MENU
ក្រុមសហជីពកម្មករ បានប្រារព្ធទិវាពលកម្មអន្តរជាតិជាតិ១ឧសភា ដង្ហែញត្តិទីកាន់វិមានដ្ឋសភា
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី០១ ឧសភា ២០១៧, ១៧:០៨ | ៧៤៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ក្រុមសហជីពនិងកម្មករមកពីវិស័យមួយចំនួនដែលប្រារព្ធទិវាពលកម្មអន្តរជាតិ១ ឧសភា នេះបានបំបែកជួរគ្នាហើយបន្ទាប់ពីតំណាងរាស្ត្របក្សកាន់អំណាចអ្នកស្រី ឡោក ខេង ចេញមកទទួលញត្តិរបស់ពួកគេនៅក្រៅរបងសភា។

នៅព្រឹកថ្ងៃទី១ ឧសភា ក្រុមសហជីពមកពីវិស័យកាត់ដេរ សំណង់ ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ដឹកជញ្ជូន និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងកម្មករប្រមាណ១ពាន់នាក់បានជួបជុំគ្នានៅមុខរដ្ឋសភាដើម្បីថ្លែងសារអំពីទុក្ខលំបាករបស់ពួកគេ។ ប៉ុន្តែពួកគេត្រូវសមត្ថកិច្ចរារាំងមិនឲ្យជួបជុំគ្នាមុខនៅរដ្ឋសភា។

ដោយសារសមត្ថកិច្ចរារាំងក្រុមសហជីពនិងកម្មករក៏នាំគ្នាទៅជួបជុំនៅមុខស្ថានទូតរុស្ស៊ីតែក្រោយមកសមត្ថកិច្ចអនុញ្ញាតឲ្យមកជួបជុំនៅក្បែររដ្ឋសភាវិញ។ ប៉ុន្តែយ៉ាងណាក៏ដោយមិនមានការប៉ះទង្គិចគ្នាទេបើទោះបីជាអាជ្ញាធរត្រៀមកងកម្លាំងប្រឈមមុខនឹងក្រុមសហជីពនិងកម្មករដែលជួបជុំគ្នាកាន់បដា ស្រែកតាមប្រព័ន្ធឧគ្ឃោសនស័ព្ទជាដើមក្ដី។

ក្នុងថ្ងៃទី១ ខែឧសភា ២០១៧គេបានឃើញកម្លាំងសមត្ថកិច្ចរាប់រយនាក់ត្រៀមកងកម្លាំងប្រឈមនឹងក្រុមសហជីពនិងកម្មករនៅជិតស្ថានទូតរស្ស៊ី នៅពេលក្រុមសហជីពនិងកម្មករប្រារព្ធទិវាពលកម្មអន្តរជាតិ១ ឧសភា ឆ្នាំ២០១៧។

គម្រោងហែក្បួនលើកបដាតាមដងវិថីមាត់ទន្លេរបស់ក្រុមសហជីព និងកម្មករត្រូវបរាជ័យបន្ទាប់អាជ្ញាធររាជធានីភ្នំពេញព្រមានឲ្យសហជីពនិងកម្មករទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងករណីធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈដែលកើតចេញពីការជួបជុំគ្នាឬហែក្បួនតាមដងផ្លូវ។ អាជ្ញាធររាជធានីភ្នំពេញអនុញ្ញាតឲ្យរៀបចំទិវានេះនៅនឹងទីស្នាក់ការរបស់ខ្លួនឬទីតាំងឯកជន ដោយមិនអនុញ្ញាតឲ្យហែក្បួនឡើយ។

