មនុស្សម្នាក់ដែលគេចផុតពីក្តីស្លាប់បានរៀបរាប់ឲ្យដឹងថា ក្រុមខ្មាន់កាំភ្លើងបូកូហារ៉ាម បានគប់គ្រាប់បែកសាំង ចូលទៅក្នុងភូមិដុតកម្ទិចអ្វីៗគ្រប់យ៉ាង សម្លាប់មនុស្សរហូតដល់ទៅ៨៦នាក់ ។សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្ត៍បានផ្សាយថាសាកសពជនរង្គ្រោះឆេះខ្លោចទាំងអស់ពីបាកក្នុងការកំណត់អត្តសញ្ញាណ។ ការវាយប្រហារខាងលើរបស់ក្រុមបូកូហារ៉ាមសម្តៅទៅលើភូមិ Dalori និងជំរុំជនភៀសខ្លួននៅក្បែរនៅដែលមានពលរដ្ឋប្រមាណ២៥ពាន់នាក់រស់នៅ កាលពីយប់ថ្ងៃទី៣១ខែមករា។
លោកAlanmin Bakura ដែលបានរួចផុតពីក្តីស្លាប់នោះបានប្រាក់សារព័ត៌មានAP តាមទូរស័ព្ទថាការបាញ់ប្រហារ គប់គ្រាប់បែកសាំង និងគ្រាប់បែក របស់ខ្មាន់កំភ្លើង៣នាក់ ធ្វើឡើងក្នុងរយៈ៤ម៉ោងធ្វើឲ្យពលរដ្ឋនៅទីនោះមានភាពចលាចលយ៉ាងខ្លាំង។ សាច់ញ្ញាត្តិរបស់លោក Bakura ជាច្រើននាក់បានស្លាប់នៅក្នុងហេតុការខាងលើ។ ស្ថានភាពកាន់តែអាក្រក់ថែមទៀតពេលដែលស្ត្រីវាយប្រហារគ្រាប់បែកអត្តឃាតបានបំផ្ទុះគ្រាប់បែកជាប់នៅលើខ្លួន ក្នុងពេលដែលក្រុមសង្គ្រោះកំពុងតែធ្វើការ បណ្តាលឲ្យមានអ្នកស្លាប់កាន់តែច្រើនថែមទៀត។
លោកMohammed kanar មន្ត្រីសង្គ្រោះបន្ទាន់ក្នុងតំបន់បានឲ្យដឹងថាក្រោយហេតុការវាយប្រហារ គេបានរកឃើញសាកសព៨៦នាក់ និងមានអ្នករងរបួស៦២នាក់បានបញ្ចូនទៅកាន់មន្ទីពេទ្យសង្គ្រោះបន្ទាន់ ។
ចាប់តាំងពីរដ្ឋាភិបាល បានប្រើប្រាស់កម្លាំងយោធាវាយប្រហារកម្ចាត់ក្រុមបូកូហារ៉ាម ក្រុមនេះកាន់តែបង្កើតការវាយប្រហារទៅលើទីប្រជុំជនសម្លាប់ពលរដ្ឋស្លូតត្រងជាច្រើន។ ក្នុងរយៈពេល៦ឆ្នាំនៃការក្រោកឈរឡើងប្រឆាំងរដ្ឋាភិបាលរបស់ក្រុមបូកូហារ៉ាម ក្រុមនេះបានសម្លាប់ពលរដ្ឋស្លូតត្រង់ដល់ទៅ ២មឺននាក់និងជាង២,៥លាននាក់ត្រូវចាកចេញពីផ្ទះសម្បែង៕