MENU
|
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាប្រជាពលរដ្ឋទូទៅ ដែលរស់នៅក្នុងប្រទេសកម្ពុជាស្ទើរតែទាំងស្រុង បានរៀបចំទិវាគោរពវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរៈក្សត្រព្រះបរមរតនកោដ្ឋ គំរបខួប៤ឆ្នាំនៃការយាងសោយទិវង្គតរបស់ព្រះអង្គនៅថ្ងៃទី១៥ ខែតុលាព្រឹកនេះ។
ការរៀបចំនេះដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដើម្បីបុព្វហេតុឯករាជ្យជាតិ បុរណភាពទឹកដីផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍ដល់គ្រប់វិស័យ រាជរដ្ឋាភិបាលបានដាក់ចេញផែនការជាច្រើនដើម្បីឲ្យព្រះរាជពិធីបុណ្យនេះបានប្រព្រឹត្តទៅយ៉ាងមហោឡារឹកសក្ត័សមទៅនឹងព្រះរាជកិត្តិនាមនិងព្រះរាជកិតិ្តយសដ៏ខ្ពង់ខ្ពស់ បំផុតរបស់ព្រះអង្គ។ នៅរាជធានីភ្នំពេញបានរៀបចំសោភណ័ភាពយ៉ាងស្រស់ស្អាតនៅតាមតំបន់សួនច្បារនានា នៅក្នុងក្រុង ក្នុងនោះមានការកែលម្អ សួនច្បារ ភ្លើងពណ៌ សំអាតអនាម័យបរិស្ថាននិងការដាក់តាំងរូបព្រះឆាយ៉ាលក្ខណ៍របស់ព្រះករុណាព្រះបរមរតនកោដ្ឋ។ចំណែកនៅពីមុខក្រសួងមន្ទីរស្ថាបន័រដ្ឋក៏បានរៀបចំយ៉ាងស្រស់ស្អាតដូចគ្នានេះដែរ។ យោងតាមផែនការរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឲ្យដឹងថា ក្រសួងព្រះបរមរាជវាំងនឹងចាត់តាំងរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» តាមប្រពៃណីសាសនាប្រពៃណីជាតិ និងតាមការសព្វព្រះរាជហឫទ័យរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ចំណែកនៅឯវិមានព្រះបរមរូប ព្រះករុណា «ព្រះបរមរតនកោដ្ឋ»នាសួនច្បារខាងកើតវិមានឯករាជ្យ នាថ្ងៃទី១៥ខែតុលា ឆ្នាំ២០១៦នេះ នឹងមានគណៈប្រតិភូរដែលជាសមាជិក ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរាជធានីភ្នំពេញ មកថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ»ចាប់តាំងពីវេលាម៉ោង ៧: ០០នាទីព្រឹកមកម្លេះ។ រីឯនៅតាមវត្តអារាម មណ្ឌលវិបស្សនា និងអាស្រម ព្រះពុទ្ធសាសនា និងពាហិរសាសនា ក៏ ត្រៀមរៀបចំឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ទៅតាមប្រពីណៃសាសនា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ដោយមានវត្តមានព្រះសង្ឃ បព្វជិត សីលវន្ត សីលវតី ឧបាសក ឧបាសិកា ប្រជារាស្ត្រ ចូលរួមឱ្យបានច្រើន និងដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ តុបតែងលម្អទង់ជាតិ ទង់សាសនា បដា ពាក្យស្លោកផងដែរ។
គួរំលឹកថា ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តសីហនុព្រះបរមរតនកោដ្ឋបាន យាង សោយព្រះទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងបេកំាង ប្រទេសចិនដោយព្រះជរា ពាធ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា។ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈនៅតែសម្តែងការសោកស្តាយជាពន់ពេកចំពោះការបាត់បង់ព្រះជន្មាយុ របស់របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរៈក្សត្រព្រះបរមរតន កោដ្ឋ ដែលព្រះអង្គមានគុណូបក្ការៈដ៏ធំធេងនិងស្នាព្រះហស្ថដ៏ច្រើនលើស លុប ដែល បានកសាងជាតិមាតុភូមិឲ្យមានការរីកចំរើនរហូតមកដល់សព្វថ្ងៃនេះ។
ស្នាព្រះហស្ថនិងគុណបំណាច់ របស់ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែល ជនរួមជាតិខ្មែរទូទៅមិនអាចបំភ្លេចបាននោះ គឺការទាមទារឯករាជ្យមកវិញពីប្រទេសបារាំងការទាមទារប្រាសាទព្រះវិហារ និងទឹកដីខ្មែរជាច្រើនខេត្ដ ពីប្រទេសថៃ ព្រមទាំងការកសាងជាតិមាតុភូមិ ឱ្យមានការរីកចំរើនលើគ្រប់វិស័យ ហើយសមិទ្ធផលជាស្នាព្រះហស្ថរបស់ព្រះអង្គ ជាច្រើនបានបន្សល់ទុករហូតមកដល់បច្ចុប្បន្ននេះ។
ព្រះមហាវីរក្សត្រ ក៏ជាព្រះបិតាឯករាជ្យ ឯកភាពជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ព្រោះព្រះអង្គតែងតែយកព្រះទ័យទុកដាក់យ៉ាងខ្លាំង ចំពោះការបង្រួបបង្រួមជាតិ ខ្មែរ ជាធ្លុងមួយ ដើម្បីឱ្យប្រទេសជាតិ មានសុខសន្ដិភាពនិងមានការរីកចំរើនឆាប់រហ័ស។ កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក៏ជាស្នាព្រះហស្ថរបស់ ព្រះមហាវីរក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ ក្នុងការបង្រួមបង្រួម ជាតិខ្មែរ ហើយបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានអ្វីៗសព្វបែបយ៉ាងនៅពេលនេះ ៕