MENU
|
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) និងវិទ្យាស្ថានសន្ទនាមេគង្គ(Mekong Dialogue Institute) នៃសាលាហ្សាមែន Zaman បានចុះអនុស្សារណៈយោគយល់គ្នាដើម្បីជួយសហការបណ្តុះបណ្តាលភាសារអង់គ្លេសដល់អ្នកសារព័ត៌មានកម្ពុជាដោយមិនចំណាយការបង់ថ្លៃ។
នៅក្នុងពិធិចុះអនុស្សារណៈ ដែលរៀបចំនៅទីស្នាក់ការ ស.ស.ស.ក ក្នុងរាជធានីភ្នំពេញ ប្រធាន ស.ស.ស.ក លោក ហ៊ុយ វណ្ណៈ បានឲ្យដឹងថា ការចុះអនុស្សារណៈជាមួយវិទ្យាស្ថានសន្ទនាមេគង្គនៅពេលនេះ គឺដើម្បីផ្តល់ឳកាសដល់អ្នកសារព័ត៌មានកម្ពុជាបានទទួលនូវការបណ្តុះបណ្តាលផ្នែកភាសារអង់គ្លេស ដោយមិនចំបាច់បង់ថ្លៃ។ លោកហ៊ុយ វណ្ណៈ បានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានគឺរៀនសូត្រគ្មានពេលបញ្ចប់ទេ ពិសេសគួរបណ្តុះបណ្តាលបន្ថែមនូវភាសាអង់គ្លេស ដើម្បីអាចឲ្យពួកគេមើលឃើញពិភពលោកកាន់តែទូលាយ យល់ខួរក្បាលបរទេស ចេះធ្វើការជាមួយបរទេស និងអាចធ្វើការជាមួយបរទេសដោយស្មើសិទ្ធិ។ លោក បញ្ជាក់ថា កម្មវិធីនេះ នឹងអនុវត្តក្នុងពេលឆាប់ៗនេះ ហើយរៀបចំបង្វឹកតាមអ្នកចេះតិច ចេះច្រើន ទៅតាមលំដាប់លំដោយ ។
លោក Hakan Atasever នាយកប្រត្តិបត្តិវិទ្យាស្ថានសន្ទនាមេគង្គ (MDI) មានប្រសាសន៍ហេតុផលដែលវិទ្យាស្ថានសន្ទនាមេគង្គ ចុះអនុស្សារណៈយោគយោល់ដោយសារតែវិទ្យាស្ថានមើលឃើញ ស.ស.ស.ក ជាស្ថាប័នផ្លូវការទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា និងជាស្ថាប័នមានសក្តានុពល។ លោកបញ្ជាក់ថា វិទ្យាស្ថាន MDI ប្តេជ្ញាជួយគាំទ្រ ស.ស.ស.ក ឲ្យបានយូរអង្វែង ដោយមិនកំណត់ចំនួននោះទេ ។
សូមបញ្ជាក់ថា កន្លងមកសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស.ស.ស.ក បានជួយបណ្តុះបណ្តាលបន្ថែមអ្នកសារព័ត៌មានកម្ពុជាជាច្រើនវគ្គទៅលើវិស្ស័យសារព័ត៌មាន ហើយនៅពេលនេះនិងពេលខាងមុខ ស.ស.ស.ក នៅតែប្រឹងប្រែងគៀងគររកដៃគូរជាតិនិងអន្តរជាតិដើម្បីជួយបណ្តុះបណ្តាលពង្រឹងអ្នកសារព័ត៌មានឲ្យបានច្រើនថែមទៀត ៕