ជាការពិតបញ្ហាកង្វះអាហារូបត្ថម្ភលើកុមារនៅតែជាបញ្ហាដ៏សំខាន់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៏ក៏ដូចជាប្រទេសកម្ពុជាយើងផងដែរ។ ធនធានមនុស្សសំខាន់ណាស់សំរាប់ក្រុមគ្រួសារនិមួយៗក៏ដូចជាប្រទេសជាតិទាំងមូល។ ធនធានមនុស្សល្អសំខាន់ត្រូវផ្តើមចេញពីការថែរក្សាកុមារអោយល្អទាំងផ្នែករូបរាងកាយខាងក្រៅ សុខភាព និង អារម្មណ៏ផ្លូវចិត្តខាងក្នុង។ ហេតុដូចនេះហើយទើបរាជរដ្ឋាភិបាលក៏ដូចជាអង្គការជាច្រើនកំពុងយកចិត្តទុកដាក់ និង អនុវត្តន៏យ៉ាងសកម្មលើការងារនេះ ក្នុងគោលដៅលើកកំពស់សុខមាលភាពកុមារ ដែលជាទំពាំងស្នង ឬស្សីរបស់ប្រទេសជាតិ។
អាស្រ័យហេតុដូចនេះហើយ បានជាសារព័ត៌មានសំលេងសហគមន៏ខ្មែរយើងខ្ញុំ ខិតខំប្រមែរប្រមូលឯកសារដើម្បីធ្វើការចងក្រងឡើងដែលជាចំនេះដឹងមួយផ្នែកទាក់ទងនឹងបញ្ហាកង្វះអាហារូបត្ថមនេះ។
តើកង្វះអាហាររូបត្ថមជាអ្វី?
កង្វះអាហារូបត្ថម្ភគឺសំដៅលើកុមារ ដែលមិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ទៅផ្គត់ផ្គង់លើរាងកាយរបស់កុមារនីមួយៗ។ ហើយជាទូទៅកុមារមានកំរិតគ្រោះថ្នាក់ធ្ងន់ធ្ងរជាងមនុស្សចាស់។ កង្វសារធាតុចិញ្ចឹមចំបងៗនៃអាហាររូបត្ថមមានដូចជា កង្វះជាតិដែក កង្វះវីតាមីនអា(A) កង្វះវីតាមីន B-1 រឺជាតិ (Thiamine) កង្វះវីតាមីន B-3 (niacin) កង្វះវីតាមីន B-9 (folate) កង្វះវីតាមីនដេ(D)និងកង្វះជាតិកាល់ស្យូម(Calcium )។
រោគសញ្ញានៃកង្វះអាហាររូបត្ថមៈ
លក្ខណៈខាងក្រៅនៃកុមារខ្វះអាហាររូបបត្ថមដែលយើងងាយមើលឃើញនឹងភ្នែកមានដូចជា ទំងន់មិនគ្រប់ធៀបនឹងអាយុ (មើលតាមសៀវភៅតាមដានសុខភាពពណ៏លឿងរបស់ក្រសួងសុខាភិបាល) រឺ រាងកាយកុមារក្រិន។ និងមានរោគសញ្ញាជាច្រើនទៀតដូចជាៈ ស្បែកស្លេកស្លាំង អស់កម្លាំង ទន់ខ្សោយ មិនរហ័សរហួន ពិបាកក្នុងការដកដង្ហើម ការឃ្លានអាហារមិនធម្មតា ការជ្រុះសក់ មមើមមាយ ការទល់លាមក ងងុយគេងច្រើន ឧស្សាហ៏ញ័រទ្រូង សន្លប់ ឬដួលសន្លប់ មានជំងឺធ្លាក់ទឹកចិត្ត ពើតនិងស្ពឹកនៃសន្លាក់ ការរំញោចនៃខួរក្បាលស្ពឹក និង ពុំមានអារម្មណ៏នឹងនរ។
ហានិភ័យនៃកង្វះអាហាររូបត្ថមរបស់កុមារៈ
កុមារដែលខ្វះអាហាររូបត្ថម ប្រឈមមុខនឹងហានិភ័យនៅថ្ងៃខាងមុខនូវបញ្ហាជាច្រើនមានដូចជា ការធាត់លើសទម្ងន់ ជំងឺបេះដូងជំងឺធ្លាក់ទឹកចិត្ត សម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម ការពុកធ្មេញ ភាពស្លេកស្លាំង សម្ថភាពនៃការគិតថយចុះ និងជំងឺពុកឆ្អឹង។
វិធីសាស្រ្តការពារ និង ទប់ស្កាត់ៈ
១- ការផ្តល់ចំណីអាហារគ្រប់គ្រាន់ និង គ្រប់ជីវជាតិ ជាពិសេសកុមារអាយុចាប់ពី៦ ខែត្រូវផ្តល់បបរខាប់គ្រប់គ្រឿងបន្ថែមលើទឹកដោះម្តាយ
២- ការប្រើប្រាស់អំបិលអ៊ីយ៉ូត
៣- ការចាក់ថ្នាំបង្ការរោគ និង ប្រឆាំងនឹងជំងឺ(វ៉ាក់សាំង)
៤- ការផ្តល់វីតាមីន ថ្នាំទំលាក់ព្រូន និង ថ្នាំជាតិដែក
៥- ការរស់នៅមានទំលាប់អនាម័យល្អ