MENU
សហគមន៍កសិករនិង ក្រុមហ៊ុននាំចេញអង្ករស្នើរដ្ឋាភិបាល ពង្រឹងច្បាប់ទប់ស្កាត់ការនាំចូល ពីវៀតណាម
សេដ្ឋកិច្ច | ថ្ងៃព្រហស្បតិ៍ ទី១៣ តុលា ២០១៦, ០៧:០១ | ៦៣៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖      យោងតាមសេចក្តីរាយការណ៍បានលើកឡើងថាក្រុមហ៊ុននាំចេញអង្ករ និងសហគមន៍កសិករស្នើឲ្យរដ្ឋាភិបាលអនុវត្តច្បាប់ឲ្យតឹងរ៉ឹងដោយត្រួតពិនិត្យអង្ករនាំចូលពីប្រទេសវៀតណាមព្រមទាំងបញ្ជាក់ពីគុណភាពប្រភពដើមអង្ករគ្រប់ប្រភេទមុននាំចេញដើម្បីប្រយុទ្ធប្រឆាំងរាល់ការបន្លំ និងប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់សុខភាពរួចនាំចេញទៅទីផ្សារអន្តរជាតិ។

សេចក្តីរាយការណ៍ដែលបានផ្សព្វផ្សាយដោយវិទ្យុបរទេសជាភាសាខ្មែរបានលើកឡើងថាការជំរុញនេះក្រោយពេលសហរដ្ឋអាមេរិកបានប្រកាសផ្អាកការនាំអង្ករចូលពីប្រទេសវៀតណាម ក្រោយពីរកឃើញថា អង្ករទាំងនោះមានជាតិគីមីប្រើច្រើនហួសកម្រិត និងខ្វះអនាម័យ។

ក្រុមហ៊ុននាំចេញអង្ករនិងកសិករលើកឡើងថាការមិនបញ្ជាក់ពីគុណភាពប្រភពដើមអង្ករមុននាំចេញនិងមិនបានត្រួតពិនិត្យអង្ករនាំចូលពីប្រទេសវៀតណាមឲ្យល្អិតល្អន់គឺជាមូលហេតុសំខាន់មួយដែលនាំឲ្យមានការបន្លំឬប្រើជាតិគីមីច្រើនហួសកម្រិតនិងខ្វះអនាម័យលាយជាមួយប្រភេទអង្កររួចនាំចេញទៅទីផ្សារអន្តរជាតិ។

ប្រភពដដែលបានអះអាងថាក្រុមហ៊ុននាំចេញអង្ករនិងកសិករបញ្ជាក់បារម្ភថា ប្រសិនបើអ្នកនាំចេញអង្ករទៅទីផ្សារអន្តរជាតិ យកអង្ករបន្លំឬលាយប្រើជាតិគីមីច្រើនហួសកម្រិត ព្រមទាំងនាំចូលអង្ករគីមីទាំងនោះមកកាន់កម្ពុជានោះវានឹងមិនត្រឹមតែបង្កឧបសគ្គសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេវាក៏រារាំងកម្ពុជា ក្នុងការជ្រៀតចូលទីផ្សារស្រូវអង្ករសហរដ្ឋអាមេរិកថែមទៀត។

ការលើកឡើងនេះស្របពេលសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះបានប្រកាសផ្អាកការនាំអង្ករចូលពីប្រទេសវៀតណាម ក្រោយបានរកឃើញថា អង្ករទាំងនោះមានជាតិគីមីចំនួន ៨ប្រភេទ ដែលប្រើច្រើនហួសកម្រិត និងខ្វះអនាម័យ។

លោក ស៊ឹម រ៉ុម តំណាងសហគមន៍កសិករ និងជាតំណាងកសិករឆ្នើមទូទាំងប្រទេសត្រូវបានដកស្រង់សំដីថាលោកយល់ថាក្រោយមានការប្រកាសរបស់សហរដ្ឋអាមេរិក ដែលរកឃើញថា អង្ករវៀតណាមមានជាតិគីមីដែលប្រើច្រើនហួសកម្រិត និងខ្វះអនាម័យ។ លោកបារម្ភថា អង្ករដែលមានជាតិគីមីទាំងនោះ អាចនឹងត្រូវបានឈ្មួញនាំចូលមកកម្ពុជាវិញ ដែលអាចនឹងប៉ះពាល់ដល់សុខភាពពលរដ្ឋកម្ពុជា។ ដូច្នេះរដ្ឋាភិបាល ពិសេសក្រសួងពាណិជ្ជកម្ម ត្រូវចាត់វិធានការ និងត្រួតពិនិត្យឲ្យច្បាស់ដើម្បីបញ្ចៀសបញ្ហានេះ។

