៏បានសម្រេចចូលរួម ក្រោយពេល មានការវាយប្រហារសម្លាប់មនុស្សជាច្រើនកើតឡើងនៅក្នុងតំបន់អឺរ៉ុប។

​ក្រោយភេរវកម្ម សម្លាប់​មនុស្ស​២២​នាក់ នៅទីក្រុង​Manchester រដ្ឋមន្រ្តី​ការបរទេស​របស់​ប្រទេស​សមាជិក​ទាំង​២៨​របស់អូតង់​បាន​សម្រេច​ ព្រមព្រៀង​ឲ្យ​អូតង់​ចូលរួម​ជាមួយ​សម្ព័ន្ធ​អន្តរជាតិ ដែល​ដឹកនាំ​ដោយ​អាមេរិក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់។ សម្រាប់​លោក​ Jens Stoltenberg អគ្គលេខាធិការ​របស់អង្គការ​អូតង់ ការចូលរួម​របស់​អូតង់​ក្នុង​សម្ព័ន្ធអន្តរជាតិ គឺ​ជា​សារ​នយោបាយ​សំខាន់ ដែល​បញ្ជាក់​ពីការរួបរួម​គ្នា ដើម្បី​ប្រឈម​នឹង​ការគំរាមកំហែង​របស់​ក្រុមភេរវនិយម។​ អាមេរិក និង​​អង់គ្លេស បាន​ទាមទារ ចង់​ឲ្យ​អូតង់ ចូលរួម​ជា​សមាជិក​ពេញមុខ នៅក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី និងអ៊ីរ៉ាក់។ ប៉ុន្តែ បារាំង​បាន​ចេញមុខ​ប្រឆាំង។
 
បារាំង អាល្លឺម៉ង់ និង​អ៊ីតាលី បាន​ចេញមុខ ជំទាស់​នឹង​ការទាមទារ​របស់​អង់គ្លេស និង អាមេរិក ដោយសារ​តែ​បារាំង​ខ្លាចបារម្ភ​ថា អន្តរាគមន៍ លូកដៃ​របស់​អូតង់ ទៅក្នុង​ប្រតិបត្តិការ​យោធា​នៅ​ស៊ីរី និងអ៊ីរ៉ាក់ នឹង​អាច​បង្ក​ឲ្យមាន​ផលរមាស់ ចលាចល និង​អនាធិបតេយ្យ នៅ​ដើមបូព៌ា ដូចដែល​អូតង់​កំពុង​បន្សល់ទុក នៅ​ប្រទេស​លីប៊ី។ នេះ​គេ​នៅមិនទាន់​និយាយ​ពី​អាហ្វហ្កានីស្ថាន ដែល​អូតង់ ក្រោម​ការផ្តួចផ្តើម​របស់​អាមេរិក​បាន​ចូលផុង​ខ្លួន ទៅក្នុង​សង្រ្គាម​រ៉ាំរ៉ៃ គ្មាន​ច្រក​ចេញផង។
 
តាម អគ្គលេខាធិការ​របស់អង្គការ​អូតង់ ការចូលរួម​របស់​អូតង់​មាន​លក្ខណៈ នយោបាយ និង​ជា​និមិត្តរូប ប៉ុន្តែ វា​មិនមែន​មានន័យ​ថា អូតង់​នឹង​មិន​ចូលរួម​ប្រយុទ្ធ ដោយ​ផ្ទាល់ នៅក្នុង​សមរភូមិ នៅ​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់​នោះទេ។ តាម​ប្រភព​មន្រ្តីទូត​មួយចំនួន នៅក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត អូតង់​នឹង​ផ្តល់​តែ​ជំនួយ ផ្នែក​ពិគ្រោះ​យុទ្ធសាស្រ្ត​យោធា ដែល​អូតង់​បាន​បទពិសោធន៍​ពីការធ្វើ​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន ហើយ​និង​ផ្តល់​ព័ត៌មាន​សម្ងាត់​ទៅ​ឲ្យ​ប្រទេស​ដៃគូ តែប៉ុណ្ណោះ។ ការចូលរួម​តែប៉ុណ្ណោះ គឺ​មិនឆ្លើយតប​នឹង​ការចង់​បាន​របស់អាមេរិក និង​អង់គ្លេស ដែល​តាមពិតទៅ ចង់​ឲ្យ​អូតង់​បញ្ជូន​យន្តហោះ​Awacs​ទៅ​យក​ការណ៍​បន្ថែម​នៅ​ស៊ីរី។
 
សព្វថ្ងៃនេះ ទោះបី​ជា​អូតង់​មិនទាន់​ចូល​ដោយ​ផ្ទាល់​ក្នុង​ប្រតិបត្តិការ​យោធា​របស់​ សម្ព័ន្ធ​អន្តរជាតិ ដឹកនាំ​ដោយអាមេរិក ប៉ុន្តែ រាល់​សមាជិក​ទាំង​២៨​របស់​អូតង់ គឺ​បាន​ចូលរួម រៀងៗខ្លួន​រួចហើយ ក្នុង​ក្របខ័ណ្ឌ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត ដូចជា​បណ្តុះបណ្តាល​យោធា អ៊ីរ៉ាក់ ​ជាដើម៕
 

 

Tags:
  • កិច្ចប្រជុំ
  • សង្គ្រាម
  • ប្រឆាំងភេរវកម្ម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