MENU
សម្តេចតេជោ ហ៊ុន សែន" ចិន និងកម្ពុជានូវតែពង្រឹងបានយ៉ាងប្រសើរថែមទៀត សំរាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ"
ព័ត៌មានជាតិ | ថ្ងៃពុធ ទី១៧ ឧសភា ២០១៧, ១០:០៨ | ៨៥៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច តេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ឧសភា ឆ្នាំ២០១៧បានចាប់ផ្តើម បំពេញទស្សនកិច្ចជាផ្លូវការហើយ នៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីរិតចំណងមិត្តភាពទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី នៃប្រទេសទាំងពីរ កម្ពុជា ចិន ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។

យោងតាមមន្រ្តីរាជរដ្ឋាភិបាលបានអះអាងថា ពិសេសការបន្តចូលរួមអនុវត្តឲ្យកាន់មានប្រសិទ្ធភាពនិងស៊ីជំរៅទ្វេឡើងទៀត នូវការអនុវត្តក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលមេដឹកនាំនៃប្រទេសទាំងពីរ បានប្រកាស់ដាក់ចេញកាលពីពេលថ្មីៗកន្លងទៅ។

នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះសម្តេចតេជោនាយករដ្ឋមន្រ្តីនិងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដាក់កម្រងផ្កាវិមានវរះជន របស់ប្រជាជនចិន នៅមុខ ទីលានធានអាមេន ក្នុងទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានលំអោនកាយវាចាចិត្តដោយ សេចក្តីគោរព ជូនចំពោះវិញ្ញាណក្ខន្ធវិរះយុទ្ធជន យុទ្ធនារី និងកងទ័ពរំដោះប្រជាជនចិន ដែលបានធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុនៃការការពារទឹកដី និងការវាយប្រយុទ្ធការពារបូរណភាពទឹកដី ពីសត្រូវឈ្លានពាន រហូតក្លាយខ្លួនជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១០។

គួរបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី១៩ខែកក្កដាឆ្នាំ១៩៥៨។ កាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១០ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា ចិន ត្រូវបានតម្លើងទៅជាកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រហូតមកដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា ចិន បានចុះហត្ថលេខាលើផែនការសកម្មភាពស្តីពីការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា ចិន នៅទីក្រុងប៉េកាំង។ ឆ្នាំ២០១៣ជាខួប៥៥ឆ្នាំ នៃបង្កើតទំនាក់ទំនងការទូតកម្ពុជា ចិន ភាគីទាំងពីរបាន កំណត់ជា ឆ្នាំមិត្តភាពកម្ពុជា ចិន។

បន្ទាប់មកសម្តេច តេជោ ហ៊ុន សែន និងប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយឯកឧត្តម យូ ជឹងស៊ឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន។

ក្នុងជំនួបដែលធ្វើឡើងនៅមហាវិមានប្រជាជនចិន ឯកឧត្តម យូ ជឹងស៊ឹង បានអរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេល វេលាដ៏មានតម្លៃ និងមមាញឹកបំផុត អញ្ជើញមកចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង ប្រទេសចិន។

ឯកឧត្តមបានលើកឡើងថា បើទោះបីជាសម្តេចមានការមមាញឹកយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជាក៏ពិតមែនប៉ុន្តែសម្តេចបានអញ្ជើញមកកាន់ប្រទេសចិននៅពេលនេះដើម្បីគាំទ្រដល់វេទិកាខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិផ្ទាល់តែម្តង។

ឯកឧត្តមមានប្រសាសន៍ថា កាលពី១០ឆ្នាំក្នុងដំណើរទស្សនកិច្ចរបស់ឯ.ឧមកកាន់កម្ពុជា ឯកឧត្តម បាន អញ្ជើញទស្សនាបណ្តាប្រាសាទមួយចំនួន របស់កម្ពុជាដោយ ឯកឧត្តមបានចាត់ទុកថាជាមហាប្រាសាទដ៏មានវ័យចំណាស់ជាងគេ នៅលើ ពិភពលោក ហើយនៅពេលវិលត្រប់ទៅកាន់ប្រទេសចិនវិញ ឯកឧត្តមបានធ្វើការផ្សព្វផ្សាយដល់អ្នកទេសចរណ៍ចិន ឲ្យមកទស្សនាប្រទេសកម្ពុជាកាន់តែមានចំនួនច្រើនឡើង ហើយបើមានឱកាសឯកឧត្តមនឹងអញ្ជើញមកទស្សនកិច្ចប្រទេសកម្ពុជាជាថ្មីម្តងទៀត។

