ការិយាល័យកណ្តាល Yahoo នៅ សាន់នីវ៉េល រដ្ឋកាលីហ្វញ៉្ញា
នេះគឺជាការប្រកាសផ្លូវការណ៍មួយ ដែលថា Yahoo កំពុងប្រកាសលក់អាជីវកម្មរបស់ខ្លួនជាបន្ទាន់។ ម្សិលមិញនេះ Yahoo បានដាក់ផ្លាក “សម្រាប់លក់” ឬ “for sale” ទៅលើអាជីវកម្មរបស់ខ្លួន ដែលការប្រកាសលក់នេះ ត្រូវបានធ្វើឡើងក្នុងសន្និសិទ្ធកាសែតមួយ ដែលលោក Meynard Webb ជាប្រធានក្រុមហ៊ុន បានបំភ្លឹថា ការដាក់លក់នេះ គឺជាការព្យាយាមស្វែងរកយុទ្ធសាស្រ្តបន្ថែមសម្រាប់ស្រោចស្រង់ក្រុមហ៊ុន ដើម្បីជាប្រយោជន៍ដល់ម្ចាស់ភាគហ៊ុន។ លោកក៏បានបង្ហាញពីរបាយការណ៍ប្រចាំត្រីមាសទី៤ និងបានទម្លាយថា ក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកអស់ ១៥% និងបានបិទ ១៥ ការិយាល័យ ទូទាំងពិភពលោកហើយ។
Yahoo CEO លោកស្រី Marissa Mayer (REUTERS / Ruben Sprich)
ការសម្រេចចិត្តដាក់លក់នេះ គឺជាព្រឹត្តិការណ៍ដ៏ធំមួយ ជាពិសេសចាប់តាំងពី លោកស្រី Marissa Mayer ដែលជា CEO បានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរក្សាលំនឹងក្រុមហ៊ុន។ កាលពី៤ឆ្នាំមុន លោកស្រី Mayer បានបន្តបង្កើនចំនួនបុគ្គលិកវ័យក្មេងឆ្នើមៗ និងព្យាយាមជំរុញក្រុមការងារអោយយកចិត្តទុកដាក់លើកម្មវិធីទូរស័ព្ទ។ បើទោះបីជាមានការខិតខំយ៉ាងណាក្តី ក៏ប្រាក់ចំណូលរបស់ក្រុមហ៊ុនបានធ្លាក់ចុះជាលំដាប់។ ហើយជាមួយនឹងការកើនឡើងនៃការចំណាយលើបុគ្គលិកឆ្នើមៗ វាធ្វើអោយការចំណាយសរុបមានការកើនឡើងលើសលុប។ មុនពេលលោកស្រី Mayer បានក្លាយជា CEO ប្រាក់ចំណូលប្រចាំត្រីមាសគឺប្រហែល ១.៤ពាន់លានដុល្លា។ ចំណែកប្រាក់ចំណូលប្រចាំត្រីមាសទី៤ថ្មីៗនេះ មានប្រហែល ១.២៧ពាន់លានដុល្លា ខណៈរកប្រាក់ចំណេញបានតែ ៦៣លានដុល្លា ប៉ុណ្ណោះ។
ទោះបីជាមើលទៅហាក់រកចំណូលបានច្រើនក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនបានខាតបង់អស់ ៤.៥៣ពាន់លានដុល្លា កាលពីឆ្នាំ២០១៥នេះ។ កាលពីឆ្នាំ២០១៥ ភាគហ៊ុនរបស់ Yahoo បានធ្លាក់ចុះយ៉ាងគំហ៊ុករហូតដល់ ៣៤% ហើយនៅដើមឆ្នាំ ២០១៦ នេះ បានបន្តធ្លាក់ចំនួន ១២% បន្ថែមទៀត។ គេគិតថាការសម្រេចចិត្តលក់នេះ ជាសញ្ញាដ៏ច្បាស់មួយ ដែលថា Yahoo កំពុងស្ថិតក្នុងចំណុចមួយដែលពិបាកនឹងស្រោចស្រង់រួច។ Yahoo ពិតជាត្រូវព្យាយាមធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីរក្សាអត្ថប្រយោជន៍ដល់អ្នកវិនិយោគ ជាពិសេសគឺម្ចាស់ភាគហ៊ុនរបស់ខ្លួន។ គេគិតថា ការដាក់លក់នេះគឺ ដើម្បីរក្សាឈ្មោះក្រុមហ៊ុន អោយមានវត្តមានបន្តតែប៉ុណ្ណោះ។
ប្រែសម្រួលដោយ៖ សិរីវុធ
ប្រភព៖ ANDROID HEADLINES 