![]() |
MENU
|

រាជធានីភ្នំពេញ ៖ នៅវេលារសៀលថ្ងៃទី២៩ មករា ឆ្នាំ២០១៦នេះ មន្ត្រីកាំកុងត្រូលសាខារាជធានីភ្នំពេញ ដឹកនាំដោយលោកគង់ វុទ្ធី អនុប្រធានកាំកុងត្រូលរាជធានី សហការជាមួយ មន្ត្រីសាខាផែស្ងួតចុងទីក្រុងភ្នំពេញ បានចុះត្រួតពិនិត្រតូបចំនួន២ ដែលលក់ស្ករត្នោតលាយជាតិគីមីខុសច្បាប់ នៅចំណុចផ្សារច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លោកគង់ វុទ្ធី អនុប្រធានកាំកុងត្រូលសាខារាជធានី បានប្រាប់អោយដឹងថា អគ្គនាយកដ្ឋានកាំកុងត្រូល បានចាត់វិធានការជាបន្ទាន់មួយ អោយមន្ត្រីជំនាញគ្រប់សាខាទាំងអស់ទូទាំងរាជធានី ខេត្ត ក្រុង ចុះស្វែងរកវត្តមាននៃសារធាតុ សូដ្យូម អ៊ីដ្រូស៊ុលហ្វីត (Sodium Hydrosulfite) នៅលើទីផ្សារម្ហូបអាហារ បន្ទាប់ពីសារធាតុនេះត្រូវបានរកឃើញនៅក្នុងស្ករត្នោតនាពេលថ្មីៗនេះ។ ដោយឡែក មន្ត្រីជំនាញសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដឹកនាំដោយលោក ពេញ ធារម្យ បានចុះទៅតាមទីផ្សារដែលជាមុខព្រួញសំខាន់ៗមួយចំនួនរួចមកហើយក្នុងរាជធានីភ្នំពេញ ជាក់ស្តែងដូចនៅពេលនេះ ដើម្បីអនុវត្តវិធានការបន្ទាន់នេះ ។
ក្រោយការចុះត្រួតពិនិត្ររួច សមត្ថកិច្ចបានរកឃើញ ស្ករត្នោត ដែលមានលាយលំសារជាតិគីមីឈ្មោះ (សូដ្យូម អ៊ីដ្រូស៊ុលហ្វីត (Sodium Hydrosulfite) ចំនួន ៧ធុង ស្មើរនឹង ៥៦០គីឡូក្រាម ។ ក្រោយរកឃើញថា មានសារជាតិគីមីខុសច្បាប់ហើយនោះ មន្ត្រីជំនាញបានរឹបអូស យកស្ករត្នោតទាំង ៧ធុង ពីម្ចាស់ស្ករត្នោតចំនួន២ទីតាំង យកទៅនាយកដ្ឋានកាំកុងត្រូល រងចាំធ្វើការដុតកម្ទេចចោល ។
លោក ពេញ ធារម្យ មន្ត្រីជំនាញសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានអោយដឹងថា មិនមែនមានតែមន្ត្រីជំនាញសាខាផែស្ងួតចុងទីភ្នំពេញតែមួយនេះទេដែលចុះត្រួតពិនិត្យ អប់រំផ្សព្វផ្សាយ និងធ្វើការហាមប្រាមមិនអោយប្រើប្រាស់សាធាតុគីមីហាមឃាត់នេះលើម្ហូបអាហារតាមទីផ្សារ ប៉ុន្តែវិធានការនេះត្រូវបានធ្វើលើទីផ្សារទូទាំងប្រទេស ដោយមន្ត្រីជំនាញកាំកុងត្រូលដែលកំពុងឈរជើងគ្រប់ខេត្តក្រុង។ ការស្វែងរក វត្តមាននៃសារធាតុ Sodium Hydrosulfite ក្នុងស្ករត្នោត ក៏ដូចជាក្នុងម្ហូបអាហារដ៏ទៃទៀតដែរនៅលើទីផ្សារ ត្រូវធ្វើឡើងដោយការធ្វើតេស្តបឋម។ ក្នុងករណីដែលរកឃើញវត្តមាន Sodium Hydrosulfite ក្នុងម្ហូបអាហារណាមួយ ម្ហូបអាហារនោះនឹងត្រូវឃាត់ទុក ទន្ទឹមគ្នានឹងការបញ្ជូនគំរូទៅធ្វើការពិសោធន៍បន្ថែមនៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូល មុននឹងធ្វើចំណាត់ការផ្លូវច្បាប់។ សារធាតុគីមីដែលមានឈ្មោះថា Sodium Hydrosulfite ត្រូវបានហាមឃាត់មិនអោយប្រើប្រាស់ក្នុងម្ហូបអាហារដោយគណម្មការកូដិច (CODEX) ជាតិនិងអន្តរជាតិ។ ផ្អែកលើឯកសារបច្ចេកទេស វត្តមាននៃសារធាតុ Sodium Hydrosulfite ក្នុងម្ហូបអាហារ អាចនឹងធ្វើអោយអ្នកប្រើប្រាស់ច្រើននិងយូរអង្វែងប្រឈមនឹងសម្ពាធឈាមធ្លាក់ចុះ ថប់ដង្ហើម ឈឺក្រពះ ក្អួត រាគ ឬឡើងកន្ទួលស្បែក ៕


