ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០១៧នេះ មន្ត្រីអនុវត្តច្បាប់ចំនួន៣៦នាក់ មកពីខេត្តចំនួន៤ មានខេត្តព្រះសីហនុ កោះកុង កំពត និង ខេត្តកែប បានមកជួបជុំគ្នា នៅសណ្ឋាគារឆ្នេរថ្មី ក្រុងព្រះសីហនុ ដើម្បីចូលរួមវគ្គ បណ្តុះបណ្តាល ស្តីអំពីការសម្ភាសន៍ កុមារបែបមេត្រី និងការស៊ើបអង្កេត អំពើរំលោភបំពាន និងអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ប្រព្រឹត្តដោយទេសចរផ្លូវភេទ។ សិក្ខាសាលានេះមានរយៈពេល២ថ្ងៃ ក្រោមការផ្តួចផ្តើម របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការឧបត្ថម្ភគាំទ្រពីអង្គការ APLE កម្ពុជា។
លោកសំលៀង សីលានាយកប្រតិបត្តិអង្គការ APLE បានលើកឡើងថា៖វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ពង្រឹងសមត្ថភាពចំណេះដឹងនិងការអនុវត្តជាស្តងដា តាមបែបកុមារមេត្រីបន្ថែម ដល់មន្ត្រីនគរបាលជំនាញ កងរាជអាវុធហត្ថ និងស្ថាប័នពាក់ព័ន្ធ ដើម្បីឈានដល់ការសង្រ្គោះកុមាររងគ្រោះ និង ការផ្តល់សេវាដល់ជនរងគ្រោះ ប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម ឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ ខិតខំរៀនសូត្រ ដើម្បីអោយចុងបញ្ចប់នៃការសិក្សាទទួលបាននិទ្ទេសល្អ គ្រប់គ្នា។ ហើយពេលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ចៀសវាងឲ្យបាន វិបត្តិច្រានចោលសំណុំរឿង ឬមោឃៈភាពនៃសំណុំរឿង។