![]() |
MENU
|

ភ្នំពេញ ៖ មនុស្សចំនួន ៣នាក់ត្រូវរងរបួសធ្ងន់ធ្ងរ ដោយក្នុងនោះមានម្នាក់ត្រូវគៀបជាប់នៅក្នុងកាបិនមុខនៃរថយន្ត ក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន៍ដឹកកង់ត្រាក់ទ័រធុនធំមួយគ្រឿង ពន្លះគ្នាចំពីមុខពេញទំហឹងជាមួយនឹងម៉ូតូមួយគ្រឿងម៉ាក សង់ឌ្រីម ស៊េរីឆ្នាំ២០១០ នៅចំណុចផ្លូវរទេះផ្លូវ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោង ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ២២ និង ៤៥នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ។
ប្រភពព័ត៌មានអោយដឹងថា មុនពេលមានហេតុការណ៍ គេសង្គេតឃើញ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1D-2197 ជិះតែម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុ បុរសខាងលើ ក៏បានរេចង្កូតចូលទៅខាងស្តាំផ្លូវ ទៅបុកផ្ទប់នឹងរថយន្តកុងតឺន័រមួយគ្រឿងទៀត បើកបរដោយបុរសម្នាក់ រួមដំណើរដោយព្រូលម្នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា ចំពីមុខពេញទំហឹង លាន់ស្នូរដូចរន្ទះ បណ្តាលអោយម៉ូតូត្រូវធ្លាយចូលទៅផ្នែកខាងក្នុងនៃរថយន្ត បណ្តាលអោយម្ចាស់ម៉ូតូ និងព្រូលរថយន្តត្រូវរងរបួសធ្ងន់ធ្ងរ រួមទាំង តៃកុងរថយន្តត្រូវគៀបជាប់ក្នុងរថយន្ត របួសធ្ងន់ដូចគ្នា ។ តែទោះជាយ៉ាងណា ពួកគេត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ផងដែរ ដោយឡែកម៉ូតូ និងផ្នែកខាងមុខនៃរថយន្តត្រូវរងការខូចខាត ស្ទើរតែទាំងស្រុង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយជំនាញចុះអន្តរាគមន៍វាស់វែង អូសយកទាំងរថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ ៕
(វីឌីអូ ពី ហ្វេសបុក)


