រាជធានីភ្នំពេញ៖ ពិតជារន្ធត់ និងរំជួលចិត្តខ្លាំងជាមួយនឹងអ្នកនិពន្ធនិងអ្នកដឹកនាំផលិតកម្មវិធី លោក ឧត្តម បញ្ញា ដែលទើបនឹងបាត់បង់ឪពុកជាទីគោរពមិនបានប៉ុន្មានថ្ងៃផងស្រាប់តែពេលនេះម្តាយជាទីស្រលាញ់ត្រូវស្លាប់បាត់បង់ជីវិតបន្តទៀត។
ឪពុករបស់លោក ឧត្តម បញ្ញា ឈ្មោះ ហ៊ុន វាសនា បានទទួលមរណភាពកាលពីថ្ងៃទី២២ខែឧសភានេះដោយសារជំងឺប្រចាំកាយ។ ក្រោយពីមរណភាពរបស់ឪពុកលោកមានអារម្មណ៍សោកសង្រេងខ្លាំងរហូតពិបាកនឹងវិលរកការវិញដូចគ្រាមុនបាននៅឡើយ។ អ្វីដែលជាទុក្ខ ជាន់លើទុក្ខគឺកាលពីថ្ងៃទី២ខែមិថុនានេះម្តាយរបស់លោកបានទទួលមរណភាពបន្តទៀតរហូតធ្វើឲ្យលោកកាន់តែពិបាកចិត្តទ្វេឡើង។
សារក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកបានលើកឡើងថា “ម៉ែហេតុអីម៉ែដាច់ចិត្តទៅចោលកូន? ម៉ែឈប់ស្រលាញ់កូនមែនអត់? ប៉ាទើបទៅចោលកូនបាន១១ថ្ងៃម៉ាក់ក៏ចាចេញពីកូនទៀត តើកូនមានអ្វីជាទីពឹងទៀត។ ម៉ែកូនរងារណាស់ កូនពិបាកក្នុងចិត្តណាស់កូនចង់ឲ្យម៉ែមកវិញ”។
លោកឧត្តម បញ្ញា បញ្ជាក់ថា ក្នុងរយៈពេលដ៏ខ្លីលោកបាត់បង់ទាំងម្តាយ និងឪពុកដោយមិនបានត្រៀមចិត្តចាប់ពីពេលនេះទៅនឹងគ្មានអ្នកជួយដាល់តឿនលោកទៀតហើយ។
ដំណឹងដ៏ក្រៀមក្រំនេះបានធ្វើឲ្យសិល្បករមួយចំនួនដែលស្គាល់លោកបានបង្ហាញអារម្មណ៍សោកស្តាយចំពោះហេតុការណ៍ដែលមិនគួរឲ្យជឿព្រោះតែភ្លាមៗត្រូវបាត់បង់អ្នកមានគុណទាំងពីររូប។ ក្រៅពីសាររំលែកទុក្ខដ៏ក្រៀមក្រំនេះលោកក៏ទទួលបានការលើកទឹកចិត្តឲ្យបន្តតស៊ូរស់នៅជាមួយនឹងក្តីសង្ឃឹមផងដែរ។ពិធីបុណ្យ ត្រូវបានរៀបចំធ្វើនៅផ្លូវចូលខ្លោងទ្វារវត្តគោកខ្សាច់សង្កាត់ពងទឹកខណ្ឌដង្កោរ។ សម្រាប់សិល្បករដែលមានបំណងចូលរួមពិធីបុណ្យសពខាងលើអាចទាក់ទងទៅកាន់លេខទូរស័ព្ទ 081333814 និងលេខ078333159៕