ព្រះសីហនុ៖ យ៉ាងហោចណាស់ក៏មានមនុស្ស២នាក់ជាអ្នកនេសាទត្រីបានស្លាប់នៅលើផ្ទៃសមុទ្រ នៅចន្លោះកោះព្រីង និងកោះត្រងោល ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ យ៉ាងអាណោចអាធម៌ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកឆ្នៃ ខណះពួកគេកំពុងនេសាទ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ០០នាទីព្រឹកថ្ងៃទី ១៨ មករា ឆ្នាំ២០១៦ ។ មន្ត្រីសមត្ថកិច្ចអោយដឹងថា ជនរងគ្រោះទី១ឈ្មោះ កុល ខុម អាយុ២៩ឆ្នាំ រស់នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ស្រុកកំណើតនៅស្រុកកំពង់ត្រឡាច ខេត្តកំពត និងជនរងគ្រោះទី២ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។
ប្រភពព័ត៌មានជុំវិញករណីខាងលើនេះ បានអោយដឹងថា ជនរងគ្រោះទាំង២នាក់ រួមជាមួយតៃកុងទូកម្នាក់ទៀត ( ដែលបច្ចុប្បន្នត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ) បានមកបង់ត្រីនៅចំណុចកើតហេតុខាងលើ ៤ ទៅ ៥ថ្ងៃទៅហើយ ដោយពួកគេមានសម្ភារះ មោង សំណាញ់ និងគ្រាប់បែកច្នៃជាដើម ។ លុះមកដល់ថ្ងៃកើតហេតុ ដោយមិនដឹងមូលហេតុច្បាស់ គ្រាប់បែកច្នៃក៏បានផ្ទុះ ស្របពេលដែលពួកគេកំពុងនេសាទត្រី បណ្តាលអោយបុរសជាអ្នកនេសាទទាំង២ខាងលើ ស្លាប់ក្នុងផ្ទៃសមុទ្រយ៉ាងអាណោចអាធម៌ ដោយក្នុងនោះម្នាក់ ត្រូវដាច់ក្បាលចេញពីដងខ្លួន ។ ដោយឡែកក្នុងពេលផ្ទុះដដែលនោះបុរសជាតៃកុងទូកមិនបានរងរបួសអ្វីឡើយ ថែមទាំងដឹកសពជនរងគ្រោះទាំង២នាក់មកកាន់ច្រាំងទៀតផង ។ ភា្លមៗ បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់តៃកុងទូកយកទៅសាកសួរនាំភ្លាមផងដែរ ដោយសមត្ថកិច្ចសង្ស័យថារូបគេ ជាអ្នកបំផ្ទុះគ្រាប់បែកច្នៃ ក្នុងហេតុការណ៍ដ៏គួរអោយរន្ធត់ខាងលើនេះ ។ ឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានបញ្ជាក់ថា ទោះជាយ៉ាងមិញ បច្ចុប្បន្នជនសង្ស័យត្រូវឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រងចាំសាកសួរបន្ថែម ។ ដោយឡែកសពត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