ក្រុមហ៊ុននាំចេញអង្ករ កសិករ សង្គមស៊ីវិល និងអ្នកតាមដានស្ថានការណ៍សង្គមនៅតែលើកឡើងថា កម្ពុជា មិនគួរណាបណ្ដែតបណ្ដោយឲ្យអង្កររបស់ប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម នាំចូលមកលក់យ៉ាងគគ្រឹកគគ្រេងនោះឡើយ ដើម្បីលើកស្ទួយដល់ការផលិតអង្ករនៅក្នុងស្រុក

តំណាងក្រុមហ៊ុន អេមរុ រ៉ាយ (AMRU RICE) លោក សុង សារ៉ន ត្រូវបានដកស្រង់សំដីដែរថា លោកមិនច្បាស់ថាតើកន្លងមកពិតជាមានអង្ករជាតិគីមីនាំចូលពីវៀតណាម ឬយ៉ាងណានោះទេ។ ប៉ុន្តែលោកថា ដើម្បីចៀសវាងការស្ដីបន្ទោស ឬការព្រមានណាមួយពីទីផ្សារអន្តរជាតិ រដ្ឋាភិបាលគួរសហការជាមួយស្ថាប័នពាក់ព័ន្ធ ដូចជាស្ថាប័នកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ពិសេសក្រសួងឧស្សាហកម្ម បង្កើតមន្ទីរពិសោធន៍ដែលមានស្តង់ដារ ដើម្បីត្រួតពិនិត្យបញ្ជាក់ពីគុណភាពប្រភពដើមអង្ករគ្រប់ប្រភេទមុននាំចេញ ឬឲ្យអង្ករពីប្រទេសផ្សេងចរាចរណ៍នៅក្នុងទីផ្សារកម្ពុជា។

តំណាងក្រុមហ៊ុនដដែលឲ្យដឹងថា ការត្រួតពិនិត្យអង្ករនាំចូលពីក្រៅប្រទេសមកកម្ពុជា និងការត្រួតពិនិត្យបញ្ជាក់ពីគុណភាពប្រភពដើមអង្ករគ្រប់ប្រភេទមុននាំចេញ មានសារសំខាន់ណាស់ ព្រោះអាចឲ្យដឹងពីប្រភពអង្ករពិតប្រាកដថា សុទ្ធមិនសុទ្ធ គ្មាន ឬមានលាយជាតិគីមី ឬអត់? ជួយកសាងកេរ្តិ៍ឈ្មោះអង្ករកម្ពុជា ជួយរក្សាតម្លៃស្រូវកសិករឲ្យមានស្ថិរភាព ពិសេសរក្សាតំណែងអង្ករក្រអូបកម្ពុជាថែមទៀត «»។

កាលពីពេលថ្មីៗនេះសហរដ្ឋអាមេរិកបានប្រកាសផ្អាកការនាំអង្ករចូលពីប្រទេសវៀតណាមក្រោយពីអាជ្ញាធរទទួលបន្ទុកត្រួតពិនិត្យផ្នែកអាហារ និងថ្នាំពេទ្យរបស់អាមេរិក (FDA) បានរកឃើញថា អង្ករទាំងនោះមានជាតិគីមីចំនួន ៨ប្រភេទ ដែលប្រើច្រើនហួសកម្រិត និងខ្វះអនាម័យ។ សហរដ្ឋអាមេរិក បញ្ជាក់ថា ចាប់ពីឆ្នាំ២០១២ ដល់ខែសីហា ឆ្នាំ២០១៦ អង្ករចំនួន ១ម៉ឺនតោនត្រូវបាននាំចូលដោយក្រុមហ៊ុនអង្ករវៀតណាម ចំនួន ១៦ ត្រូវបានរកឃើញថា មានបញ្ហាអនាម័យ និងពុំមានសុវត្ថិភាពសម្រាប់បរិភោគ។

