ភ្នំពេញ ៖ កាហ្វេបន្លំស្លាកសញ្ញាគុណភាព ចំនួន២២០៨០គីឡូក្រាម ដែលបង្កការភាន់ច្រលំដល់ប្រជាជននាំគ្នាទិញមកចរាចរលក់បន្ត ក៏ដូចជាយកមកបរិភោគ បង្កផលប៉ះពាល់ដល់សុខុមាលភាពប្រជាជន ត្រូវបានសមត្ថកិច្ច នៃ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃសហការជាមួយ មន្ត្រីកាំកុងត្រូល នៅ ព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ បាន ធ្វើការដុតកំទេចោល បន្ទាប់ពីសមត្ថកិច្ចធ្វើការបង្ក្រាបបានកន្លងមកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ការដុតបំផ្លាញនៅព្រឹកថ្ងៃខែដដែលនេះ ធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ លោក លឿង រដ្ឋា ប្រធាននាយកដ្ឋានដោះស្រាយវិវាទ និងគោលនយោបាយទូទៅនៃអគ្គនាយកដ្ឋានកាំកុងត្រូលនឹង លោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង អនុប្រធាននាយក ដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ នៅទីលានចាក់សំរាមជើងឯក ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ។
លោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង អនុប្រធាននាយក ដ្ឋានប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ បញ្ជាក់ថា កាហ្វេចំនួន២២០៨០គីឡូក្រាមត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង មហាផ្ទៃចុះទៅដកហូតកាលពីថ្ងៃទី២០ ខែមករា ឆ្នំា២០១៥ នៅក្នុងសិប្បកម្មផលិតកាហ្វេនៅក្នុងខណ្ឌសែនសុខ កន្លងមកនេះ ដោយសង្ស័យថាកាហ្វេនេះមានជាតិគីមី។ បន្ទាប់ពីដកហូតកាហ្វេយកទៅធ្វើការពិសោធន៍នៅក្រសួងពាណិជ្ជកម្មនិងក្រសួងនាយកដ្ឋានប្រឆាំងបទល្មើសសេកច្ចិក្រសួងមហាផ្ទៃសហកាជាមួយក្រសួងពាក់ព័ន្ធមួយចំនួនបានធ្វើការដុតកំទេចកាហ្វេចំនួន 22080 គីឡូក្រាម។
ជុំវិញការដុតបំផ្លាញកាហ្វេបន្លំគុណភាពស្លាកសញ្ញាខាងលើនេះដែរ លោកលឿង រដ្ឋា ប្រធាននាយកដ្ឋានដោះស្រាយវិវាទ និងគោលនយោបាយទូទៅ នៃអគ្គនាយកដ្ឋានកាំកុងត្រូលក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កាហ្វេចំនួន ២២០៨០ដែលត្រូវបំផ្លាញនៅពេលនេះ គឺជាប្រភេទកាហ្វេដែលលួចបន្លំស្លាកសញ្ញារបស់កាហ្វេដើម មានន័យថា សាច់កាហ្វេ គឺជាសារធាតុដែលលាយលំច្រើន មានដូចជាពោត ស្រូវ សណ្តែកដីជាដើម ដែលយើងហៅកាហ្វេបែបនេះថា លេខ ២ ឬ កាហ្វេលេខ៣ ។ ហើយកាហ្វេទាំងនេះ បានលួចបន្លំសញ្ញាគុណភាព ជាវត្ថុធាតុដើម ដើម្បីបន្លំភ្នែកប្រជាពលរដ្ឋ ហើយដាក់ចរាចរលក់ពាសពេញទីផ្សារ ។ លើសពីនេះកាហ្វេលាយំបែបនេះ ក៏មានសារជាតិមួយចំនួនប៉ះពាល់ដល់សុខុមាលភាពបងប្អូនផងដែរ ៕