សារធាតុកាល់ស្យូមជួយអភិវឌ្ឍន៏ឆ្អឹង និងធ្មេញរបស់អ្នកអោយរឹងមាំ។ វាក៏អាចជួយបេះដូង សរសៃប្រសាទនិងសាច់ដុំរបស់អ្នកអោយបំពេញមុខងារតាមតួនាទី។ កង្វះជាតិកាល់ស្យូមជាញឹកញាប់មិនបានបង្ហាញរោគសញ្ញាភ្លាមៗទេតែវាអាចនាំឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរក្នុងរយៈពេលវែង។ ប្រសិនបើអ្នកមិនបានប្រើប្រាស់ជាតិកាល់ស្យូមឱ្យបានគ្រប់គ្រាន់នោះទេ ខ្លួនរបស់អ្នកនឹងប្រើប្រាស់ជាតិកាល់ស្យូមចេញពីឆ្អឹងរបស់អ្នកជំនួសវិញ ដែលនាំឱ្យមានការបាត់បង់ភាពរឹងមាំឆ្អឹងអ្នកយ៉ាងលឿន។
កង្វះជាតិកាល់ស្យូមទាក់ទងទៅនឹងការធ្លាក់ចុះនៃទំហំឆ្អឹង ភាពចុះខ្សោយនៃឆ្អឹង ដោយសារតែជំងឺពុកឆ្អឹង, ការកន្រ្តាក់ និង ចង្វាក់បេះដូងមិនប្រក្រតី។ បញ្ហាទាំងនេះធ្ងន់ធ្ងរអាចគំរាមកំហែងដល់អាយុជីវិតយើង។ ស្ត្រីដែលអស់រដូវមានផលប៉ះពាល់យ៉ាងខ្លាំងដល់ឆ្អឹង ដោយសារការផ្លាស់ប្តូរអ័រម៉ូន និងមានបញ្ហាក្នុងការស្រូបយកជាតិកាល់ស្យូម។
ប្រភពល្អបំផុតនៃជាតិកាល់ស្យូម គឺផលិតផលទឹកដោះគោ ដូចជាទឹកដោះគោជូរឈីស ដុំតៅហ៊ូ និងត្រីល្អិតមួយចំនួនដែលបរិភោគទាំងឆ្អឹង ប្រភេទបន្លែមានដូចជាស្ពៃក្តោប ខាត់ណា ធញ្ញជាតិ និងគ្រាប់ធញ្ញជាតិជាច្រើនទៀត។