![]() |
MENU
|

រាជធានីភ្នំពេញ ៖ មុខសញ្ញាប្រើប្រាស់ និងចែកចាយថ្នាំញៀនយ៉ាងសកម្ម ចំនួន៤២នាក់ ក្នុងនោះស្រី៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនក្រុងភ្នំពេញ សហការជាមួយគរបាលទាំង១២ខណ្ឌ ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ នៅតាមបណ្តាលខណ្ឌក្នុងរាជធានីភ្នំពេញ ក្នុងរយះពេលតែ១ថ្ងៃប៉ុណ្ណោះគឺថ្ងៃទី៣១ ខែមករា ម្សិលមិញ ។ ក្រោយការបង្ក្រាបហើយនោះពួកគេត្រូវបានសមត្ថកិច្ចជំនាញធ្វើសន្និសិទ បង្ហាញមុខជាសាធារណះ នៅព្រឹកថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៦នេះ ប្រព្រឹត្តិទៅនៅស្នាក់ការ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមវត្តមានលោកស្នងការរង ប៊ន សំអាត ។
លោកវរសេនីយ៍ឯក ប៊ន សំអាត ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកផែនគ្រឿងញៀន បានមានប្រសាសន៍ ជុំវិញសន្និសិទខាងលើអោយដឹងថា មុខសញ្ញាគ្រឿងញៀនទាំង៤២នាក់ ដែលសមត្ថកិច្ចធ្វើការបង្ហាញមុខនៅពេលនេះ គឺ ត្រូវបានបង្ក្រាបជាបន្តបន្ទាប់ នៅតាមបណ្តាលខណ្ឌទាំង ១២ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលពួកគេសុទ្ធសឹងតែជាមុខសញ្ញាប្រើប្រាស់ និងចែកចាយយ៉ាងសកម្ម ។ លើសពីនេះពួកគេ ក៏ជាមុខសញ្ញាធ្លាប់ប្រព្រឹត្តិសកម្មភាពលួច ឆក់ និងប្លន់ ដោយប្រើប្រាស់នូវសម្ភារះ ដូចជា ដាវ កាំបិត និងពូថៅជាដើម ។
លោកវរសេនីយ៍បន្តថា ក្នុងការបង្ក្រាបមុខសញ្ញាទាំង ៤២នាក់ ខាងលើ សមត្ថកិច្ចធ្វើការដកហូតថ្នាំញៀន ក្រាមសថ្លា ឬ ហៅថា ម៉ាទឹកកចំនួន ១០០កញ្ចប់តូច ដាវសុំាម៉ូរៃ ៥ដើម ម៉ូតូ១០គ្រឿង និងឧបករណ៍ ក៏ដូចជាសម្ភារះប្រើប្រាស់គ្រឿងញៀនមួយចំនួនធំផងដែរ ។
សូមបញ្ជាក់ថា ចំពោះជនដែលគ្រាន់តែប្រើប្រាស់ ហើយមិនមានពាក់ព័ន្ធនឹងបទល្មើសអ្វីនោះសមត្ថកិច្ច នឹងបញ្ចូនខ្លួនទៅកាន់ មណ្ឌលកែប្រែ ដើម្បីធ្វើការអប់រំណែនាំអោយកែប្រែខ្លួន ។ ដោយឡែកចំពោះជនជួញដូរ និងមានពាក់ព័ន្ធបទល្មើស លួក ឆក់ ឬប្លន់ នានា នឹងត្រូវកសាងសាងសំណុំរឿង បញ្ចូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕


