![]() |
MENU
|

រាជធានីភ្នំពេញ ៖ តារាចម្រៀង និង សម្តែង លោកវណ្ណ មករា វ័យ២៧ឆ្នាំ ដែលជាតារាមានប្រជាបិ្រយមួយរូប ក្នុងដំណើរវិស័យសិល្បៈ បានស្លាប់បាត់បង់ជីវិត ក្នុងឧប្ហេតុគ្រោះថ្នាក់ចរាចរណ៍បើករថយន្តក្រឡាប់ដោយខ្លួនឯង កាលពីវេលាម៉ោង ២ និង ០០នាទីទាបភ្លឺថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្បែរនឹងសំណាក់យាយម៉ៅ នៃ ខេត្តព្រះសីហនុ ។
ប្រភពព័ត៌មានពីប្អូនស្រីលោកវណ្ណ មករា ឈ្មោះវណ្ណ នីតា អាយុ២៥ឆ្នាំ មុខរបរជាបុគ្គលោកក្រុមហ៊ុនឯកជន បានរៀបរាប់ទាំងទឹកភ្នែកអោយដឹងថា បងប្រុសរបស់ខ្លួនក្រៅពីការងារសិល្បៈ គឺគាត់បានបម្រើការងារជាអ្នកចម្រៀងនៅក្នុងក្លឹបកម្សាន្តមួយកន្លែងយីហោ RCA ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ជារៀងរាល់រាត្រីចាប់ពីម៉ោង ១០ រហូតដលម៉ោង ២ យប់រំលងអាធ្រាត្រ ។ ហើយក្រោយពេលចប់ការងាររួចគាត់តែងវិលត្រឡប់ទៅកាន់លំនៅឋានវិញ ដែលបច្ចុប្បន្នគាត់ស្នាក់ជាមួយជីដូនបង្កើតតែ២នាក់ ឈ្មោះឈាន សាវ អាយុ៧៤ឆ្នាំ នៅម្តុំមន្ទីរពេទ្យរុស្ស៊ី ។ នារីជាប្អូនស្រីបន្តថា ប៉ុន្តែនៅវេលាយប់កើតហេតុ បងប្រុសរបស់ខ្លួន មិនបានត្រឡប់ទៅផ្ទះនោះទេ ដោយរូបគាត់ និងមិត្តភក្តិ៣នាក់ផ្សេងទៀត បានចាកចេញពីក្លឹប CRA មុនម៉ោងធ្វើការ ហើយនាំគ្នាធ្វើដំណើរឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ទាំងយប់ ដើម្បីចូលកម្មវិធីជប់លៀងមិត្តភក្តិ ដោយធ្វើដំណើរក្នុងរថយន្តរួមរបស់លោកវណ្ណ មករា ម៉ាកកាមរីព្រូស ពណ៌ខ្មៅ ពាក់សា្លកលេខភ្នំពេញ 2AE - 9454 ។ រហូតមកដល់វេលាម៉ោង២ និង ១៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១០ ខែឆ្នាំដដែល ទើបទទួលបានដំណឹងថា បងប្រុសរបស់ខ្លួនបានស្លាប់ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ក្រឡាប់រថយន្ត តែម្តងទៅ ។ ចំណែកអ្នករួមដំណើរក៏ត្រូវរងរបួសផងដែរ ។
គួររំលឹកថា កាលពីវេលាម៉ោង ២ និង ០០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៥ មានឧប្បត្តិហេតុក្រឡាប់រថយន្តមួយបាន បណ្តាលអោយមនុស្សចំនួន ៤នាក់ រងរបួសធ្ងន់ធ្ងរស្រាល នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ត្រង់ចំណុចសំណាក់យាយម៉ៅ ដែលរថយន្តនោះត្រូវបានគេស្គាល់ថា ជារថយន្តលោកវណ្ណ មករា តារាចម្រៀង និងសម្តែង