រាជធានីភ្នំពេញ៖ តារាចម្រៀងតារាកំប្លែងមួយចំនួនដែលមានឈ្មោះបោះសំឡេងបានមកជួបជុំគ្នាយ៉ាងរីករាយបង្កបរិយាកាសរាំច្រៀងនិងសម្តែងកំប្លែងជូនដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនរស់នៅខណ្ឌមានជ័យរាជធានីភ្នំពេញ។ពិធីនេះបានរៀបចំធ្វើឡើងកាលពីព្រឹកថ្ងៃទី១ ឧសភា ឆ្នាំ២០១៧នាភោជនីយដ្ឋានមង្គលឧត្តមស្ថិតនៅតាមបណ្តោយផ្លូវ៣៧១រាជធានីភ្នំពេញ។
នេះជាពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាសង្កាត់គណៈកម្មាធិការបក្សមូលដ្ឋានសង្កាត់គណៈសាខាបក្សភូមិអនុសាខាបក្សនិងសមាជិកបក្សរបស់គណៈបក្សប្រជាជនកម្ពុជាសង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យរាជធានីភ្នំពេញ។នាឱកាសនោះមានការចូលរួមពីលោកពេជ្រ កែវមុនីអផិបាលនៃគណអភិបានខណ្ឌមានជ័យ លោកទូច សំអុលបេក្ខជនចៅសង្កាត់ស្ទឹងមានជ័យ២និងសិល្បករមួយចំនួនដូចជានាយឃ្លោក នាយសានម៉ៅ លោកអ៊ឹម ជីវ៉ា លោកវុទ្ឋីពិធីករ អ្នកនាងប៉េង ប៉ោង ស្រីពៅមុខឈើ ក្រុមតារាបង្ហាញម៉ូដ ញឹម ចាន់ថន អោក សុម៉ាវត្តី អោក សុម៉ាលីតា នាយសង់សេត លោកគន់ រៀមរតនៈ លោកដាពិធីករ លោកលីហួរ អ្នកស្រីសុខា ព្រមទាំងសិល្បករជាច្រើនទៀត ។
លោកពេជ្រ កែវមុនី អភិបាលនិងគណៈអភិបាលខណ្ឌមានជ័យបានមានប្រសាសន៍ថានេះជាការជួបជុំសួរសុខទុក្ខជូនប្រជាពលរដ្ឋដើម្បីបន្តពិភាក្សារកដំណោះស្រាយជាបន្តបន្ទាប់ទៀតនៅក្នុងមូលដ្ឋានក្នុងន័យរកភាពល្អប្រសើរក្នុងការរស់នៅរបស់បងប្អូនយើងបន្ថែមទៀត។ជាមួយគ្នានេះថ្នាក់ដឹកនាំយើងនៅតែបន្តជួយគិតគូដល់ប្រជាជនយើងជាប្រចាំនិងសូមអភ័យទោសប្រសិនបើមានកំហុសឆ្គងកន្លងមករបស់មន្ត្រីអសកម្មមួយចំនួនដែលបំពេញតួនាទីមិនបានល្អយើងនិងកែតម្រូវចំនុចខ្វះខាតដើម្បីឆ្ពោះទៅមាគ៌ាមួយប្រកបដោយសញ្ញាសន្តិភាពទាំងអស់គ្នា។រាជរដ្ឋាភិបាលនឹងមិនបណ្តោយឲ្យបងប្អូនជួបបញ្ហាដោយមិនអើពើនោះឡើយដូចនេះក្នុងនាមជាអាជ្ញាធរពិតជារីករាយដោះស្រាយជូនបងប្អូនយើងតាមសំណូមពរផងដែរ។នាពិធីខាងលើក្រៅពីការសម្តែងសិល្បៈក៍មានការចាប់់រង្វាន់ជាច្រើនជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែសប្បាយរីករាយនិងមានភាពស្និតស្នាលផងដែរដោយរង្វាន់មានជាច្រើនសម្រាប់ជាកាដូជូនអ្នកចូលរួម។