ឯកឧត្តមបន្តថា ប្រទេសចិននៅតែបន្តគាំទ្រដល់សម្តេចតេជោនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជាបើទោះបីជាប្រទេសចិនជួយដល់ប្រទេសកម្ពុជាលើគ្រប់វិស័យក៏ពិតមែនតែកម្ពុជាក៏បានជួយដល់ចិនលើគ្រប់សកម្មភាពផងដែរ ដែលនោះគឺបានបង្ហាញឲ្យឃើញេពីការជួយគ្នាទៅវិញទៅមកដោយមិនប្រកាន់ប្រទេសតូច ប្រទេសធំ មានក្រនោះទេ ។

ពោលគឺយើងនៅតែបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀត ពិសេសការផ្លាស់ប្តូរនូវដំណើរទស្សនកិច្ចពីគ្រប់កម្រិតទាំងអស់ ហើយក្នុងនោះតាមរយៈសម្តេចតេជោ ឯកឧត្តមសូមគោរពអញ្ជើញសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញទៅបំពេញទស្សនកិច្ចការនៅប្រទេសចិន ក្នុងពេលវេលាដ៏សមស្របណាមួយក្នុងពេលខាងមុខ។

ឯកឧត្តប្រធានក៏បានស្នើឲ្យមានការបន្តពិភាក្សាក្នុងកម្រិតទ្វេភាគី ពិសេសបន្តសហការគ្នាលើការតភ្ជាប់រវាង ប្រជាជននិងប្រជាជន និងការសម្របសម្រួលការសន្ទនាគ្នារវាងសភា និងសភា ដើម្បីឲ្យស្ថាប័នទាំងពីរកាន់តែមាន ការសហការគ្នាខ្លាំងឡើងថែមទៀត។ 

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចពិតជាមានការរីករាយដោយបានអញ្ជើញទៅកាន់ប្រទេសចិនជាថ្មីម្តងទៀត ពិសេសមានឱកាសជួបឯកឧត្តមផ្ទាល់ក្រោយពី១០ឆ្នាំមុន។

សម្តេចតេជោបន្តថា ចិនមានគោលនយោបាយដ៏ល្អជាមួយនិងកម្ពុជាបើទោះជារូបសម្តេចមានការមមាញឹកនៅក្នុងប្រទេសក៏ពិតមែនតែសម្តេចត្រូវតែអញ្ជើញទៅកាន់ប្រទេសចិន ដើម្បីអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរ ជាតិ និងបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំងប្រទេសចិន សំដៅធ្វើយ៉ាងដើម្បីពង្រឹងបន្ថែមចំពោះទំនាក់ទំនង នៃប្រទេសទាំងពីរ និងជាពិសេសដើម្បីការគាំទ្ររបស់ចិនចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសមិទ្ធផលសង្គម ក្នុងប្រទេសកម្ពុជា។ឲ៕

បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបានអញ្ជើញចូលជួប ពិភាក្សាការងារជាមួយ ឯកឧត្តម ចាង តេជាំង ប្រធានសភាតំណាងប្រជាជនចិន។នៅក្នុងជំនួបនេះ ឯកឧត្តម ចាង តេជាំង មានប្រសាសន៍ថា ឯកឧត្តមពិតជាមានការរីករាយដោយចានជួបសម្តេចជាថ្មីម្តងទៀត និងបានចាត់ទុកថា សម្តេចតេជោគឺជាមិត្តចាស់របស់ថ្នាក់ដឹកនាំ និងប្រជាជនចិន។

ឯកឧត្តមមានប្រសាសន៍បន្តថា ប្រទេសដែលនៅជិតខាងចិន គឺចិនតែងតែអនុវត្តនូវនយោបាយ របស់ឯកឧត្តម ស៊ី ជិនពីង ដែរថា មានភាពស្មោះត្រង់ មានការគោរពគ្នាទៅវិញទៅមក និងការសហការជួយគ្នាទៅ វិញទៅមក ដោយចាត់ទុកកម្ពុជាដូចបងប្អូនបង្កើតនិងគ្នា។  ចំពោះទំនាក់តំនងរវាងស្ថាប័ននិតិបញ្ញាត និងស្ថាប័ននិតិបញ្ញាតនៃប្រទេសទាំងពីរកម្ពុជា ចិន។ ឯកឧត្តមមានប្រសាសន៍ថា កន្លងមកយើងមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចពីគ្នាទៅវិញទៅមករួចហើយ តាមរយះនេះភាគីទាំងពីរគម្បីបន្តជំរុញ ឪ្យមានការផ្លាស់ប្តូរឲ្យកាន់តែញឹកញាប់ ថែមទៀត ដើម្បីឲ្យស្ថាប័នទាំងពីរមានភាពជិតស្និទ្ធថែមទៀត។   

