![]() |
MENU
|

បានលឺដំណឹងនេះ សូមកុំបារម្ភថា មនុស្សនឹងដាច់ពូជដូចពពួកដាយណូស័រ។ អង្កការ NASA បានប្រកាសថា នៅដើមខែមីនា ឆ្នាំ ២០១៦ នេះ នឹងមានអាចម៌ផ្កាយមួយដុំមានបណ្តោយ ៣០ម៉ែត្រ ហោះឆ្លងកាត់ផែនដីយើងយ៉ាងគៀកបំផុត ដែលពេលនោះ យើងក៏អាចនឹងមើលឃើញវានៅលើផ្ទៃមេឃផងដែរ ហើយវាក៏ប្រហែលជានឹងបុកត្រង់ចំណុចណាមួយនៃផែនដីយើង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៧។
អាចម៌ផ្កាយនេះឈ្មោះ 2013 TX68 នឹងធ្វើដំណើរមកក្បែរផែនដីយើង ដែលអាចនឹងស្ថិតជិតបំផុតនៅចំងាយ ១៧ ពាន់ គីឡូម៉ែត្រ (១១ ពាន់ ម៉ាយ) ឬ នៅចំងាយរហូតដល់ ១៤ លាន គីឡូម៉ែត្រ (៩ លាន ម៉ាយ) នៅថ្ងៃទី ៥ ខែមីនានេះ។ អាចម៌ផ្កាយ ច្រើនតែរំកិលមកក្បែផែនដីនៅពេលថ្ងៃ ដែលវាពិតជាពិបាកក្នុងការតាមដានណាស់។ នេះហើយជាមូលហេតុ ដែលយើងមិនច្បាស់ថាវានឹងមកគៀកផែនដីកំរិតណាអោយប្រាកដ។ អាចម៌ផ្កាយនេះធ្លាប់បានហោះកាត់ផែនដីម្តងរួចហើយកាលពី ២ឬ៣ ឆ្នាំមុន ដែលកាលនោះវាស្ថិតនៅចំងាយ ២លាន គីឡូម៉ែត្រ (១.៣លាន ម៉ាយ) ប៉ុន្តែនៅខែក្រោយនេះ វានឹងហោះកាត់ផែនដីម្តងទៀត ដោយចូលកាន់តែគៀកផែនដីជាងមុនទៀត។
ប្រធានផ្នែកសិក្សាវត្ថុស្ថិតក្បែរផែនដីនៃអង្កការ NASA លោក ផូល ចូដាស បាននិយាយថា៖
អាចម៌ផ្កាយនេះ មិនមានគន្លងច្បាស់លាស់នោះទេ ហើយក៏ពិបាកក្នុងការព្យាករណ៍ ចាប់កន្លែងដែលវាតាំងនៅណាស់។ វាមានភាគរយខ្លះដែរ ដែលអាចម៌ផ្កាយនោះនឹងត្រូវចាប់បានដោយ Telescope តាមដានអាចម៌ផ្កាយរបស់យើង នៅពេលវាហោះឆ្លងកាត់ផែនដីនៅខែក្រោយ ដែលវាអាចនឹងផ្តល់ព័ត៌មានកាន់តែជាក់លាក់អំពីគន្លងជុំវិញព្រះអាទិត្យរបស់វា។
អាចម៌ផ្កាយនោះ នឹងមិនបុកផែនដីក្នុងឆ្នាំនេះទេ ប៉ុន្តែវាមានឲកាស ១ លើ ២៥០ លានឲកាស ដែលវានឹងបុកផែនដីរបស់យើង នៅឆ្នាំ២០១៧។ មានន័យថាវាមានភាគរយតិចណាស់ ដែលវានឹងអាចប៉ះនឹងផែនដី នៅឆ្នាំ២០១៧។ ទោះជាយ៉ាងណា នេះក៏គ្រាន់តែជាការប្រកាសអោយមនុស្សលើពិភពលោកបានដឹង ដើម្បីត្រៀមលក្ខណៈទុកជាមុន ប្រសិនបើវាអាចកើតមានឡើងមែន ព្រោះពេលនេះគេមិនអាចកំណត់ទីតាំងជាក់លាក់ណាមួយនៃផែនដី ឬប្រទេសណា ដែលវាអាចនឹងប៉ះឡើយ។
ចុះបើមានរឿងបែបហ្នឹងកើតឡើងមែន តើវានឹងទៅជាយ៉ាងណា? NASA បានព្យាការណ៍ថា អាចម៌ផ្កាយ 2013 TX68 នោះ នឹងអាចបង្កើតជាកំលាំងផ្ទុះ ដែលមានកំលាំងប្រហែល ២ដង នៃព្រឹត្តការណ៍ធ្លាក់អាចម៌ផ្កាយនៅ ទីក្រុង Chelyabinsk ប្រទេសរុស្ស៊ី។ ទោះយ៉ាងនេះក្តី ក៏គ្រោះថ្នាក់នេះនឹងមិនអាចបំផ្លាញពិភពលោក និងផ្តាច់ពូជមនុស្សជាតិបានឡើយ។
គួរបញ្ជាក់ថា កាលពី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ មានអាចម៌ផ្កាយមួយដែលមានទំហំពាក់កណ្តាល អាចម៌ផ្កាយ 2013 TX68 បានប៉ះទង្គិចនឹងផែនដី ត្រង់ចំណុចទីក្រុង Chelyabinsk ប្រទេសរុស្ស៊ី ដោយបានបង្កើតជារលកកំលាំងខ្យល់ ដែលបានបំផ្លាញបង្អួច និងអគារជាច្រើន ហើយមនុស្សជាង ១៥០០ នាក់ បានរងរបួស។
វីឌីអូនៃការធ្លាក់អាចម៌ផ្កាយ នៅទីក្រុង Chelyabinsk ប្រទេសរុស្ស៊ី | ១៥ កុម្ភៈ ២០១៣
ប្រែសម្រួលដោយ៖ សិរីវុធ
ប្រភព៖ NASA


