ធានីភ្នំពេញ ៖ មុខសញ្ញាប្លន់ប្រដាប់អាវុធយ៉ាងសកម្មម្នាក់ និងជាបក្សពួករបស់ក្រុមចោរ២នាក់ដែលត្រូវសមត្ថកិច្ចអាវុធហត្ថបាញ់ស្លាប់កាលពីអំឡុងចុងឆ្នាំ២០១៥ និង៤នាក់ទៀតត្រូវចាប់ខ្លួន ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌជ្រោយចង្វា សហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានកាលពីវេលាល្ងាចម្សិលមិញ ក្នុងភូមិសាស្ត្រដីទឹកខណ្ឌជ្រោយចង្វា ។
មន្ត្រីសមត្ថកិច្ចអោយដឹងថា ជនសង្ស័យមានឈ្មោះ ហ៊ឹម សុភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ។ ក្រោយការឃាត់ខ្លួន ជនរូបនេះ ត្រូវបញ្ចូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញភ្លាមៗ រងចាំសាកសួរនាំបន្ថែម និងចាត់ការទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។
សូមបញ្ជាក់ថា ជនសង្ស័យហ៊ឹម សុភ័ក្រ គឺជាដៃជើង ជាមួយក្រុមជនសង្ស័យជាមុខសញ្ញាប្លន់យ៉ាងសកម្មចំនួន ៦នាក់ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប ដោយក្នុងនោះ មាន២នាក់ ត្រូវបានសមត្ថកិច្ចបាញ់ស្លាប់ភ្លាមៗ នៅចំណុចហាងចាក់ខ្ជៅមួយកន្លែង ( ផ្លូវច្រកចូលភ្នំបាសិទញ ) ក្នុងខណ្ឌព្រែកភ្នៅ និង៤នាកផ្សេងទៀត មានស្រី២នាក់ ត្រូវបានចាប់ខ្លួន និងកសាងនីតិវិធីចាត់ការទៅតាមផ្លូវច្បាប់ កាលពីអំឡុងចុងខែវិច្ឆិកា ឆ្នាំ២០១៥ កន្លង ៕