ឯកឧត្ដមបណ្ឌិត អ៊ិត  សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងនៅលក្រសួងការងារនៅព្រឹកថ្ងៃទី១ខែឧសភាក្នុងពិធីអបអរសាទរខួបលើកទី១៣១ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០១៧ទីស្តីការក្រសួង ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ ថាជាបឋម តាងនាមថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ខ្ញុំមានកិត្ដិយសសូមសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចូលរួមក្នុងអង្គមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣១ នៃទិវាពលកម្មអន្ដរជាតិ១ឧសភា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ដើម្បីសន្តិភាព ការងារ មុខរបរ និងអភិវឌ្ឍន៍» ដ៏មហោឡារិកនាឱកាសនេះ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថាព្រឹត្តិការណ៍ទិវាពលកម្មអន្ដរជាតិ១ឧសភា ត្រូវបានប្រារឰជារៀងរាល់ឆ្នាំ។ ឆ្នាំនេះរាជរដ្ឋាភិបាលក៏បានចេញសារាចរណែនាំនិងសារលិខិតដើម្បីបំផុសលើកទឹកចិត្តកម្មករនិយោជិតនិងជនរួមជាតិ។ ប៉ុន្មានថ្ងៃនេះ មានរោងចក្រ សហគ្រាសជាច្រើនបានរៀបចំកម្មវិធីសំណេះសំណាលជាមួយកម្មករនិយោជិតកម្មវិធីកំសាន្ដសប្បាយ ពិធីជប់លៀង រាំកំសាន្ដ រៀបចំដំណើរទេសចរណ៍ និងរៀបចំឱ្យកម្មករកម្មការិនីសម្រាកលំហែ។ ដែលនាំមកនូវបរិយាកាសសាមគ្គីភាព ភាតរភាពក្នុងសង្គម។

 ឯកឧត្តមអះអាងថា ដោយឡែកពិធីមីទ្ទិញរំលឹកខួបលើកទី១៣១ ទិវាពលកម្មផ្លូវការពេលព្រឹកនេះមានការចូលរួមពីគ្រប់ដៃគូពាក់ព័ន្ធ ដើម្បីពិនិត្យដោះស្រាយសំណូមពរនិងកង្វល់ផ្សេងៗរបស់អង្គការសហជីព និងបងប្អូនកម្មករនិយោជិត ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសជាតិ។ នេះជាវេទិកាបើកចំហមួយដែលគ្រប់ភាគីពាក់ព័ន្ធអាចចូលរួមនិងលើកជាសំណូមពរនិងកង្វល់របស់ខ្លួនដោយមិនចាំបាច់ដើរហែរក្បួន ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់   សាធារណៈ និងបង្កើតជាការប្រឈមនានាមិនចាំបាច់។

 ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា”ខ្ញុំសូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមក្នុងវេទិកានេះប្រកបដោយស្មារតីស្ថាបនា និងសូមអរគុណដល់ក្រុមការងារដែលបានខិតខំរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣១ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០១៧ ដ៏ឱឡារិកនេះ។ 

ឯកឧត្តមរដ្ឋមន្រ្តីបន្តថានៅពេលរសៀលនេះ យើងក៏បានរៀបចំកម្មវិធីវប្បធម៌ ការប្រឡងជ្រើសរើសសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៧ (លើកទី៣)  ដោយសហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន អង្គការវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធនានាក្នុងគោលបំណងបង្កើតឱកាសសប្បាយរីករាយ និងលើកកម្ពស់តម្លៃការងាររបស់បងប្អូនកម្មករ-កម្មការិនី ដែលកំពុងបម្រើការនៅក្នុង  វិស័យឧស្សាហកម្ម ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង និងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត។

ឯកឧត្ដមរដ្ឋមន្រ្តីថ្លែងថាការប្រារព្ធមីទ្ទិញថ្នាក់ជាតិថ្ងៃទី ១ ឧសភា ឆ្នាំ២០១៧ នាពេលនេះ គឺស្របពេលដែលសភាពការណ៍របស់ប្រទេសជាតិកំពុងមានការវិវឌ្ឍល្អប្រសើរ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បន្តរក្សាបានសន្តិភាព ស្ថិរភាពនយោបាយនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងប្រក្រតីភាពនៃជីវភាព និងបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយជោគជ័យ។

