ភ្នំពេញ ៖ មុខសញ្ញាកាច់.ក ម៉ូតូយ៉ាងសកម្មចំនួន ៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ចាប់ឃាត់ខ្លួនបានកាលពីម៉ោង១២:១៥នាទីយប់រំលងអាធ្រាត ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីពួកគេទាំង៣នាក់ កាន់សោរអក្សរ តេ ប៉ុនប៉ងធ្វើសកម្មភាព នៅចំណុចចំណតឡានក្នុងផ្សារសុរិយាម៉ល ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។ជនសង្ស័យចំនួន៣នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនិងករណីប៉ុនប៉ងកាច់កម៉ូតូនោះ ១.ឈ្មោះ មិន រស្មី ហៅខ្មៅ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងធ្វើសោរ(ជាម្ចាស់សោកាច់ក) ទីលំនៅមិនពិតប្រាកដ ទី២.ឈ្មោះ ផាន់ សំណាង ហៅកុក ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ទី៣.ឈ្មោះ យុំាង កាញ់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ក្រៅពីនោះ សមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនរួមមាន- សោរសំរាប់កាច់កម៉ូតូចំនួន១ឈុត - សោរម៉ូតូចំនួន០២។
ប្រភពព័ត៌មាន ពីសន្តិសុខយាមឡាននិងម៉ូតូក្នុងផ្សារសុរិយាម៉ល អោយដឹងថា មានជនសង្ស័យ០៣នាក់ បានមកឈរហើយដើរឆ្វែលចុះឆ្វែលឡើងក្បែរកន្លែងផ្ញើរម៉ូតូ ដោយមានការសង្ស័យថាជនទាំងនោះជាមុខសញ្ញាមិនល្អក៏បានរាយការមកកំលាំងជំនាញដើម្បីមកត្រួតពិនិត្យ ក្រោយការឆែកឆេរក៏បានរកឃើញសោរសំរាប់កាច់កម៉ូតូនៅនិងឈ្មោះ មិន រស្មី ហើយក៏ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់យកមក មូលដ្ឋានអាវុធហត្ថខណ្ឌ ដើម្បីសាកសួរនាំ និងធ្វើការបញ្ជូនបន្តទៅកាន់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