![]() |
MENU
|

ភ្នំពេញ ៖ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៩៧ ខ្នង ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ ដែលសងអំពីឈើប្រកស័ង្កសី នឹងលំនៅដ្ឋានខ្លះ ទៀតឈើលើថ្មក្រោម រួមជាមួយសម្ភារមួយចំនួនធំ ត្រូវបានរងការខូចខាតទាំងស្រុង បន្ទាប់ពីមានអគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅនាវេលាម៉ោង ១២ នឹង ៣០ នាទី យប់ឈានចូលថ្ងៃទី ០៨ ខែកុម្ភះ ឆ្នាំ ២០១៦ ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យដែលបានចុះដល់កន្លែងអគ្គិភ័យ ឆាបឆេះផ្ទាល់បានប្រាប់ VOKC ថា គ្រោះអគ្គិភ័យខាងលើនេះអាចបង្កឡើងដោយសារ តែ ប្រជាពលរដ្ឋជាជនជាតិវៀតណាមបាននាំគ្នា ដុតផាវ នឹងដុតកាំជ្រួច ដើម្បីទទួលទេវតាក្នុង សែនចូលឆ្នាំចិន ហើយការដុតផាវ នឹងកាំជ្រួចនោះធ្វើអោយធ្លាក់កម្ចេចភ្លើងកាំជ្រួចចំលំនៅដ្ឋានប្រជាពលរដ្ឋក៏បណ្តាលអោយមានអគ្គិភ័យតែម្តងទៅ ។
លោកអភិបាលរងបន្តថា ផ្ទះប្រជាពលរដ្ឋចំនួន ៩៧ ខ្នងត្រូវបំផ្លាញដោយអណ្តាតភ្លើងទាំងស្រុង នឹងមានសម្ភារប្រើប្រាស់ជាច្រើនទៀត ដូចជា ម៉ូតូ កង់ នឹងរបស់ផ្សេងៗក៏ត្រូវឆេះបំផ្លាញទាំងស្រុងដែរ ប៉ុន្តែហេតុការណ៍ដ៏រន្ធត់នេះមិនបណ្តាលអោយមនុស្សណាម្នាក់ត្រូវរងរបួសឡើយ ។ ជុំវិញករណីនេះដែលក្នុងនាមលោកជាអាជ្ញាធរខណ្ឌក៏សូមចូលរួមសោកស្តាយយ៉ាងខ្លាំងចំពោះ គ្រោះមហន្តរាយមួយនេះ ហើយលោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នអោយបានច្រើន ចំពោះការអុចធុប ទៀន ពេលសែនក្នុងឱកាសចូល ឆ្នាំចិននេះ ។
លោក ព្រហ្ម យ៉ន នាយការិយាល័យបង្កនឹងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញបានថ្លែងបានប្រាប់ VOKC ថា ក្នុងប្រតិបត្តិការអន្តរាគមន៍បាញ់ពន្លត់អណ្តាត ដ៏កំណាចខាងលើនេះ គឺកម្លាំងរបស់លោកបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២៥ គ្រឿង ដោយបានប្រើទឹកអស់ចំនួន ៦៥ ឡាន ក្នុងនោះក៏មានកប៉ាល របស់ការិយាល័យចរាចរណ៍ជើងទឹករាជធានីភ្នំពេញចំនួន ២គ្រឿងមកជួយអន្តរាគមន៍ដែរ ដោយសារ លំនៅដ្ឋានដែលឆាបឆេះខាងលើនេះស្ថិតនៅក្បែរនឹងមាត់ទន្លេ ៕
ឆេះអស់៩៧ខ្នង និងខូចខាតសម្ភារមួយចំនួន កាលពីយប់មិញថ្ងៃសែនចូលឆ្នា...ឆេះអស់៩៧ខ្នង និងខូចខាតសម្ភារមួយចំនួន កាលពីយប់មិញថ្ងៃសែនចូលឆ្នាំចិន នៅសង្កាត់ចាក់អង្រែក្រោមអានបន្ត៖ http://vokc.org/article/226
Posted by VOKC News on Sunday, February 7, 2016


