MENU
|
រាជធានីភ្នំពេញ៖ តារាចម្រៀង ហេង សុវណ្ណារិទ្ឋ បានប្រកាសសារជាថ្មីម្តងទៀតថាខ្លួនលែងជាតារាចម្រៀងប្រចាំផលិតកម្មមួយទៀតហើយដោយមិនចង់លើកហេតុផលអ្វីឡើយ។តារារូបនេះបានខិតខំបញ្ចេញបទតែងថ្មីរបស់ខ្លួនមកដាក់លើទីផ្សារវិញម្តងដោយរំពឹងថានឹងចាប់ចិត្តពីអ្នកស្តាប់។
ហេង សុវណ្ណារិទ្ឋបានលើកឡើងថាការផ្តាច់ចេញពីផលិតកម្មងាកមកបង្កើតស្នាដៃខ្លួនឯងវិញជាការយល់ថាជារឿងថ្មីល្អព្រោះថានេះជាអារម្មណ៍មួយដែលលោកចង់បង្កើតឡើង។លោកថាពេលនេះលោកបានតាក់តែងស្នាដៃរបស់ខ្លួនផលិតជាបទចម្រៀងច្រៀងផ្ទាល់ខ្លួនជាមួយក្រុមការងារវិញម្តងក្រោយឈប់ច្រៀងឲ្យផលិតកម្មជាផ្លូវការមក។
លោករំពឹងថាស្នាដៃថ្មីនេះនឹងជួយលើកមុខមាត់ឲ្យផលិតផលថ្មីនៃទីផ្សារចម្រៀងមានភាពទាក់ទាញពីសំណាក់ទស្សនិកជនស្របពេលដែលខាងទូរទស្សន៍គេចង់ឲ្យលោកមានចម្រៀងផ្ទាល់ខ្លួនច្រើនពេលមកសម្តែងចុងអាទិត្យពិសេសនៅខាងម៉ាយធីវីនិងស៊ីធីអិន។ម្ល៉ោះហើយទើបលោកគិតថាជាជម្រើសល្អដែលលោកត្រូវតែធ្វើព្រោះលោកនឹងបានសម្រិតសម្រាំងបទល្អៗមកផលិតដើម្បីបានប្រជែងទីផ្សារ។
តារាដែលខំតែងបទថ្មីរូបនេះនិយាយទៀតថាលោកបានផលិតបទផ្ទាល់ខ្លួនមានចំណងជើងថា«សុំទោសបងធ្វើជាមនុស្សស្មោះមិនបាន»ហើយលោកសូមប្រកាសថានឹងមិនយកបទរបស់គេឬបទបរទេសមកកូពីថតច្រៀងឡើងវិញឡើងបើអាចលោកសុខចិត្តច្រៀងបទពីដើមមួយៗមកថតឡើងវិញល្អជាងដើម្បីបានជួយលើកកម្ពស់បទចាស់ៗជំនាន់ដើម។
ស្របពេលដែលសិល្បៈរបស់លោកមានការហក់ឡើងមានបណ្តាស្ថានីយ៍ទូរទស្សន៍នានាហៅសម្តែងទើបលោកប្រឹងរំលេចរូបភាពថ្មីៗទាំងបទផ្ទាល់ខ្លួននិងការហ្វឹកហាត់ក្បាច់រាំជាមួយក្រុមរាំឲ្យបានល្អផងដែរ។ដូចនេះសូមបងប្អូនទាំងអស់ជួយគាំទ្រស្នាដៃថ្មីដើម្បីជាទឹកចិត្តកម្លាំងចិត្តហើយរិះគន់កែលម្អដើម្បីបានរកចំនុចប្រសើរតទៅទៀត។