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចទៅកាន់ប្រទេសចិននៅពេលនេះ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ដោយសាររូបសម្តេច អញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ស្របតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីចិន។

សម្តេចមានប្រសាសន៍ថា វត្តមានរបស់សម្តេចនិងបណ្តាមេដឹកនាំពិភពលោក ក្នុងវេទិកាសេដ្ឋកិច្ច និងផ្លូវគឺពិតជា ផ្តល់នូវការគាំទ្រដល់នយោបាយរបស់ចិន រឺឯដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទីក្រុងប៉េកាំង គឺដើម្បីពង្រឹងនិង ពង្រីកចំណងមិត្តភាព សាមគ្គីភាព របស់ប្រទេសទាំងពីរឲ្យកាន់តែឈានឡើងដល់ចំណុចកំពូលថ្មីមួយទៀតនិងជាសារដ៏សំខាន់ពីភាពជោគជ័យដល់ប្រទេសនិងប្រជាជនកម្ពុជាដែលចិនតែងតែគាំទ្រដល់រូបសម្តេចនិងរាជរដ្ឋាភិបាល កម្ពុជា។ 

ក្នុងជំនួបពិភាក្សាគ្នានោះដែរមេដឹកនាំទាំងពីរក៏បានឯកភាពគ្នាក្នុងការជំរុញឲ្យមានការប្រារព្វរៀបចំខួប ៦០ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ នៅឆ្នាំ២០១៨ខាងមុខឲ្យមានភាពអធឹកអធមថែមទៀតពិសេសបានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឲ្យកានតែរឹងមាំថែមទៀត។

បន្ទាប់មកសម្តេចតេជោបានទទួលបដិសណ្ឋារកិច្ចផ្លូវការ នៅមហាវិមានប្រជាជនចិន កណ្តាលទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ពីនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន លី ខឺឈាង ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជាច្រើនរូប។នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសមភាគីនាយករដ្ឋមន្រ្តីចិន បានអញ្ជើញគោរពទង់ជាតិនៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋ ប្រជាមានិតចិន។

សូមបញ្ជាក់ដែរថា សម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន ចំនួន៤លើករួចមកហើយក្នុងនោះលើកទី១ពីថ្ងៃទី៩ដល់ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ១៩៩៩ លើកទី២ ពីថ្ងៃទី២៤ដល់ថ្ងៃទី២៥ ខែមេសាឆ្នាំ២០០៤ លើកទី៣ ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ ខែធ្នូឆ្នាំ២០១០។

លើកទី៤ ពីថ្ងៃទី៦ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញចូលរួមវេទិកា និងកិច្ចប្រជុំអន្តរជាតិចំនួន៤លើកផងដែរ ក្នុងនោះលើកទី១ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៤ នៃសន្និសីទ ស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ថ្ងៃទី២០-២១ ខែឧសភាឆ្នាំ២០១៤។

លើកទី២អញ្ជើញចូលរួមវេទិកាស្តីពីកិច្ចសន្ទនា ដើម្បីពង្រឹងភាពជាដៃគូការតភ្ជាប់និងកិច្ចប្រជុំកំពូលរបស់ប្រធានក្រុមហ៊ុន នៃ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីក (APEC CEO Summit) នៅទីក្រុងប៉េកាំង ពីថ្ងៃទី៧ដល់ថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៤ និងលើកទី៣ អញ្ជើញចូលរួមវេទិកាទេសចរណ៍ពិភពលោកម៉ាកាវ ឆ្នាំ២០១៥ នៅម៉ាកាវនិងសន្និសីទពិសេសស្តីពីគណបក្សនយោបាយអាស៊ី ស្តីពីផ្លូវសូត្រ នៅប៉េកាំង ពីថ្ងៃទី១១ដល់ថ្ងៃទី១៧ ខែតុលាឆ្នាំ២០១៥ និងលើកទី៤ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ ឡានឆាង លើកទី១ នៅទីក្រុងសានយ៉ា និងវេទិកាប៊ូអាវសម្រាប់ អាស៊ី ប្រចាំឆ្នាំ២០១៦ នៅទីក្រុងប៊ូអាវ ខេត្តហៃណាន ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមក ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ សម្តេចតេជោនាយករដ្ឋមន្រ្តី កម្ពុជា និងឯកឧត្តមនាយករដ្ឋមន្រ្តីចិន បានអញ្ជើញចូលរួមក្នុងជំនួបពិភាក្សាទ្វេភាគី ។នៅក្នុងជំនួបសន្ទនា ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីចិន មានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច តេជោនៅពេលនេះ គឺជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ចំពោះការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា ចិន។

