![]() |
MENU
|

រាជធានីភ្នំពេញ ៖ បន្ទប់ស្នាក់នៅមួយដែលធ្វើពីដែកប្រក់សង្គ័សីដ៏តូចមួយ ត្រូវបានអគ្គីភ័យត្របាក់យកខ្ទេចគ្មានសល់ កាលពីវេលាម៉ោង៣ៈ៤០នាទីទៀបភ្លឺថ្ងៃទី៣ ខែគុម្ភៈឆ្នាំ២០១៦ ជិតផ្លូវលេខ៣៣០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមការរៀបរាប់របស់ ម្ចាស់បន្ទប់ដែលត្រូវអគ្គីភ័យឆាបឆេះខាងលើ បានអោយដឹងថា នៅមុនពេលកើតហេតុ គឺរូបខ្លួនបានដេកលង់លក់យ៉ាងស្គប់ស្គល់នៅក្នុងបន្ទប់មួយនេះ តែម្នាក់ឯងធម្មតា គ្មានរឿងអ្វីកើតឡើងឡើយ ។ លុះដល់ម៉ោងកើតហេតុក៏មានអ្នកជិតខាងស្រែកប្រាប់ថាភ្លើងឆេះបន្ទប់ហើយ រូបខ្លួនក៏ស្រវាភ្ញាក់ឡើង ប្រមែប្រមូលអីវ៉ាន់មានតម្លៃ ស្ទុះរត់ចេញមកក្រៅទាន់ពេល និង ស្រែកអោយអ្នកជិតខាងមកជួយ ។
ភ្លាមៗនោះ បងប្អូនប្រជាពលរដ្ឋ បានយកទឹក និងបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់អណ្តាតភ្លើង ប៉ុន្តែមិនមានលទិ្ធផល ទើបរាយការណ៍ដល់អាជ្ញាធរ និងក្រុមរថយន្តពន្លត់អគញគ្គីភ័យ អោយចុះអន្តរាគមន៍ភ្លាមៗ ផងដែរ ។ ខណៈនោះ រថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាច្រើនគ្រឿង បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុផងដែរ ដើម្បីបាញ់ទឹកទប់ស្កាត់អណ្តាតភ្លើង ប៉ុន្តែទោះបីជាយ៉ាងណា មុនពេលដែលរថយន្តពន្លត់អគ្គីភ័យទៅដល់ គឺបន្ទប់ខាងលើ ត្រូវបានអណ្តាតភ្លើងឆាបឆេះអស់ហ្មត់ទៅហើយ ។
សូមបញ្ជាក់ថា ក្នុងករណីខាងលើនេះ ក្រោយសមត្ថកិច្ចប្រើប្រាស់រថយន្តអស់ ៣គ្រឿងដើម្បីទប់ស្កាត់អណ្តាតភ្លើងអោយរលត់សូន្យសុង ១០០ភាគរយហើយនោះ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ការឆាបឆេះនេះ គឺ បណ្តាលមកពី ការឆ្លងចរន្តអគ្គីសនី ។ ក្នុងករណីដដែលនេះ គឺបន្ទប់ស្នាក់នៅមួយ រួមជាមួយសម្ភារៈ ក៏ដូចជាទ្រព្យសម្បត្តិមួយចំនួន ត្រូវឆេះអស់ហ្មត់គ្មានសល់ ៕