ឯកឧត្តមរដ្ឋមន្រ្តីបន្ថថា ការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព កំពុងបាននាំមកនូវវឌ្ឍនភាពកាន់តែប្រសើរជូនជាតិ និងប្រជាជន។ រាជរដ្ឋាភិបាល បានដាក់ចេញនូវ «គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥» ដែលមានចក្ខុវិស័យ លើកកម្ពស់ជីវភាព ភាពថ្លៃថ្នូររបស់ពលរដ្ឋគ្រប់រូប ប្រកបដោយសមធម៌។ គោលនយោបាយនេះ ក៏ត្រូវបានរៀបចំឡើងឱ្យមានភាព ស៊ីចង្វាក់គ្នាទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម កម្ពុជា ឆ្នាំ២០១៥-២០២៥ ផងដែរ ដោយផ្តោតជាសំខាន់លើសសរស្តម្ភបីគឺ (ទី១)ការបង្កើនឱកាសការងារសមរម្យនិងមានផលិតភាពការងារខ្ពស់ (ទី២)ការជំរុញការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និង(ទី៣)ការពង្រឹងអភិបាលកិច្ចទីផ្សារការងារ។ 

ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាអាទិភាព ចំនួន០៥ សម្រាប់ឆ្នាំ២០១៤-២០១៨ រួមមាន៖ ទី១-ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ទី២-ការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទី៣-ការអភិវឌ្ឍមុខរបរ និងការងារ ទី៤-ការអភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ និងទី៥-ការពង្រឹងសេវាសាធារណៈល្អ ដោយអនុវត្តទទួលបានសមិទ្ធផលថ្មីៗជាច្រើន។

ឯកឧត្តមបន្តថា៖បានចុះបញ្ជីសហគ្រាស គ្រឹះស្ថានស្របតាមបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការងារសរុបមានចំនួន ១១ ១៦៨ គ្រឹះស្ថាន និងមានកម្មករនិយោជិតចំនួនជាង ១,២លាននាក់(ស្រីជាង៨៣ម៉ឺននាក់) ក្នុងនោះរោងចក្រវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួន ១ ១០៧ គ្រឹះស្ថាន និងមានកម្មករនិយោជិតចំនួនជាង៧៤ម៉ឺននាក់ (ស្រីជាង៦៤ម៉ឺននាក់) ។

ឯកឧត្តមបញ្ជាក់ថា៖ដោយអោយកម្មករកម្មការិនីទទួលបានទទួលប្រាក់ឈ្នួលជាមធ្យមប្រមាណជិត២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ព្រមទាំងបានបង្កើតមុខរបរប្រយោលបន្ថែមដូចជាជួលផ្ទះ លក់ដូរម្ហូបអាហារ ដឹកជញ្ជូនដល់ប្រជាជនប្រមាណ២លាននាក់។ តម្លៃសរុបនៃការនាំចេញផលិតផលផ្នែកកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង បានកើនខ្ពស់ជារៀងរាល់ឆ្នាំ ដោយឡែកឆ្នាំ២០១៦ មានចំនួនប្រមាណជាង៧,៣ពាន់លានដុល្លារអាមេរិក។

ឯកឧត្តមបញ្ជាក់ថាក្រៅពីការងារក្នុងស្រុកនៅឆ្នាំ២០១៦ កន្លងទៅនេះ មានពលករកម្ពុជាចំនួនប្រមាណជាង១,១៥លាននាក់ ដែលកំពុងបម្រើ ការងារនៅបរទេស ហើយបាននាំប្រាក់ចំណូលមកក្នុងប្រទេសប្រមាណជាង១,៧ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំ ព្រមទាំងទទួលបាននូវមុខជំនាញវិជ្ជាជីវៈពេលត្រលប់មកវិញ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមបញ្ជាក់ថាពលករទៅធ្វើការនៅក្រៅប្រទេសទទួលបានភាពអនុគ្រោះ ដោយមិនបាច់បង់ថ្លៃលើលិខិតធ្វើដំណើរ ទទួលបាននូវការគាំពារតាមផ្លូវច្បាប់ និងអន្តរាគមន៍  សង្គ្រោះនៅពេលមានហានិភ័យជាយថាហេតុ និងការយកចិត្តទុកដាក់ តាមរយៈការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ការរៀបចំពិធីផ្សេងៗ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល។