របាយការណ៍របស់អាជ្ញាធរទទួលបន្ទុកត្រួតពិនិត្យផ្នែកអាហារ និងថ្នាំពេទ្យរបស់អាមេរិក (FDA) ក៏បង្ហាញថា រយៈពេល ៤ខែដើមឆ្នាំ២០១៦ នេះ អង្ករចំនួន ១.៧០០តោនដែលបម្រុងនាំចូលទីផ្សារអាមេរិក រួមមានអង្ករក្រអូបម្លិះ អង្ករបីកំណាត់ និងអង្ករសំរូប ជាដើម ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសវៀតណាម វិញ។ បម្រាមរបស់អាមេរិកនេះ ធ្វើឲ្យប៉ះពាល់ខ្លាំងដល់វិស័យនាំអង្ករចេញរបស់វៀតណាម។ គួរបញ្ជាក់ដែរថា សារធាតុគីមីទាំង៨ប្រភេទនោះគឺជាថ្នាំសម្លាប់សត្វល្អិត ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងប្រទេសវៀតណាម។

គេមិនអាចសុំការឆ្លើយតបពីប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃលោក មៀច សុផាន់ណា  ពាក់ព័ន្ធនឹងក្តីកង្វល់របស់កសិករ និងក្រុមហ៊ុននាំចេញអង្ករជុំវិញបញ្ហានេះបានឡើយ នៅថ្ងៃទី១១ ខែតុលា។ក៍មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក កែន រដ្ឋា ដើម្បីដឹងពីចំនួនអង្ករវៀតណាម ចូលមកកម្ពុជា មានបានឡើយដែរ។

ឆ្លើយតបនឹងករណីនេះដែរប្រធានផ្នែកជំរុញនិងផ្សព្វផ្សាយផ្នែកទីផ្សារនាំចេញអង្ករនៃសហព័ន្ធស្រូវអង្ករកម្ពុជា លោក ពៅ បុណ្ណរិទ្ធិ ប្រាប់អាស៊ីសេរី ថា ដើម្បីដោះស្រាយក្ដីកង្វល់របស់ពលរដ្ឋកម្ពុជា សហព័ន្ធនឹងសហការជាមួយបណ្ដាក្រុមម៉ាស៊ីនកិនស្រូវ ដែលផលិតអង្ករប្រកបដោយគុណភាព គ្មានជាតិគីមីបង្កើតយុទ្ធនាការបិទតែមលើបាវអង្ករ ដែលមានយីហោ "អង្ករសុទ្ធ ១០០%”៖ «»។

ទាក់ទិននឹងករណីនេះដែរ ក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ ក៏ធ្លាប់បានចេញប្រកាសមួយស្ដីពីនីតិវិធីនៃការនាំចូលអង្ករពីបរទេស ដើម្បីរឹតបន្តឹងការនាំចូលអង្ករក្នុងប្រទេសកម្ពុជា បំណងរក្សាឲ្យបាននូវការធ្វើពាណិជ្ជកម្មដោយសមធម៌ និងស្របតាមវិធានប្រភពដើមទំនិញ។

ក្រុមហ៊ុននាំចេញអង្ករកសិករ សង្គមស៊ីវិល និងអ្នកតាមដានស្ថានការណ៍ សង្គមមួយចំនួនលើកឡើងថា វិធានការរបស់ក្រសួងពាណិជ្ជកម្មពាក់ព័ន្ធការរឹតបន្តឹងការនាំចូលអង្ករក្នុងប្រទេសកម្ពុជាមិនទាន់មានប្រសិទ្ធភាព។ ផ្ទុយទៅវិញ នៅតែឃើញមានអង្ករ និងផលិតផលកសិកម្មជាច្រើនតោន ចូលមកកាន់ទីផ្សារកម្ពុជា ដែលខ្វះការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនៅឡើយ៕

Tags:
  • សហគមន៍
  • កសិករ
  • រដ្ឋាភិបាល
  • ក្រុមហ៊ុន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