MENU
|
រាជធានីភ្នំពេញ៖ មន្រ្តីសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៧នេះបានប្រារព្វទិវាចងកំហឹងនឹងរបបប្រល័យពូជនសាសន៍ប៉ុលពតនិងធ្វើពិធីបែបព្រះពុទ្ធសាសនាបង្សុកូលឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍នៅសារមន្ទីរប្រល័យពូជសាសន៍ជើងឯកដោយមានការចូលរួមពីលោកប៉ា សុជាតិវង្សអភិបាលសាលារាជធានីភ្នំពេញ។
គណបក្សប្រជាជនកម្ពុជាតែងតែយកថ្ងៃទី២០ខែឧសភាប្រារព្ធទិវាចងកំហឹងនឹងរបបខ្មែរក្រហមដែលបានសម្លាប់ពលរដ្ឋស្លូតត្រង់ជិត២លាននាក់ក្នុងការដឹកនាំប្រទេសរបស់របបកម្ពុជាប្រជាធិបតេយ្យពីថ្ងៃទី១៧ខែមេសាឆ្នាំ១៩៩៧៥ដល់ថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩។តែពេលនេះសាលារាជធានីភ្នំពេញបានយកថ្ងៃទី១៨ឧសភាវិញព្រោះថ្ងៃទី២០ឧសភាត្រូវនឹងថ្ងៃឃោសនាបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤។
លោក ម៉ម់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ ប្រារព្ធទិវាចងចាំនិងរំលឹកវិញ្ញាណក្ខន្ធ ជនរងគ្រោះដែលស្លាប់ក្នុងរបបខ្មែរក្រហមនៅមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក។ពិធីនេះក៏មានការចូលរួមពី អភិបាលខណ្ឌទាំង១២ និងមន្ដ្រីរាជការពាក់ព័ន្ធព្រមទាំងប្រជាពលរដ្ឋសិស្សានុសិស្សជាច្រើននាក់ផងដែរ។
មន្រ្តីសាលារាជធានីភ្នំពេញបានលើកឡើងថាថ្ងៃ២០ ឧសភា ជាទិវាចងចាំមិនអាចបំភ្លេចបាននូវសោកនាដកម្ម ខ្លោចផ្សា ក្នុងរបបខ្មែរក្រហម ដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរជិត ២លាននាក់ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ថ្ងៃ២០ឧសភា គឺជាទិវាចងចាំមិនអាចបំភ្លេចបាននៃរបបប៉ុលពតដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរយ៉ាងសាហាវឃោរឃៅ។
តាមរយៈការសម្តែងសិល្បៈបង្ហាញពីទិដ្ឋភាពខ្លោចផ្សានៃការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរក្នុងរបបខ្មែរក្រហមគឺដូចគ្នាទៅនឹងអ្វីដែលកើតឡើងនៅក្នុងរបប ប៉ុល ពត យើងមិនអាចបំភ្លេចបានថ្ងៃ២០ឧសភា នោះទេយើងចង់អោយអ្នកទាំងអស់គ្នាទាំងប្រជាពលរដ្ឋកម្ពុជា និងបរទេសបានឃើញនូវទុក្ខសោកខ្លោចផ្សាដែលប្រជាពលរដ្ឋបានឆ្លងកាត់កន្លងមក។
ជនរងគ្រោះម្នាក់ដែលមានសមាជិកគ្រួសារស្លាប់ក្នុងសម័យខ្មៅងងឹតបានបញ្ជាក់ថា យើងសុំឲ្យអន្តរជាតិទាំងអស់មេត្តាផ្តល់យុត្តិធម៌ ដល់ប្រជាជនកម្ពុជាទាំងមូលមានន័យថា សុំឲ្យពន្លឿនតុលាការអន្តរជាតិដែលកំពុងដំណើរបច្ចុប្បន្ននេះក្នុងប្រទេសកម្ពុជាដើម្បីកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមអោយបានចប់ឆាប់ៗនិងដើម្បីជាមេរៀនទុកឲ្យមនុស្សជំនាន់ក្រោយដោយមិនត្រូវឲ្យរបបបែបនេះកើតឡើងសារជាថ្មីទេ។
ស្រ្តីចំណាស់ម្នាក់ដែលបានមកចូលរួមក្នុងទិវាចងចាំមិនអាចបំភ្លេចបាន ២០ ឧសភា បានស្រែកដោយសម្តែងនូវទុក្ខវេទនាក្នុងរបបខ្មែរក្រហមថា និងគាំទ្រការអភិវឌ្ឍប្រទេសមានការរីកចម្រើន ដែលដឹកនាំដោយសម្តេចអគ្គមហាទាំងបីនិងគាំទ្រការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម។
សូមបញ្ជាក់ថា ឆ្នាំ២០១៧នេះ ក៏មិនខុសពីឆ្នាំកន្លងទៅដែរ ដែលសាលារាជធានីភ្នំពេញតែងតែប្រារព្ធទិវាចងកំហឹងនិងរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះដែលស្លាប់ក្នុងរបបខ្មែរក្រហម។
នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនោះនឹងមានការសម្តែងល្ខោន បង្ហាញពីការចូលកាន់កាប់អំណាចនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលពួកកងទ័ពអាវខ្មៅបានជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៧ ខែ មេសា ឆ្នាំ១៩៧៥ និងបានកាន់កាប់របបវាលពិឃាដអស់រយៈពេល៣ ឆ្នាំ ៨ខែ ២០ថ្ងៃ ហើយបានកាប់សម្លាប់ប្រជាពលរដ្ឋជិត ២លាននាក់។ ផ្ទាំងទស្សនីយភាពនោះ នឹងបង្ហាញពីការដួលរលំទៅវិញនៃរបបខ្មែរក្រហម នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ព្រមទាំងចាប់អតីតមេដឹកនាំខ្មែរក្រហម យកទៅកាត់ទោស តាមច្បាប់ផងដែរ។
មន្រ្តីសាលារាជធានីភ្នំពេញបានលើកឡើងថាការជួបជុំគ្នារបស់យើងនៅពេលនេះគឺដើម្បីរំលឹកនូវគុណនូបការៈដល់បញ្ញវន្តអ្នកស្នេហាជាតិព្រះសង្ឃ យុវជន យុវនារី ប្រជាជនស្លូតត្រង់ដែលបានស្លាប់ក្រោមការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃអមុនស្សធម៌រកទីបំផុតគ្មាននិងប្រារព្ធពិធីបង្សុកូលរាប់បាតព្រះសង្ឃឧទ្ទិសកុសល្យជូនដល់ដួងវិញ្ញាណក្ខន្ធរបស់បងប្អូនប្រជាជលរដ្ឋទាំងនៅទីនេះ ក៍ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថារហូតដល់ពេលនេះមានមេដឹកជាន់ខ្ពស់នៃរបបខ្មែរក្រហមចំនួន៥នាក់ត្រូវបានចាប់ខ្លួនដោយសារសាលាក្តីខ្មែរក្រហមរួមមានលោកខៀវ សំផន លោក នួន ជា លោក កាំង ហ្គេចអ៊ាវ ហៅឌុច លោក អៀង សារី(ស្លាប់)និងអ្នកស្រី អៀង ធីរីត(ស្លាប់)។