![]() |
MENU
|

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្សពួក៣នាក់ ជាមុខសញ្ញាកាច់.ក ម៉ូតូ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនបាន ខណៈឆែកឆេររកឃើញមានសម្ភារៈសម្រាប់កាច.ក ម៉ូតូ នៅក្នុងខ្លួនជនសង្ស័យទាំង២នាក់ នៅចំណុចផ្លូវប៉េតុង ក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២ និង ០០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៥ ។
ជនសង្ស័យទាំង២នាក់ខាងលើ ទី១មានឈ្មោះឡុង ឆយ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី២ឈ្មោះយ៉េង គឹមស័រ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ និងជនសង្ស័យដែលរត់គេចខ្លួន មានឈ្មោះ អាឡេឡឺ អាយុ១៨ឆ្នាំ មុខរបរ និងអាស័យដ្ឋានមិនពិតប្រាកដ ។
មន្ត្រីអាវុធហត្ថអោយដឹងថា មុនឈានដល់ការឃាត់ខ្លួន គឺកម្លាំងយើង បានចុះល្បាតពួនស្ទាក់ត្រៀមការពារ សន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានធម្មតា ។ ខណៈល្បាតមកដល់ចំណុចផ្លូវប៉េងតុងខាងលើស្រាប់ តែប្រទះឃើញយុវជន៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ស មើលទៅគួរអោយសង្ស័យទើបកម្លាំងសមត្ថកិច្ច ហៅអោយឈប់ដើម្បីធ្វើការសាកសួរនាំ ប៉ុន្តែភ្លាមៗនោះជនសង្ស័យម្នាក់ ឈ្មោះ ឡេឡឺ បានលោតចុះពីលើម៉ូតូ រួចរត់ដោយថ្មើរជើងបាត់ស្រមោលឈឹង ដោយឡែកជនសង្ស័យ២នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ឃាត់ខ្លួនបានភ្លាមៗ និងធ្វើការឆែកឆេរខ្លួន ក៏រកឃើញមាន សម្ភារៈសម្រាប់ធ្វើសកម្មភាពកាច់ . ក ម៉ូតូមួយចំនួន ដូចជា សោរកាច់.ក ១ សោរលេខ៨ ចំនួន ១ និង ដែកសម្រាប់ឆ្កឹះចំនួន ១ផងដែរ ។
ក្រោយការឃាត់ខ្លួនជនសង្ស័យ ក៏ដូចជាវត្ថុតាង ត្រូវបានបញ្ចូនទៅកាន់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធា នីភ្នំពេញ ដើម្បីធ្វើការសាកសួរនាំបន្ថែម និងត្រៀមកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការទៅតាមផ្លូវ ច្បាប់ ៕ លីហេង