នៅក្នុងកិច្ចពិភាក្សាទ្វេភាគីនេះ មេដឹកនាំនៃប្រទេសទាំងពីរម្ពុជា ចិន បានឯកភាពគ្នាថា មិត្តភាពជាប្រពៃណីចិន កម្ពុជា គឺជាសម្បត្តិដ៏មានតម្លៃ នៃប្រជាជនទាំងពីរ ហើយចាំបាច់ត្រូវពង្រឹងនិងលើកកម្ពស់បន្ថែមទៀត។ នៅក្នុងសករាជថ្មីនៃប្រវត្តិសាស្រ្តភាគីទាំងពីរ ត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ទៅជាកម្រិតថ្មីមួយទៀត និងកាន់តែស៊ីជំរៅដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ និងចូលរួមចំណែកកាន់តែខ្លាំងឡើង ដល់ការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់។

ជាមួយគ្នានេះភាគីទាំងពីរបានឯកភាពរក្សាការប្រាស្រ័យ ទាក់ទងកម្រិតខ្ពស់តាមរយះមធ្យោបាយនានា និងរកការទាក់ទងជាយុទ្ធសាស្រ្តឲ្យបានទាន់ពេលវេលា ចំពោះទំនាក់ ទំនងទ្វេភាគី និងបញ្ហាសំខាន់ៗ។

ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរទស្សនកិច្ចរវាងរដ្ឋាភិបាល សភា គណបក្ស និងអាជ្ញាធរមូលដ្ឋាន ធ្វើការប្រាស្រ័យទាក់ទងពាក់ព័ន្ធនឹងបទពិសោធន៍អភិបាលកិច្ចឲ្យកាន់តែស៊ីជំរៅ ព្រមទាំងប្រើប្រាស់ឲ្យបានល្អនូវ គណះកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល រវាងចិន កម្ពុជា ព្រមទាំងសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យទាំងអស់។ ភាគីទាំងពីរបានឯកភាពគ្នាបន្តបង្កើនការផ្លាស់ ប្តូរ និងកិច្ចសហប្រតិបត្តិការលើកិច្ចការការបរទេស ការពារពារជាតិ ព្រមទាំងការអនុវត្តច្បាប់និងសន្តិសុខ។

ភាគីទាំង ពីរបានឯកភាពគ្នាអនុវត្តកិច្ចព្រមព្រៀង ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលថ្មី រវាងក្រសួងការបរទេសទាំងពីរ និងពង្រីកការប្រាស្រ័យទាក់ទង និងការសម្របសម្រួលគ្រប់កម្រិត។ ជាមួយគ្នានេះភកីទាំងពីរនឹងបន្តអនុវត្តយន្តការអនុវត្តច្បាប់ ដោយផ្តោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ដូចជាការរក្សាសន្តិសុខក្នុងប្រទេស ការប្រឆាំងភេរវកម្ម ការប្រយុទ្ធប្រឆាំងការរត់ពន្ធ ការជួញដូរមនុស្ស បទល្មើសទារប្រាក់តាមប្រព័ន្ធទូរគមនាគមន៍ និងឧក្រិដ្ឋកម្មតាមអីនធើរណែត រួមទាំងការប្រមាញ់ឧក្រិដ្ឋកម្មឆ្លងដែន។

ទន្ទឹមនឹងនេះភាគីទាំងពីរបាន វាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឯកភាពពន្លឿនការ រួមបញ្ចូលយុទ្ធសាស្រ្តអភិវឌ្ឍន៍ អនុវត្តឲ្យបានពេញលេញនូវចំណុចគោល នៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សទី២១ ដែលបានចុះហត្ថលេខាក្នុងអំឡុងទស្សនកិច្ចនេះ និងអនុវត្តគម្រោងអាទិភាពនៃកិច្ចសហប្រតិបត្តិការសមត្ថភាព ផលិត និងវិនិយោគ។