ដោយសារតែរថយន្តបើកលឿនមិនប្រយ័ត្ន ក៏ជ្រុលធ្លាក់ផ្លូវទៅបុកផ្ទប់នឹងបង្គោលភ្លើង ហើយក្រឡាប់យកតែម្តងទៅ ។ បន្ទាប់ពីកើតហេតុភ្លាមៗ ជនរងគ្រោះទាំង ៤នាក់ត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះភ្លាមៗ ដោយដឹកពីកន្លែងកើតហេតុ ឆ្ពោះមកកាន់ទីក្រុងភ្នំពេញ ។ ប៉ុន្តែរឿងដែលយើងនឹងស្មានមិនដល់នោះ ខណៈរថយន្តសាមុយធ្វើដំណើរមកដល់ត្រង់ចំនុច គីឡូម៉ែត្រលេខ ៩១ ចន្លោះ ៩២ ស្រាប់តែរថយន្តត្រូវបែកកង់មុខខាងឆ្វេង បណ្តាលរថយន្តត្រឡាប់ធ្លាក់ទៅផ្លូវ ស្លាប់មនុស្សម្នាក់ គឺលោកវណ្ណ មករា និង អ្នករបួស៣នាក់ផ្សេងទៀត រួមទាំងតៃកុង ត្រូវរងរបួសធ្ងន់ស្រាល ។
ជនរងគ្រោះទាំង ៤នាក់ ទី១មានឈ្មោះ ជឹម រាជ ភេទប្រុស អាយុ២៣ឆ្នាំ ទី២ឈ្មោះប្រាក់ គង់ អាយុុ២៤ឆ្នាំ ទី៣ឈ្មោះអ៊ុំ សុជាតា ភេទស្រី អាយុ ២៥ឆ្នាំ និងបុរសជាតៃកុងរថយន្តសាមុយឈ្មោះ ប៊ុត ដារ៉ា ភេទប្រុស អាយុ ៥៥ឆ្នាំ ។
ទោះជាយ៉ាងណាមិញ បច្ចុប្បន្នសពលោកវណ្ណ មករា ត្រូវបានសាច់ញាតិបើករថយន្តទៅទទួលយកពីកន្លែងកើតហេតុ យកមកតម្គល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តទួលទំពូង ។ ចំណែកអ្នករងរបួស បច្ចុប្បន្នកំពុងសម្រាកព្យាយាម នៅមន្ទីរពេទ្យ ។
លោកអ៊ុំវណ្ណ សុវី អាយុ៥៦ឆ្នាំ ដែលត្រូវជាឪពុកលោកវណ្ណ មករា បានរៀបរាប់អោយដឹងពីដំណើរជីវិតរបស់កូនប្រុសថា ៖ កូនប្រុសរបស់គាត់ចាប់អាជីពជាអ្នកចម្រៀង និងសម្តែង ក្នុងវិស័យសិល្បៈនេះ អស់រយៈពេលជាង ១៥ឆ្នាំ មកហើយ គិតតាំងពីឆ្នាំ ១៩៩៩ មកម្លេះ ។ លោកអ៊ុំបន្តថា មុនកូនប្រុស ចូលដើរទៅកាន់អាជីពជាអ្នកសិល្បៈ ជីវភាពគ្រួសារលោកអ៊ុំទាំងមូល ដែលមានសមាជិក ចំនួន ៧នាក់ គឺស្ថិតក្នុងភាពក្រលំបាក ខ្វះខាតយ៉ាងខ្លាំង ប៉ុន្តែក្រោយកូនប្រុសបានចូលក្នុងវិស័យនេះ រួចមក ស្ថានភាពជីវភាពគ្រួសារ មានលក្ខណៈធូរប្រសើរមួយកម្រិតធំ ដោយលោកវណ្ណ មករា តែងជួយផ្គត់ផ្គង់ ដល់ឪពុកម្តាយ ក៏ដូចជាបងប្អូនដែលកំពុងខ្វះខាត ផងដែរ ។ លោកអ៊ុំបន្តទៀតថា លោកវណ្ណ មករា ធ្លាប់មានភរិយាម្តងរួចហើយ រួមទាំងមានកូនប្រុសចំនួន ២នាក់ផងដែរ ប៉ុន្តែចំណងស្នេហារបស់ពួកគេ ត្រូវបានបែកបាក់គ្នា អស់ពេលជាង ២ឆ្នាំមកហើយដែរ បន្ទាប់ពីការរស់នៅមិនមានភាពចុះសម្រុងគ្នា ។ ដោយបច្ចុប្បន្ននេះ លោកវណ្ណ មករា រស់នៅតែ២នាក់ តែប៉ុណ្ណោះ ជាមួយជីដូនបង្កើតដែលមានវ័យជាង ៧០នោះ ៕


