MENU
|
រាជធានីភ្នំពេញ៖ តារាចម្រៀងដែលដុះចេញពីការបង្ហាញវត្តមានក្នុងកម្មវិធីប្រឡងចម្រៀងខេមបូឌានអាយឌលរដូវកាលទី១របស់ហង្សមាសលោកសៅ ឧត្តមដែលមានសំឡេងពិរោះបានងាកមកពង្រីកទីផ្សារសម្តែងដោយរំពឹងថាអាចស្តាភាពលេចធ្លោជាបន្តទៀតផងដែរ។
សម្រាប់អ្នកគាំទ្រសៅ ឧត្តមពួកគេពិតជាទទួលបានការប្លែកអារម្មណ៍ដែលតារាកំពុងលេចធ្លោរូបនេះបានងាកមកចាប់ការងារទីផ្សារសម្តែងដោយក្តាប់ចម្រៀងដូចពីមុនដដែល។ក្នុងការចូលមកកាន់វិថីសម្តែងពេលនេះសៅ ឧត្តមបានសម្តែងជូនផលិតកម្មអិលឌីដោយបានចែចូវចូលមុនគេយកលោកជាតារាប្រចាំផលិតកម្ម។សម្បុរស្រអែមស្រស់រាងខ្ពស់មុខមាត់កាត់ខ្មែរពិតៗជាចំនុចពិសេសធ្វើឲ្យឧត្តមកាន់តែទាក់ទាញហើយត្រូវម៉ាច់សម្រាប់ត្រេមុខតួខ្មែរដែលផលិតករកំពុងចង់បានណាស់។
លោកសៅ ឧត្តមបានបញ្ជាក់ថា "និយាយទៅអត់មានចង់បោះបង់អីទេបងសម្រាប់ចម្រៀងនៅតែច្រៀងដដែលចាប់ទាំង២។ ខ្ញុំស្រលាញ់ទាំងហ្នឹង ហើយបើអាចរីកចម្រើនទាំងពីរមែនកាន់តែប្រសើរឡើង"។
តារាចម្រៀងវ័យក្មេងរូបនេះអះអាងដូច្នេះគ្រាដែលលោកទើបចុះកុត្រាឱ្យផលិតកម្ម LD Picture រយៈពេល ៣ឆ្នាំ កាលពីពេលថ្មីៗ។ គ្រាន់តែចុះកុងត្រាភ្លាមម្ចាស់ផលិតកម្មលោក លៀក លីដា ផ្ដល់ការថតភាពយន្ត ៣ទៅ៤រឿងភ្លាម ហើយថែមទាំងមានឱកាសអាចច្រៀងឱ្យផលិតកម្ម បានទៀតផង។
ប្រការបែបនេះហើយបានធ្វើឱ្យលោក សៅ ឧត្ដម បង្ហាញក្ដីសប្បាយរីករាយជាខ្លាំង។ ក្នុងនោះលោកជឿជាក់ថា ការបោះជំហានចូលក្នុងអាជីពសម្ដែងអាចនឹងធ្វើឱ្យប្រជាប្រិយភាពរបស់ខ្លួនកើនខ្ពស់មួយកម្រិតទៀត។
ទន្ទឹមនឹងក្ដីសប្បាយរីករាយចំពោះអ្វីដែលម្ចាស់ផលិតកម្ម LD Picture ផ្ដល់ឱ្យតារាចម្រៀងលោក សៅ ឧត្ដម បានប្ដេជ្ញាចិត្តថានឹងប្រឹងសម្ដែងឱ្យអស់ពីសមត្ថភាពក្នុងន័យកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងពិភពសិល្បៈឱ្យកាន់តែខ្លាំងជាងមុន។ យ៉ាងណាលោកក៏ស្នើទស្សនិកជន និងអ្នកគាំទ្ររបស់ខ្លួនជួយគាំទ្រស្នាដៃភាពយន្តរបស់លោកត្រៀមនឹងចេញនាពេលដ៏ខ្លីខាងមុខផងដែរ។