រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ សាលាដំបូងខេត្តកណ្តាល បានបើកសវនាការជំនុំជម្រះ សំណុំក្តីរឿងពុករលួយរបស់លោកអាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ។ សវនាការនៅពេលនេះ ដឹកនាំដោយអនុប្រធានសាលាដំបូងខេត្តកណ្ដាល លោក ងួន វុទ្ធី និង លោកព្រះរាជអាជ្ញារង ឯក សុនរស្មី។
សូមបញ្ជាក់ថា លោកអាំង មាលតី ត្រូវបានតុលាការ ចោទប្រកាន់ពីបទ បំផ្លាញដោយចេតនា និង គៃបំបាត់ដោយទុច្ចរិត ពាក់ព័ន្ធការដោះលែងមេខ្លោងជួញដូរគ្រឿងញៀន ឈ្មោះ ថាវ ថាវី ជាថ្នូរនឹងរថយន្តម៉ាកអូឌីមួយគ្រឿងតម្លៃជិត ១០ម៉ឺនដុល្លារ។ តាមមាត្រ៦០១ នៃក្រមព្រហ្មទណ្ឌ ជនជាប់ចោទអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ ។
សូមបញ្ជាក់បន្ថែមថា ក្រោយកើតរឿងមិនប្រក្រតី ក្នុងការដោះលែង មេឃ្លោងគ្រឿងញៀនថាវ ថាវី រួចមក លោកអាំង មាលតី ត្រូវបានក្រសួងយុត្តិធម៌ កាលពីពាក់កណ្តាលខែកុម្ភះ ឆ្នាំ២០១៥ បានសម្រេច ដកចេញពីតំណែង ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយដាក់លោកតាំង ស៊ុនឡាយ ពីអតីតអនុប្រធាន មកកាន់ជាប្រធានជំនួសវិញ ។ គួររំលឹកថា លោក អាំង មាលតី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ។ ក្រោយការឃាត់ខ្លួនរូបលោកត្រូវបានបញ្ចូនមកកាន់តុលាការសាលាដំបូងខេត្តកណ្តាល នៅវេលារសៀលថ្ងៃទី ១៦ ខែឆ្នាំដដែល ដើម្បីធ្វើការ កាត់ទោសតាមច្បាប់ ៕