ឯកឧត្តមបញ្ជាក់ថារាជរដ្ឋាភិបាល បានចាត់ទុកការអនុវត្ដសិទ្ធិកម្មករនិយោជិត និងសិទ្ធិសហជីព គឺជាការអនុវត្តសិទ្ធិមនុស្សនៅ កម្ពុជា។ កម្ពុជាបាន និងកំពុងអនុវត្តអនុសញ្ញាអង្គការអន្ដរជាតិខាងការងារចំនួន១៣ ក្នុងនោះមានអនុសញ្ញាស្នូលសំខាន់ចំនួន៨ បានផ្តល់សច្ចាប័ន ដែលខ្លឹមសារត្រូវបានបញ្ចូលក្នុងច្បាប់ស្ដីពីការងារ ច្បាប់ស្តីពីសហជីព និងលិខិតបទដ្ឋានគតិយុត្តជាច្រើន។ គិតត្រឹមដើមឆ្នាំ២០១៧ កម្ពុជាមានអង្គការវិជ្ជាជីវៈសរុបចំនួន    ៣ ៦៣១ ក្នុងនោះមានសហភាពសហជីពចំនួន១៧ សហព័ន្ធសហជីពចំនួន១០៩ សមាគមនិយោជកចំនួន០៨ និងសហជីពមូលដ្ឋានចំនួន ៣ ៤៩៧។

ឯកឧត្តមបញ្ជាក់ថាបច្ចុប្បន្ននេះ លក្ខខណ្ឌការងារ សិទ្ធិកម្មករនិយោជិត សេរីភាពសហជីព និងអង្គការវិជ្ជាជីវៈ មានស្ថានភាពល្អប្រសើរជាងពេលណាៗទាំងអស់នៅក្នុងប្រវត្តិសាស្រ្ត  ហើយដែលប្រការនេះបានក្លាយជាប្រៀបខ្លាំងរបស់កម្ពុជាយើង ក្នុងការប្រកួតប្រជែងលើទីផ្សារនាំចេញផលិតផល នៃវិស័យ   វាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង។ នយោបាយនេះ គឺពិតជាបានរួមចំណែកក្នុងការធានានិរន្តរភាព និងការអភិវឌ្ឍឧស្សាហកម្មកាត់ដេរ ដែលរួមចំណែកយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តមបញ្ជាក់ថារាជរដ្ឋាភិបាល បានយកចិត្ដទុកដាក់ដល់ការកែលម្អជីវភាពរស់នៅ និងលក្ខខណ្ឌការងាររបស់កម្មករនិយោជិត។  ប្រាក់ឈ្នួលអប្បបរមា ត្រូវបានដំឡើងជាបន្ដបន្ទាប់ចំនួន១៣លើក។ ជាក់ស្តែងឆ្នាំ២០១៧ នេះ ប្រាក់ឈ្នួលអប្បបរមាបានដំឡើងពីចំនួន១៤០ដុល្លារអាមេរិក ទៅ១៥៣ដុល្លារអាមេរិក (កើន៩,៣%)  ហើយបើគិតទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗ អាចទទួលបានប្រាក់ចំណូលពី១៧០ដុល្លារអាមេរិក ទៅ១៨១ដុល្លារអាមេរិកក្នុងមួយខែ។

ឯកឧត្តមបញ្ជាក់ថាដោយឡែកមន្រ្តីរាជការទទួលបានប្រាក់បៀវត្សអប្បបរមា ៨០ម៉ឺនរៀល។ ដើម្បីលើកកម្ពស់ជីវភាពមន្ត្រីរាជការ និងកម្មករនិយោជិត រាជរដ្ឋា-ភិបាលបានកែសម្រួលកម្រិតប្រាក់បៀវត្សជាប់ពន្ធចាប់ពី១លានរៀលឡើង ព្រមទាំងបានតបណ្តាញអគ្គិសនី និងទឹកតាមផ្ទះជួល សម្រាប់កម្មករនិយោជិតនិងសិស្ស-និស្សិត បានជិត ៣០ម៉ឺនបន្ទប់ និងបានអនុម័តច្បាប់ស្តីពីភតិសន្យាពិសេសសម្រាប់វិស័យសង្គមកិច្ច ដើម្បីគ្រប់គ្រងលើការជួលផ្ទះ ចៀសវាងការដំឡើងថ្លៃជួលផ្ទះ ព្រមទាំងលើកលែងការបង់ពន្ធលើប្រាក់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត។ 