ភាគីទាំងពីរនឹងបង្កើនវិសាលភាព និងកម្រិតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទ្វេភាគី ដើម្បីឈានទៅសម្រេចបានទំហំពាណិជ្ជកម្មចំនួន ៦កោដ ដុល្លាអាមេរិកនៅឆ្នាំ២០២០។ តាមរយះនេះភាគីចិនបានត្រៀមរួចជាស្រេចក្នុងការបន្តផ្តល់ជំនួយតាមសមត្ថភាពរបស់ខ្លួនដល់កម្ពុជា ដើម្បីអភិវឌ្ឍន៏សេដ្ឋកិច្ចនិង លើកកម្ពស់ជីវភាពប្រជាជនកម្ពុជា និងគាំទ្រដល់សហគ្រាសចិនដើម្បីជំរុញគម្រោងមួយចំនួន ដូចជាគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ និងព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប ព្រមទាំងសាងសង់តំបន់សេដ្ឋ កិច្ចពិសេសក្រុងព្រះសីហនុរួមគ្នា។

ក្នុងកិច្ចពិភាក្សាគ្នានោះ ភាគីចិនបានបញ្ជាក់សាជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារអធិបតេយ្យភាព ឯករាជ្យភាព និងរក្សាស្ថេរភាព នយោបាយរបស់ខ្លួន។ ជាមួយគ្នានេះភាគីកម្ពុជាបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលនយោបាយចិនតែមួយទទួលស្គាល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់របស់ចិនតែមួយគត់ ។ តៃវ៉ាន់ជាផ្នែកមួយរបស់ចិន ដែលមិនអាចកាត់ផ្តាច់ពីចិនបាន ប្រឆាំងចំពោះការប្រកាសឯ្រាជ្យរបស់តៃវ៉ាន់ គ្រប់ ទម្រង់ ព្រមទាំងបន្តការគាំទ្រការអភិវឌ្ឍដោយសន្តិភាព នៃទំនាក់តំនងចិន និងតៃវ៉ាន់ និងបុព្វហេតុឧត្តុង្គឧត្តម ក្នុងការបង្រួបបង្រួមចិនដោយសន្តិវិធី។ ភាគីទាំងបីរបានចាត់ទុកបញ្ហាសមុទ្រចិនខាងត្បូង មិនមែនជាបញ្ហារវាងចិននិង អាស៊ាន។

បញ្ហានោះគួរត្រូវបានដោះស្រាយតាមរយះការពិគ្រោះយោបល់ជាលក្ខណះមិត្តភាព និងការចរចារដោយ សន្តិវិធី ដោយរដ្ឋអធិបតេយ្យភាពពាក់ព័ន្ធផ្ទាល់។ ជាមួយគ្នានេះមេដឹកនាំនៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើបញ្ហាអន្តរជាតិ និងតំបន់ដែលជាការយកចិត្តទុកដាក់រួម និងបន្តលើកកម្ពស់ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការចិន អាស៊ាន និងកិច្ចសហប្រតិបត្តិការឡានឆាង មេគង្គ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំទ្វេភាគីរួចមក ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា ចិនបានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារ អនុស្សារណះនិងកិច្ចព្រមព្រៀងសំខាន់ៗចំនួនក្នុងនោះរួមមានពិធីសារស្តីពីបង្កើតស្ថានីយ៍សង្កេតកិច្ចការបរិស្ថានសមុទ្ររួម។

ឯកសារស្តីពីចំណុចគោលនៃផែនការកិច្ចសហប្រតិបត្តិការទ្វេ ភាគី ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រ សតវត្សទី២១ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១ពាន់២០០លានយ័ន សម្រាប់ឆ្នាំ២០១៧ ។

កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លា សម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ជំហានទី២នៅភាគខាងកើតប្រទេសកម្ពុជា។ អនុស្សារណះនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើការកសាងសមត្ថភាពពាក់ព័ន្ធវិស័យដឹកជញ្ជូន។ អនុស្សារណះនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផែនការសកម្មភាពដើម្បីអនុវត្តអនុស្សារណះ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍៕                                                                           

Tags:
  • ហ៊ុន សែន
  • ចិន
  • ប្រតិបត្តិការ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