![]() |
MENU
|

រាជធានីភ្នំពេញ ៖ យុវជនវ័យប្រមាណ ១៧ឆ្នាំ ៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស មកអង្គុយចាក់ខ្ជៅហូបលេង នៅក្រោយវិទ្យាល័យបាក់ទូក ត្រូវបានក្មេងស្ទាវមួយក្រុមធំ គ្នាជិត ២០នាក់ ជិះម៉ូតូជាង ១០គ្រឿង ប្រដាប់ដោយដាវសុំាម៉ូរៃ និងកាំបិត មកធ្វើសកម្មភាពដេញកាប់ទៅលើយុវជន ប៉ុន្តែសំណាងល្អ យុវជនរងគ្រោះរត់ទាន់ ត្រូវកាប់ខ្ទេចតែម៉ូតូ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៥ និង ៤៥នាទីរសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៦ នៅខាងក្រោយវិទ្យាល័យបាក់ទូក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
ប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុគេសង្គេតឃើញ យុវជនរងគ្រោះទាំង ៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស គ្មានស្លាកលេខ ឌុបគ្នាមកអង្គុយចាក់ខ្ជៅ នៅក្រោយនឹងវិទ្យាល័យបាក់ទូក ។ ដោយមិនដឹងរឿងអ្វីសោះ រហូតមកដល់វេលាម៉ោងកើតហេតុ ស្រាប់តែមានក្មេងស្ទាវមួយក្រុមគ្នា ជិត ២០នាក់ ប្រដាប់ដោយដាវ និងកាំបិតគ្រប់ដៃ បានជិះម៉ូតូជិត ១០គ្រឿងមកឈប់ក្បែរកន្លែងពួកគេកំពុងអង្គុយចាក់ខ្ជៅ រួចធ្វើសកម្មភាពដេញកាប់តែម្តង ។ ឃើញហេតុការណ៍ដូចនេះ យុវជនរងគ្រោះទាំង ៣នាក់ បានទុកម៉ូតូចោល រត់ចូលទៅក្នុង ហាងអ៊ិនធឺនេត ដើម្បីគេចខ្លួនពីក្រុមក្មេងស្ទាវ ប៉ុន្តែក្នុងនោះម៉ូតូមួយគ្រឿងម៉ាក និច របស់ជនរងគ្រោះ ត្រូវក្រុមក្មេងស្ទាវកាប់មួយដាវសុំាម៉ូរៃពីក្រោយ ដាច់កាត់តាប៉ូ ចេញពីម៉ូតូតែម្តង ។ ស្របពេលជាមួយគ្នានោះ ក៏មានកម្លាំងនគរបាលប៉ុស្តិ៍វាលវង់ បានជិះល្បាតឆ្លងកាត់ទីនោះ ជាហេតុធ្វើអោយក្រុមក្មេងស្ទាវដែលបង្ក ឃើញសមត្ថកិច្ចហើយ ក៏បាននាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែទោះជាយ៉ាងណា កម្លាំងនគរបាលបានព្យាយាមដេញប្រថាប់ចាប់ប្រថីង ពីក្រោយរហូត ឃាត់ខ្លួន បាន ៤នាក់ និងម៉ូតូ២គ្រឿងផងដែរ ។
ក្នុងការឃាត់ខ្លួនពួកគេ សមត្ថកិច្ចបានដកហូត ដាវសុំាម៉ូរៃ ១ដើម កាំបិតប៉័ងតោ ១ដើម កាំភ្លើងបាញ់ខ្យល់ ១ដើម មានគ្រាប់១ប្រអប់ និងដកហូតម៉ូតូ០២គ្រឿង មួយគ្រឿងម៉ាកសង់សេ១១០ ( សង់ប៊ិច ) ពណ៌ខៀវ និង មួយគ្រឿងទៀតម៉ាក និច ពណ៌សលាយខ្មៅ ។
សូមបញ្ជាក់ថា ក្រោយការឃាត់ខ្លួនបានហើយនោះ យុវជនជាជនរងគ្រោះ ត្រូវបានអាណាព្យាបាលនាំយកមកដាក់ពាក្យនៅអធិការដ្ឋាននគរបាលខ័ណ្ឌ ផងដែរ ។ ហើយក្នុងនោះយុវជនរងគ្រោះ បានឆ្លើយថា រូបគេ និងក្រុមក្មេងទំនើងដែលប៉ុនប៉ងកាប់ខាងលើ មិនដែលធ្លាប់បានស្គាល់គ្នាឡើយ ហើយក៏មិនដឹងថា ផ្តើមចេញពីមូលហេតុអ្វីបានជាពួកគេមកកាប់ខ្លួនដែរ ។ ដោយឡែកក្រុមក្មេងទំនើងដែលឃាត់ខ្លួន មិនត្រូវបានសមត្ថកិច្ចអនុញ្ញាត្តិអោយអ្នកកាសែតសួរនាំឡើយ ព្រោះសមត្ថកិច្ចដាក់ការសង្ស័យថា ពួកគេជាមុខសញ្ញាពាក់ព័ន្ធនឹងបទល្មើស ដោយក្នុងខ្លួនមានសុទ្ធសឹងតែជាវត្ថុសម្រាប់ធ្វើសកម្មភាព ឬ បទល្មើសនានា ដូចនេះ ហើយ ត្រូវឃុំខ្លួនបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរនាំបន្ថែម និង ត្រៀមចាត់ការតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕


