![]() |
MENU
|

ជាបឋម ចូរយើងក្រឡេកមើលត្រួសៗ ទៅលើនិយមន័យរបស់ពាក្យរាំវង់ ក្នុងបរិបទខ្មែរ-មន ឬមន-ខ្មែរ ។ ពាក្យរាំដែលជាកិរិយាស័ព្ទគឺជាការសម្តែងភាពរីករាយសប្បាយតាមកាយវិការខ្លួនប្រាណជើងដៃជាដើមហើយពាក្យរបាំគឺជាពាក្យកើតចេញពីពាក្យ រាំ ។ រីឯពាក្យវង់ដែលជានាម គឺមានន័យថារង្វង់ឬមូល
តើរបាំរាំវង់កើតឡើងនៅពេលណា? សំនួរនេះមានសារៈសំខាន់ណាស់ សម្រាប់ជនជាតិខ្មែរដែលចាត់ទុករបាំនេះ ជាមរតកវប្បធម៌អរូបីយ ប្រចាំជាតិរបស់ខ្លួនរួចទៅហើយនោះ។
បើតាមការស្រាវជ្រាវរបស់យើង និងលោក ទុំ ពេជ្រក្រវិល កន្លងមកនេះ រាំវង់ខ្មែរបច្ចុប្បន្នកើតចេញពីរាំវង់របស់សហគមន៍ខ្មែ ដើមឬខ្មែរលើ ដែលជាជនជាតិភាគតិច ដូចជា ព្នង គ្រឹង ព្រៅ និងទំពូន ដែលភាគច្រើនរស់នៅតាមតំបន់ខ្ពង់រាប ឬព្រៃភ្នំ ក្នុងភូមិភាគឦសាន នៃប្រទេសខ្មែរបច្ចុប្បន្ន។
បន្ថែមពីនេះទៀតដោយសារតែនៅប្រទេសសៀម ឬនៅតំបន់ផ្សេងៗឯទៀតមួយចំនួន ដែលមានជនជាតិខ្មែររស់នៅយ៉ាងកុះករនៅឡើយ កំពុងពេញនិយមរបាំខាងលើនេះដែរ។ យើងអាចចាត់ទុកថា ប្រការនេះគឺជាភស្តុតាងបង្ហាញឲ្យដឹងថា របាំរាំវង់ត្រូវបានបង្កើតឡើង ដោយបុព្វការីជនខ្មែរយ៉ាងពិតប្រាកដ ឥតក្លែងក្លាយ ក្នុងអតីតកាលដ៏យូរលង់មួយមុនឥទ្ធិពលឥណ្ឌា ។
ពាក់ព័ន្ធទៅនឹងប្រភពនៃរបាំនេះ សូមជម្រាបថា គំនូរលើជញ្ជាំងភ្នំនាសម័យបុរេប្រវត្តិសាស្ត្រមួយចំនួនដែលគេបាន ជួបប្រទះ ជាអំណះអំណាងដំបូងបំផុតនៃប្រពៃណីរាំវង់នេះ ។
ដូចបានកត់សម្គាល់រួចមកហើយ ការដែលសហគមន៍មន-ខ្មែរនិងខ្មែរ និយមប្រតិបត្តិរបាំរាំវង់នេះជាពិសេសនៅពេលដែលចូល ឆ្នាំថ្មីខ្មែរ ឬក៏នៅពេលដែលចូលរស់នៅភូមិថ្មីម្តងៗ ដែលជាព្រឹត្តិការណ៍សំខាន់ ក្នុងជីវិតប្រចាំថ្ងៃ ឆ្លុះបញ្ចាំងឲ្យឃើញនូវខឿនវប្បធម៌រួម រវាងខ្មែរនិងកុលសម្ព័ន្ធព្នងរស់នៅតាមតំបន់ខ្ពង់រាប។លើសពីនេះទៀត ឆ្លងតាមការសិក្សាវិភាគបង្ហាញថារបាំរាំវង់ពិតជាមានលក្ខណៈពិសេសមែន ដែលបង្កប់នូវអត្ថន័យស៊ីជម្រៅក្រៃលែង ។ ដូចឧទាហរណ៍ខាងលើ រាំវង់ខ្មែរមិនគ្រាន់តែតំណាងឲ្យភាពរីករាយសប្បាយ និង ទំនាក់ទំនងល្អ តែប៉ុណ្ណោះទេ ក៏ប៉ុន្តែទន្ទឹមនឹងនេះ ធ្វើឲ្យយើងឃើញនូវលក្ខណៈពិសិដ្ឋរបស់ជំនឿដូនតាផងដែរ ។ ពីព្រោះ ក្នុងប្រព័ន្ធគំនិតរបស់មនុស្សបុរាណ ការរាំជាវង់ឬរង្វង់មូលមានន័យថាការធ្វើឲ្យកើនឡើងនូវកម្រិតថាមពល