![]() |
MENU
|

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ៣ និង ១៥នាទីរសៀលថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៥នេះ ក្រុមអាជីវករផ្សារ « ងិន អាង ហៅផ្សារទំនប់ » ប្រមាណជា ជិត១០០នាក់ បានប្រមូលផ្តុំគ្នាមកធ្វើការតវ៉ា នៅមុខក្រសួងមហាផ្ទៃ ដែលមានទីតាំងតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីទាមទារអោយសមត្ថកិច្ចធ្វើការដោះលែងតំណាងក្រុមអាជីវករផ្សារខាងលើចំនួន ២នាក់ ដែលត្រូវកម្លាំងនគរបាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការចាប់ឃាត់ខ្លួន កាលពីព្រឹកមិញ ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយ ។ តំណាងអាជីវករដែលត្រូវចាប់ខ្លួនទាំង២នាក់ ទី១មានឈ្មោះ គឹម ប៊ុនអាន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាអ្នកលក់បបរ.ស និងទី២ឈ្មោះ សេង សុងនីភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ទឹកកក ។ ទាំង២នាក់ជាអាជីវករលក់ដូរ ក្នុងផ្សារ « ងិន អាង ហៅផ្សារទំនប់ » ខាងលើ ។
សូមបញ្ជាក់ថា ក្រុមអាជីវករជាច្រើនរយនាក់ ក្នុងផ្សារ « ងិន អាង ហៅផ្សារទំនប់ » ដែលមានទីតាំងក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវនោះ កន្លងមកកាលពីអំឡុងចុងឆ្នាំ២០១៥ ធ្លាប់បានផ្ទុះការតវ៉ាជាច្រើនដងរួចមកហើយ ក្នុងការទាមទារអោយម្ចាស់ផ្សារថ្មី ដែលគ្រប់គ្រងដោយ ក្រុមហ៊ុន « ញ៉ូរីច » បញ្ចុះតម្លៃតូបរបស់អាជីវករទាំងអស់ ដែលមុនពេលក្រុមហ៊ុនថ្មីមួយនេះចូលមកដល់ ម្ចាស់ក្រុមហ៊ុនចាសយកតម្លៃតូបតែ ៣៥ដុល្លារប៉ុណ្ណោះក្នុងមួយខែ ប៉ុន្តែក្រោយពេលប្តូរក្រុមហ៊ុនថ្មីចូលមក តូបនីមួយៗត្រូវបង់ពី ១២០ដុល្លារ ដល់ ១៥០ដុល្លារ ទៅតាមបទដ្ឋានសាងសង់នៃតូប ។ ប៉ុន្តែការតវ៉ាជាច្រើនលើកច្រើនសាររបស់អាជីវករ គឺគ្មានលទ្ធិផលអ្វីទាំងអស់ បានត្រឹមតែ « ខ្យល់ » ហើយតម្លៃតូបត្រូវបានក្រុមហ៊ុនតំហិតអោយបង់ពី ១២០ ដល់ ១៥០ដដែល បើពុំដូចនោះ គឺនឹងត្រូវបញ្ឈប់មិនអោយអាជីវករលក់តទៅទៀត ។ សូមបញ្ជាក់បន្ថែមថា ការតវ៉ាជាច្រើនលើកច្រើនសារខាងលើនេះ គឺដឹកនាំដោយ អាជីវកម្ម២នាក់ ដែលត្រូវចាប់ខ្លួនកាលពីវេលាព្រឹកមិញ ដែលទី១ឈ្មោះគឹម ប៊ុនអាន និងម្នាក់ទៀតមានឈ្មោះសេង សុងនី ។ លុះរហូតមកត្រឹមនឹងព្រឹកថ្ងៃទី១៩ ខែមករា នេះ តំណាងអាជីវករទាំង២នាក់ ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនយកមកកាន់នាយកដ្ឋានភ្លាមៗ ដោយមិនទាន់ដឹងថាការចាប់ខ្លួននោះពាក់ព័ន្ធនឹងករណីអ្វីឡើយ ។
គួរបញ្ជាក់ថា ក្រោយមានការចាប់ខ្លួនតំណាងទាំង២នាក់ រួចហើយនោះ នៅវេលារសៀលថ្ងៃខែដដែល ក្រុមអាជីវករផ្សារប្រមាណជិត១០០នាក់ បានលើកគ្នាមកតវ៉ានៅមុខក្រសួងមហាផ្ទៃ ដើម្បីសំុអោយសមត្ថកិច្ចបញ្ជាក់ពីហេតុផល នៃការចាប់ខ្លួនតំណាងទាំង២នាក់ និងទាមទារសុំអោយមានការដោះលែងពួកគេទាំង២នាក់ អោយមានស៊េរីភាពវិញ ។ សូមបញ្ជាក់ថា ក្នុងការតវ៉ាដដែលនេះ ក្រុមអាជីវករ បាននាំគ្នាឈរបិទផ្លូវព្រះនរោត្តមមួយចំហៀង មួយសន្ទុះធំ បង្កអោយចរាចរណ៍នៅទីនោះមានការកកកុញជាខ្លាំង ប៉ុន្តែត្រូវបានបើកដំណើរការវិញធម្មតា បន្ទាប់ពីមានការអន្តរាគមន៍ពីសំណាក់កម្លាំងប្រជាការពារ និងនគរបាល ខណ្ឌចំការមន ។
សូមបញ្ជាក់បន្ថែមថា គិតមកត្រឹមវេលាល្ងាចថ្ងៃខែដដែលនេះ ស្ថានការណ៍នៅមុខក្រសួងមហាផ្ទៃ ហាក់មានភាពស្ងប់ស្ងាត់ទៅវិញ បន្ទាប់អាជិវករ២នាក់ តំណាងអាជីវករតវ៉ាទាំងអស់នៅពេលនេះ ត្រូវបានអនុញ្ញាតិអោយចូលជួបពិភាក្សារ ជាមួយសមត្ថកិច្ច ពាក់ព័ន្ធនឹងការចាប់ខ្លួ តំណាង២នាក់កាលពីព្រឹកមិញ ។ ប៉ុន្តែការជួបនៅមិនទាន់មានលទ្ធិផលយ៉ាងណានៅឡើយទេ ខណះអាជីវករមួយចំនួន បានវិលត្រឡប់ទៅលំនៅឋានវិញអស់ហើយ ៕


