សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ គ្រោងនឹងនាំចេញស្ករត្នោត ទៅកាន់ទីផ្សារអន្តរជាតិ ឲ្យបាន ៥០០តោនក្នុងឆ្នាំ ២០១៦នេះ ដែលក្នុងនោះមានក្រុមហ៊ុនចំនួន ៨ កំពុងប្រមូលទិញស្ករត្នោតពីកសិករ។
ការបញ្ជាទិញស្ករត្នោតក្នុងឆ្នាំ ២០១៦ មានការកើនឡើងខ្ពស់ បើធៀបនឹងរដូវកាលឆ្នាំ ២០១៥នេះ ដែលមានត្រឹមតែចំនួន ១៥០តោន តែប៉ុណ្ណោះ។ ជាមួយនឹងការប្ដេជ្ញា របស់សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺនេះ បានជួយជម្រុញប្រជាកសិករ ខិតខំផលិតស្ករត្នោតកម្ពុជា ឲ្យមានកំណើនបន្ថែមទៀត។
លើសពីនេះក៏ធ្វើឲ្យតម្លៃស្ករត្នោតកម្ពុជា នៅទីផ្សារអន្តរជាតិមានតម្លៃខ្ពស់ ដោយតម្លៃស្ករត្នោតក្នុងឆ្នាំនេះ ស្មើនឹង ១៥០០ដុល្លារអាមេរិក ក្នុងមួយតោន បើធៀបនឹងឆ្នាំមុនមានតម្លៃ ១៣០០ដុល្លារអាមេរិកប៉ុណ្ណោះ។
ទាក់ទងទៅនឹងបញ្ហាក្តីបារម្ភលើ ការផលិតស្ករត្នោត សម្រាប់រដូវកាលថ្មី ដោយផ្តោតសំខាន់ទៅលើកត្តាអាកាសធាតុ គឺការរាំងស្ងួតនៅដើមរដូវ ដែលជាហេតុធ្វើឲ្យស្ករត្នោត មិនអាចចេញផ្កា។ ទន្ទឹមនឹងនេះដែរ បញ្ហានៃការបន្លំម៉ាកស្ករត្នោតកំពង់ស្ពឺ ក៏ជាកង្វល់ចំបងរបស់សមាគមផងដែរ ដែលធ្វើឲ្យប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះផលិតផល សម្គាល់ភូមិសាស្រ្តមួយនេះ។
សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ដែលបង្កើតឡើងនៅក្នុងឆ្នាំ ២០០៨ មានក្រុមហ៊ុនទិញជាដៃគូដំបូងតែចំនួន ៣ប៉ុណ្ណោះ ក្នុងនោះមានក្រុមហ៊ុនកុង ហ្វីរ៉េល សហគ្រាសសេដាក និងក្រុមហ៊ុនដេត ហើយគ្មានការទិញពីក្រុមហ៊ុននៅក្រៅប្រទេសទេប៉ុន្តែក្រោយពេលមានការចុះបញ្ជី ជាផលិតផលសម្គាល់ភូមិសាស្រ្តទំនិញនៅកម្ពុជា (GI) ដោយក្រសួងពាណិជ្ជកម្មនៅក្នុងខែមេសា ឆ្នាំ ២០១០រួចមក ជាលទ្ធផល ចំនួនក្រុមហ៊ុនទិញក៏មានការកើនឡើង ដែលមានក្រុមហ៊ុនមកពីប្រទេសក្រៅស្រុកផងដែរ៕