MENU
ក្រសួងការបរទេសកម្ពុជាប្រតិកម្មចំពោះសេចក្តីថ្លែងរបស់ស្ថានទូតអាមេរិកកាលពីថ្ងៃទី២០កុម្ភៈនេះ
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី២៤ កុម្ភៈ ២០១៧, ១១:១៧ | ៥៤២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការបរទេសនៅថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១៧ចេញសេចក្តីថ្លែងថាពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក ស្តីពីការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយរបស់កម្ពុជា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើសេចក្តីថ្លែងការណ៍ដូចតទៅ៖

១- រាជរដ្ឋាភិបាលកម្ពុជាមានការខកចិត្តយ៉ាងខ្លាំង ដោយបានឃើញប្រតិកម្មមិនសមហេតុផលរបស់សហរដ្ឋអាមេរិក ចំពោះការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដោយរដ្ឋសភានៃព្រះរាជា-ណាចក្រកម្ពុជា។

២-   កម្ពុជាធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ ដោយឈរលើគោលការណ៍នានាដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ចំពោះទិដ្ឋភាពច្បាប់ ច្បាប់ដែលបានធ្វើវិសោធនកម្មនេះអនុវត្តជាទូទៅដោយពុំមានការបែងចែកចំពោះគ្រប់គណបក្សនយោបាយទាំងអស់ ហើយវាមាននូវរាល់តំរូវការចាំបាច់ជាមូលដ្ឋានដែលប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យត្រូវគោរពតាម។

៣-  ច្បាប់ដែលបានធ្វើវិសោធនកម្មនេះ មិនមានការគំរាមកំហែងណាមួយដល់គ្រឹះនៃប្រព័ន្ធពហុបក្ស ដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញឡើយ។ ក៏ដូចជានៅតាមបណ្តាប្រទេសប្រកាន់លទ្ធិប្រជាធិប-តេយ្យនានាដែរ ច្បាប់ដែលបានធ្វើវិសោធនកម្មនេះ មានគោលបំណងទប់ស្កាត់ការរំលោភបំពានដែលមិនស្របទៅតាមគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ដូចជាការញុះញុងឲ្យមានសំអប់ខាងជាតិសាសន៍ ការបង្ខូចកេរ្តិ៍ឈ្មោះ ការបំផ្លិចបំផ្លាញដល់គ្រឹះសង្គមរបស់ប្រជាជាតិ។ នេះជាកាតព្វកិច្ចដែលមិនអាចរំលោភបំពានបានរបស់រាជរដ្ឋាភិបាល ក្នុងការការពារភាពថ្លៃថ្នូរនៃស្ថាប័នដែលកំពុងតែស្ថិតស្ថេរ នាពេលបច្ចុប្បន្ន។

៤-   នៅក្នុងបញ្ហាស្រដៀងគ្នាទាក់ទងទៅនឹងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល សហរដ្ឋ-អាមេរិកកំពុងរិះគន់រាជរដ្ឋាភិបាលកម្ពុជា ដោយគ្រាន់តែផ្អែកលើការសង្ស័យគ្មានមូលដ្ឋាន ជាជាងផ្អែកលើយុត្តិកម្មពិតប្រាកដប្រកបដោយហេតុផលនិងអាចជឿទុកចិត្តបាន ដែលរាជរដ្ឋាភិបាលមិនអាចទទួលយកបាន។

៥-កន្លងមកថ្មីៗនេះ សហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភចំពោះអន្តរាគមន៍របស់បរទេសចូលទៅក្នុងការបោះឆ្នោតរបស់ប្រទេសខ្លួន។ នៅក្នុងករណីដូចគ្នានេះដែរ កម្ពុជាក៏មានការព្រួយបារម្ភអំពីការជ្រៀតជ្រែករបស់បរទេស ដែលមិនគ្រាន់តែជាលទ្ធភាពមួយ ប៉ុន្តែជាការពិតជាក់ស្តែងរួចទៅហើយ។

៦-យើងខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវគោរពគោលការណ៍អន្ដរជាតិនៃការមិនជ្រៀតជ្រែក និងគោរពអធិបតេយ្យជាតិ ហើយត្រូវជៀសវាងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

