MENU
|
រាជធានីភ្នំពេញ៖ តារាចម្រៀងវ័យក្មេងជះពន្លឺក្នុងសិល្បៈដែលមានប្រភពចេញពីការប្រឡងខេមបូឌានអាយឌលរដូវកាលទី១កញ្ញាសុវត្ថិឌី ធារិកាកាលពីមួយរយៈលេឭថានាងបានច្រៀងជូនផលិតកម្មមួយជាផ្លូវការជាមួយក្រុមប្រឡងរបស់នាង។យ៉ាងណាពេលនេះតារាសំឡេងពិរោះរូបនេះបានប្រកាសថានាងមិនទាន់ច្រៀងឲ្យផលិតកម្មណាមួយនៅឡើយទេពោលទំនេរសុទ្ឋតែម្តង។
ការធ្លាប់ដឹងដំណឹងនេះក្រោយមានការអះអាងថានាងច្រៀងក្នុងផលិតកម្មរីកឃីតមេឌាដែលក្នុងនោះមានតារាចម្រៀងអ៊ាម វន្នី សៅ ឧត្តម មាស មុនីរាជនិងសុវត្ថិឌី ធារិកាដែលបង្កឲ្យអ្នកស្រឡាញ់គាំទ្រតារាទាំងអស់នោះសង្ឃឹមថាពួកគេនិងទទួលបានប្រជាប្រិយភាពពីសំណាក់ទស្សនិកជនព្រោះសុទ្ឋតែជាអ្នកមានសំឡេងល្អៗទាំងអស់និងដុះចេញពីកម្មវិធីប្រឡងលំដាប់ពិភពលោកត្រូវឆ្លងកាត់បណ្តាវិញ្ញាសាយ៉ាងច្រើនពោលចិញ្ច្រាំយ៉ាងអស់ដៃតែម្តងមុននិងមានឈ្មោះជាតារាដែលមហាជនចាប់អារម្មណ៍ពេលនេះ។
បញ្ជាក់ជូនទស្សនិកជនជាថ្មីម្តងទៀតតារាតូចច្រឡឹងតែសំឡេងច្រៀងពិរោះសុវត្ថិឌី ធារិកាបានថ្លែងថានាងមានការភ្ញាក់ផ្អើលដែលសុខមានគេនិយាយថានាងបានចូលច្រៀងជូនផលិតកម្មមួយជាមួយក្រុមប្រឡងរបស់នាងដូចបងប្អូនបានស្គាល់កន្លង។យ៉ាងណាមិញរហូតមកទល់ពេលនេះនាងអត់ទាន់បានសម្រេចចិត្តចូលច្រៀងក្នុងផលិតកម្មណាទាំងនៅតែអស់គឺនាងទំនេរមិននៅក្រោមការគ្រប់គ្រងរបស់អ្នកណាឡើយ។នាងទទួលស្គាល់ថាពីមុននាងនិងបងៗជាអ្នករួមប្រឡងជាមួយមានបងអ៊ាម វន្នី សៅ ឧត្តម មាស មុនីរាជជាដើមធ្លាប់តែរួមគ្នាតែងជាចម្រៀងច្រៀងជូនតាមប្រព័ន្ឋយូធូបប៉ុណ្ណោះមិនមែនតាមផលិតកម្មនោះឡើយ។ចំណែកនាងគឺពេលនេះមានតែឆ្លៀតពេលទំនេរពីការងាររៀនសូត្រធ្វើជាបទចម្រៀងតែងថ្មីបែបស្នាដៃកូនខ្មែរច្រើនជាងតែត្រង់នៅខាងណានោះមិនទាន់មានដែរ។
តារាខ្លាចគេយល់ច្រឡំច្រៀងក្នុងផលិតកម្មធារិកានិយាយថាដោយសារតែមមាញឹកជាមួយការងារសិល្បៈនិងសិក្សានាងនៅមិនទាន់សម្រេចចិត្តប្រឡូកក្នុងវិស័យចម្រៀងរបស់ផលិតកម្មណានៅឡើយទេ។ក្នុងពេលនេះនាងនៅឯករាជ្យទាំងអស់ហើយច្រៀងជូនតាមបណ្តាស្ថានីយ៍ទូរទស្សន៍នានាដែលកំពុងតែមានការអញ្ជើញនាងចូលច្រៀងជាបន្តបន្ទាប់។ដូចនេះនាងរំពឹងថាបើនាងបានច្រៀងក្នុងផលិតកម្មណាមួយពិតប្រាកដបងប្អូនទាំងអស់ពិតជាជួយគាំទ្រដល់ទឹកដមសំឡេងរបស់នាងជាបន្តទៀតជាក់ជាមិនខាន។