នៅព្រលប់ថ្ងៃទី២ខែមីនា មានករណីរញ្ជួយដីគម្រិត ៧,៩រិចទ័រ នៅភាគពាយព្យនៃកោះសូម៉ាត្រប្រទេសឥណ្ឌូនេស៊ី ធ្វើឲ្យមន្ត្រីក្នុងតំបន់ប្រកាសអាសន្នពីរលកយ័ក្សស៊ូណាមិ។
ក្រុមធរណីមាត្រអាមេរិក USGS បានបញ្ចាក់ថា ការរញ្ជួយដីគម្រិត ៧,៩រិចទ័រ ស្ថិតនៅភាគពាយ័ព្យនៃកោះសូម៉ាត្រា នៅវេលាម៉ោង ១៩ និង ៤៩នាទីយប់ ថ្ងៃទី២ខែមីនា ក្នុងជម្រៅ១០គីឡូម៉េត្រនៅក្រោមដី។
មកទល់ពេលនេះ មិនទាន់មានរបាយការស្តីពីការខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិតនៅឡើយ។ សារព័ត៌មាន AFP បានផ្សាយថាអង្គការតាមដាក់ការរញ្ជួយដីឥណ្ឌូនេស៊ី BMKG បានឲ្យដឹងថា រញ្ជួយដីគម្រិត ៧,៨រិចទ័រ ធ្វើឲ្យមន្ត្រីនៅក្នុងតំបន់ប្រកាសអាសន្នពីរលក់យ័ក្សស៊ូណាមិនៅតំបន់ភាគខាងលិចកោះស៊ូម៉ាត្រា និង Aceh ។
មន្ត្រីអូស្ត្រាលីក៏បានប្រកាសអាសន្នពីរលកយក្សស៊ូណាមិផងដែរនៅកោះ Cocos និង Christmas ។ សារព័ត៌មាន AFP បានផ្សាយថា ពលរដ្ឋរស់នៅតំបន់ Padang មានការភ័យខ្លាចយ៉ាងខ្លាំងរត់ចេញពីផ្ទះទៅកាន់ដំបន់ខ្ពស់ខ្លាចរលកយក្សស៊ូណាមិ។ ចរាចរណ៍ក៏បានផ្អាកនៅលើដងផ្លូវមួយចំនួននៅតាមឆ្នេរសមុទ្រ។
ប៉ុន្តែនៅលើគេហទំព័ររបស់ USGS បានផ្សាយថា រញ្ជួយដីខាងលើមិនអាចបង្ករឲ្យមានការខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិត ក៏ដូចជាសំណងផ្សេងៗនៅក្នុងដំបន់។ ការរញ្ជួយដីកាលពីឆ្នាំ2004 ក៏បានកើតឡើងនៅក្នុងតំបន់ខាងលើ បណ្តាលឲ្យមនុស្សស្លាប់រាប់មឺននាក់។ ទាំងនោះហើយបានធ្វើឲ្យពលរដ្ឋនៅក្នុងតំបន់មានការភ័យខ្លាច នៅពេលមានការរញ្ជួយដីកើតឡើង៕