ព្រៃវែងៈ អធិការនគរបាលស្រុកស្វាយអន្ទរ លោក ពុំ កាន់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង សម្រេចកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំស៊ើបអង្កេត លើករណីផ្ទុះអាវុធចំក្បាលបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ ក្នុងប្រតិបត្តិការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ជល់មាន់និងបៀរអាប៉ោង ។
លោក មាស សុភ័ក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង បានឲ្យដឹងតាមទូរស័ព្ទ ថា លោក ពុំ កាន់ ត្រូវបានលោកព្រះរាជអាជ្ញារង មួង សារិន ចោទប្រកាន់ពីបទឃាតកម្មដោយចេតនា តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះ ជនជាប់ចោទអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ ពី១០ឆ្នាំទៅ២០ឆ្នាំ ប្រសិនបើតុលាការរកឃើញថា មានពិរុទ្ធភាពដូចការចោទប្រកាន់ពិតមែននោះ។
គួររំលឹកថាអធិការស្រុកស្វាយអន្ទរលោក ពុំ កាន់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែងចាប់ឃាត់ខ្លួនបានភ្លាមៗមួយម៉ោងបន្ទាប់ពីគាត់បានបាញ់សម្លាប់បុរសវ័យ ៣៧ ឆ្នាំម្នាក់កាលពីរសៀលថ្ងៃពុធគ្រាដែលគាត់បានដឹកនាំកម្លាំងនគរបាលចំនួន ៥ នាក់ចុះទៅបង្ក្រាបល្បែងបញ្ជល់មាន់នៅភូមិតងឡង ឃុំព្រៃខ្លាស្រុកស្វាយអន្ទរ។