រាជធានីភ្នំពេញ ៖ មានហេតុការណ៍បាញ់ប្រហារមួយបានកើតឡើង នៅតាមបណ្តោយផ្លូវលេខ ៧០ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បន្ទាប់ពីមានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ២នាក់ ជិះម៉ូតូម៉ាក FTR បានឌុបគ្នាមកធ្វើសកម្មភាពបាញ់ប្រហារ ១គ្រាប់ទៅលើយុវជន២នាក់ ដែលកំពុងជិះម៉ូតូឌុបគ្នា បណ្តាលអោយយុវជនជាអ្នកឌុបចំត្រូវពោះរងរបួសធ្ងន់ធ្ងរ ត្រូវបញ្ចូនទៅសង្គ្រោះភ្លាមៗ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២២ និង ៣០នាទីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ។ យុវជនរងគ្រាះឈ្មោះសុខ ឡាយ អាយុ២១ឆ្នាំ មុខរបជួសជុលរថយន្តនៅម្តុំ រង្វង់ទួលគោក ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍បានរៀបរាប់អោយដឹងថា នៅមុនពេលកើតហេតុគេសង្គេតឃើញយុវជនរងគ្រោះទាំង ២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ស គ្មានស្លាកលេខ ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៧០ ( ទំនប់ទួលគោក ) ពីកើតទៅលិច ។ ខណៈមកដល់ចំណុចមុខផ្ទះសំណាក់លេខ ៦១៦ ស្រាប់តែមានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក FTR មិនចាំស្លាកលេខ បានជិះមកពីក្រោយ រួចធ្វើសកម្មភាព បាញ់ប្រហារ ចំនួន ១គ្រាប់ទៅលើយុវជនរងគ្រោះទាំង២នាក់ បណ្តាលអោយគ្រាប់កាំភ្លើងត្រូវចំពោះយុវជនជាអ្នកបើកម៉ូតូ ដួលរងរបួសធ្ងន់ធ្ងរ ។ ភ្លាមៗនោះ ខ្មាន់កាំភ្លើងទាំង២នាក់ បានជិះម៉ូតូរត់គេចបាត់ស្រមោលសូន្យឈឹង ។ ដោយឡែកជនរងគ្រោះ ត្រូវដេកក្នុងថ្លុកឈាមត្រដរយំ រហូតជិត ១ម៉ោង ទើបមានរថយន្តសង្គ្រោះ មកទទួលយកទៅសង្គ្រោះ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាកម្លាំងកងរាជអាវុធហត្ថ បានចុះអន្តរាគមន៍ ភ្លាម ប៉ុន្តែបានត្រឹមតែរើសសម្បកគ្រាប់កាំទុះ តែប៉ុណ្ណោះ គ្មានលទ្ធិផល វិជ្ជមានអ្វីល្អជាងនេះឡើយ ។ ដោយឡែកតំរុយ នៃការចាប់ជនល្មើសគឺគ្មានទាំងស្រុង ៕