៧-  លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺផ្អែកលើឆន្ទៈរបស់ប្រជាជនកម្ពុជា មិនមែនលើចំណូលចិត្តរបស់រដ្ឋាភិបាលបរទេសណាមួយឡើយ។ រាជរដ្ឋាភិបាលកម្ពុជា មិនអាចទទួលយកការជ្រៀតជ្រែក ឬការរំលោភបំពានណាមួយ ចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន ទោះក្រោមទម្រង់ផ្ទាល់និងដោយប្រយោល ឬជាការប៉ុនប៉ង ហើយរាជរដ្ឋាភិបាលនឹងចាត់វិធានការសមស្របនិងចាំបាច់គ្រប់បែបយ៉ាង ដើម្បីបញ្ចប់ការជ្រៀតជ្រែកទាំងនេះនិងរាល់សកម្មភាពផ្សេងៗដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនិងច្បាប់របស់កម្ពុជា។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៧កន្លងទៅនេះស្ថានទូតអាមេរិកបានថ្លែងការណ៍ចំពោះច្បាប់ស្តីពីគណបក្សនយោបាយដែលរដ្ឋសភាកម្ពុជាបានអនុម័តដោយគ្មានវត្តមានបក្សប្រឆាំងចូលរួមកាលពីថ្ងៃទី២០កុម្ភៈឆ្នាំ២០១៧។

យោងតាមសេចក្តីថ្លែងថា៖សហរដ្ឋអាមេរិកមានការព្រួយបារម្ភជាខ្លាំង ចំពោះវិសោធនកម្មស្តីពីច្បាប់គណបក្សនយោបាយ នៅកម្ពុជា ដែលត្រូវបានអនុម័ត្តដោយរដ្ឋសភាជាតិ នៅថ្ងៃទី២០ ខែកុម្ភះនេះ ដោយមានការពិគ្រោះ ឬពិភាក្សាគ្នាជាសាធារណ:បន្តិចបន្តួច។

 វិសោធនកម្មនេះបានផ្តល់អំណាចយ៉ាងធំដល់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងការដាក់កំហិតដល់សេរីភាពក្នុងការបញ្ចេញមតិ និងសកម្មភាពស្របច្បាប់នានារបស់ គណបក្សនយោបាយ ហើយនៅក្រោមកាលះទេសះកំណត់មិនច្បាស់លាស់ណាមួយ គឺរំលាយគណបក្សនយោបាយតែម្តង។

រដ្ឋធម្មនុញរបស់កម្ពុជាបានចែងថា កម្ពុជាជាប្រទេសប្រកាន់យករបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងធានាសិទ្ធិពលរដ្ឋរបស់ខ្លួនក្នុងការបង្កើតគណបក្សនយោបាយ។ គណបក្សនយោបាយ ដើរតួដ៏សំខាន់នៅគ្រប់សង្គមប្រជាធិបតេយ្យ។ គណបក្សនយោបាយជាមធ្យោបាយដែលឆន្ទះរបស់ ប្រជាពលរដ្ឋត្រូវបានអនុវត្តតាមរយះអភិបាលកិច្ចនិងច្បាប់។

កម្ពុជាអាចមានមោទនភាពក្នុងការអភិវឌ្ឍន៏ប្រទេសរបស់ខ្លួនក្នុងរយះពេលជាង២៥ឆ្នាំមកនេះ ដោយបានរៀបចំការបោះឆ្នោតចំនួនប្រាំលើកកន្លងមកហើយ និងដំណើរការចុះឈ្មោះបោះឆ្នោតដែលកំពុងកើតមាន ឆ្លុះអោយឃើញពីការឆ្ពោះទៅរកការបោះឆ្នោតលើកទី៦នៅពេលខាងមុខ។ សកម្មភាព ណាមួយ ដែលបានហាមឃាត់ដល់គណបក្សនយោបាយនៅក្រោមវិសោធនកម្មច្បាប់ថ្មីនេះ គឺជាការ ដើរថយក្រោយមួយដ៏សំខាន់សំរាប់ការអភិវឌ្ឍន៏នយោបាយនៅក្នុងប្រទេសកម្ពុជា ហើយនឹងនាំអោយ មានជាសំណួរពីភាពស្របច្បាប់ក្នុងការបោះឆ្នោតនាពេលខាងមុខ។

សហរដ្ឋអាមេរិកបានលើកឡើងថា៖យើងសូមអំពាវនាវអោយរាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យកនូវជំហរចាំបាច់នានាដើម្បីធានាថា យុទ្ធនាការឃោសនាបោះឆ្នោតនិងការបោះឆ្នោតក្នុងឆ្នាំ២០១៧ និង២០១៨ខាងមុខ មានលក្ខណះ សេរី បើកចំហរនិងមានតម្លាភាព ហើយគ្រប់គណបក្សនយោបាយទាំងអស់មានឱកាស ក្នុងការចូលរួមប្រកួតប្រជែងដោយស្មើភាពគ្នា៕

Tags:
  • ក្រសួងការបរទេសកម្ពុជា
  • ប្រតិកម្ម
  • ស្ថានទូតអាមេរិក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