ឯកឧត្តមបញ្ជាក់ថារាជរដ្ឋាភិបាល បានប្រកាសនៅក្នុងគោលនយោបាយគឺ   ដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ឱ្យកើនដល់១៦០ដុល្លារអាមេរិកយ៉ាងតិច និងប្រាក់បៀវត្សមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធរហូតដល់១លានរៀលយ៉ាងតិចនាឆ្នាំ២០១៨។

រាឯកឧត្តមបញ្ជាក់ថាជរដ្ឋាភិបាល បានយកចិត្ដទុកដាក់ជំរុញការអនុវត្តច្បាប់ស្តីពីរបបសន្ដិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្ដិនៃច្បាប់ស្ដីពីការងារ។ បេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រមូលសមាជិកជាសហគ្រាស គ្រឹះស្ថាន បានចំនួន ៨ ៧៣១សហគ្រាស គ្រឹះស្ថាន ដែលមានកម្មករនិយោជិតចំនួនជាង ១,១៤លាននាក់ នៅទូទាំងប្រទេស។

ឯកឧត្តមបញ្ជាក់ថា៖បានអនុវត្តរបបគ្រោះថ្នាក់ការងារ ចាប់ពីឆ្នាំ២០០៨ ដល់ខែកុម្ភៈ ឆ្នាំ២០១៧  ប.ស.សមានប្រាក់ចំណូលសរុបជាង ៤៤១ពាន់លានរៀល ចំណាយអស់ចំនួន ១៤១ពាន់លានរៀល និងតម្កល់ទុកក្នុងគណនីកំណត់ចំនួន  ២៩៣ពាន់លានរៀល និងក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០១៧ នេះ ចំណាយតាវកាលិកសរុបប្រមាណជាង ៤ពាន់លានរៀល ដើម្បីជួយសង្រ្គោះ ដល់កម្មករនិយោជិតដែលមានគ្រោះថ្នាក់ការងារ   ដួលសន្លប់ គ្រោះថ្នាក់ពេលធ្វើដំណើរទៅធ្វើការ។ល។ បានផ្តល់តាវកាលិក (ការជួយសង្រ្គោះ ការព្យាបាល និងអត្ថប្រយោជន៍ផ្សេងៗ)   ហានិភ័យការងារបានចំនួនជាង ៣,៤ម៉ឺននាក់ ក្នុងឆ្នាំ២០១៦។

ឯកឧត្តមបញ្ជាក់ថាបានអនុវត្តរបបថែទាំសុខភាពចាប់ពីខែមិថុនា ឆ្នាំ២០១៦ ដោយបានពង្រីកដល់សហគ្រាស គ្រឹះស្ថាន ចំនួន ៦០៣ ដែលមានកម្មករ និយោជិតចំនួនជាង៦០ម៉ឺននាក់ និងបន្តពង្រីកនៅទូទាំងប្រទេស ហើយបានសិក្សាស្រាវជ្រាវរៀបចំដាក់ឱ្យដំណើរការនូវប្រាក់សោធន និវត្តន៍នៅឆ្នាំ២០១៧។រាជរដ្ឋាភិបាល កំពុងអនុវត្តរបបសន្ដិសុខសង្គមសម្រាប់ មន្ដ្រីរាជការស៊ីវិល តាមរយៈបេឡាជាតិរបបសន្ដិសុខសង្គមសម្រាប់ មន្ដ្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ តាមរយៈបេឡាជាតិ៕                                                               

Tags:
  • សហជីព
  • កម្មករ
  • ទិវាពលកម្ម
  • ញត្តិ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