ដ៏ពិសិដ្ឋរបស់ធម្មជាតិដែលអាចនាំមកឲ្យចំពោះខ្លួននូវកម្លាំងពលំ ព្រមទាំងជាមួយនេះផងដែរ ភាពរីករាយសប្បាយឥតខ្ចោះ។ ដូចនេះ បើយើងពិនិត្យមើលរាំវង់ខ្មែរ ផ្នែកនិមិត្តរូបវិញ យើងឃើញថា រង្វង់មូលដែលរមែងតែបង្កប់នូវលក្ខណៈដ៏ពិសិដ្ឋសកលមួយ ពិតជាតំណាងឲ្យស្នូលនៃជីវិត ដោយហេតុថា ក្នុងសង្គមបុរាណ អ្វីៗទាំងអស់ ក្នុងលោកយើងនេះសុទ្ធតែកើតចេញពីចំណុចស្នូលកណ្តាល ដែលជាចំណុចផ្តើមនូវជីវិត ដូចជា ខ្យល់ ព្យុះសង្ឃរា ពពក ទឹកកួច ។ល។ ដែលតំណាងឲ្យឥទ្ធិពលធម្មជាតិ ។
ដូច្នេះហើយ បានជាខ្មែរបុរាណជឿជាក់ថា ភាពត្រជាក់ត្រជុំ និងសិរីមង្គលពិតជានឹងកើតមានឡើងពុំខាន កាលបើគេរាំជាវង់ៗ ។ ម្យ៉ាងវិញទៀតវង្វង់មូលនេះក៏អាចជួយបីបាច់ថែរក្សាពួកគេក្នុងការ ទប់ទល់នឹងឧបទ្រុបចង្រៃទាំងឡាយមកពីក្រៅដែលយាយីសហគមន៍មនុស្ស ។
សរុបសេចក្តីមក យើងអាចនិយាយជារួមឡើងវិញ ដែលពុំអាចឲ្យយើងមានមន្ទិលសង្ស័យបានឡើយនោះ គឺអត្ថន័យស៊ីជម្រៅ នៃចំណុចស្នូលកណ្តាលវង់ឬរង្វង់មូលដែលមនុស្សខ្មែរបុរាណជឿជាក់ថា ជាការចាប់ផ្តើមឡើងនូវអ្វីៗទាំងអស់ពីព្រោះរាល់សកម្មភាពឬថាមពល ទាំងអស់ជុំវិញនៃពិភពលោកគឺសុទ្ធតែផ្តើមឡើងពីចំណុចកណ្តាលនេះឯងហើយ បន្ទាប់មកក៏បានរីករាលដាលធំទៅៗដោយមានសណ្ឋានជាក្បាច់គូថខ្យងហើយ នៅទីបញ្ចប់ក៏គ្របដណ្តប់ទូទាំងចក្រវាឡយ៉ាងឆាប់រហ័ស។គឺ ក្នុងករណីនេះការរាំជាវង់ៗឬរង្វង់មូលត្រូវបានគេចាត់ទុកថា ជាដើមហេតុនៃឥទ្ធិពល ប្រកបដោយលក្ខណៈពិសិដ្ឋអស្ចារ្យ មិនមានលក្ខណៈខុសប្លែកពីអ្វី ដែលគេធ្លាប់មានក្នុងផ្នត់គំនិត គឺដំណើរនៃវិញ្ញាណដែរ ។ តាមពិតទៅ តាមកាយវិការនេះ គេចង់បង្ហាញពីគោលបំណងរបស់គេ ហើយនេះក៏ជាជំហានទីមួយនាំទៅកាន់ សេចក្តីសុខសប្បាយឬសិរីមង្គល ។
មូលហេតុដែលខ្មែររាំវង់ គឺពិតជាផ្តើមចេញពីទស្សនៈខាងលើនេះ ហើយវាក៏មិនមែនជារឿងចៃដន្យឡើយគឺដោយសារតែជំនឿ សាសនាយ៉ាងប្រាកដ ។ តែសំខាន់បំផុត ដែលយើងត្រូវកត់ត្រា របាំរាំវង់ដែលជាទម្លាប់បានក្លាយទៅជា ទស្សនៈទម្លាប់ប្រពៃណីប្រជាជាតិខ្មែរ ហើយត្រូវបានប្រារព្ធរហូតដល់សព្វថ្ងៃ។
តើអ្នកចេះរាំចង្វាក់រាំវង់ហើយឬនៅ?នេះជារបៀបរាំ និង អត្ថន័យនៃចង្វាក់រាំវង់សូមចុចអានៈ http://vokc.org/article/113
Posted by VOKC News on Saturday, January 23, 2016


