MENU
តើស្រូវ-អង្ករ ផ្សារភ្ជាប់ អ្វីខ្លះទៅនឹងវប្បធម៌-ប្រពៃណី ខ្មែរ
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០១ មីនា ២០១៦, ១៣:១១ | ៤,១៣៤ ដង | ចុចបញ្ចេញមតិ (០)

នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ស្រូវ​ត្រូវ​បាន​គេ​ចាត់ទុកជា​ដំណាំ​សំខាន់ ជា​អាហារ​ចាំបាច់ និង​ជា​ប្រភព​ផ្តល់​ថាមពល​សម្រាប់​ទ្រទ្រង់​ជីវិត។ ប្រជា​ពលរ​ដ្ឋែ​ខ្មែរ​តែង​ចាត់​ទុក​ថា ស្រូវ​ជា​ព្រះ​មេ ព្រោះ​ស្រូវ​ជា​អាហារ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប ដូច្នេះ​ហើយ​បាន​ជា​បុព្វបុរស​ខ្មែរ​តែងតែ​ទូន្មាន​ប្រៀនប្រដៅ កុំឲ្យ​ជាន់​លើ​អង្ករ ឬ​ខ្ជះខ្ជាយ ទោះបី​មួយ​គ្រាប់​ក្តី ។ ជា​ភស្តុតាង​នៅ​ក្នុង​ប្រាង្គ​ប្រាសាទ​បន្ទាយស្រី យើង​ឃើញ​មាន​រូប​ព្រះ​ឥសូរ​កាន់​កួរស្រូវ ដែល​ជា​និមិត្តរូប​បញ្ជាក់​ថា ស្រូវ​គឺជា​ប្រភព​ផ្តល់​ជីវិត ។

តាម​រយៈ​ការ​ផ្តល់​ថាមពល ស្រូវ​មិន​ប្រើ​សម្រាប់​តែ​ការ​បរិភោគ​បាយ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ត្រូវ​ប្រជាពលរដ្ឋ​យើង​យក​មក​ច្នៃប្រឌិត និង​រៀបចំ​ចម្អិន​តាម​វិធីសាស្ត្រ​ផ្សេងៗ ជា​អាហារ​ប្រចាំ​ថ្ងៃ និង​ជា​បង្អែម​ជាដើម ៘ បាយ គឺជា​ប្រភព​ផ្ដល់​ថាមពល​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​យើង​គ្រប់​រូបៗ ដែល​ពុំ​អាច​ខ្វះ​បាន​ឡើយ ហេតុនេះ​ហើយ​ទើប​មាន​សុភាសិត​ខ្មែរ​យើង​មួយ​ពោល​ថា «ធ្វើស្រែ​នឹង​ទឹក ធ្វើសឹក​នឹង​បាយ» ។ ប្រជាពលរដ្ឋ​យើង​បរិភោគ​បាយ ចំនួន​បី​ដង​ក្នុង​មួយ​ថ្ងៃ​គឺ អាហារ​ពេល​ព្រឹក អាហារ​ថ្ងៃត្រង់ និង​អាហារ​ពេល​ល្ងាច ។ ប៉ុន្តេ ជា​ការ​ពិត​ក្រៅពី​បាយ​ជា​អាហារ​ប្រចាំ​ថ្ងៃ ប្រជាពលរដ្ឋ​បាន​យក​អង្ករ​មក​ច្នៃ​ធ្វើ​ជា​អាហារ​ប្រចាំ​ផ្សេង​ទៀត​ដូច​ជា គុយទាវ នំ​បញ្ចុក បាញ់ឆេវ បាញ់ហយ បបរស បបរគ្រឿង​ជាដើម ។

ជា​ធម្មតា ការ​បរិភោគ​បាយ​តែ​មួយ​មុខ​ប្រចាំ​ថ្ងៃ មិន​អាច​បំពេញ​នូវ​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​ម្នាក់ៗ​បាន​ឡើយ ។ ជាក់ស្តែង​នៅ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ក្រៅពី​បរិភោគ​បាយ ប្រជាពលរដ្ឋ​ខ្មែរ​យើង​បាន​យក​អង្ករ​ (ខ្សាយ ឬ ដំណើប) មក​ច្នៃប្រឌិត​ជា​បង្អែម​តាម​ប្រភេទ និង​របៀប​ខុសៗ​គ្នា​ជា​ច្រើន​ដូច​ជា នំអន្សម នំគម នំ​បត់ នំជាល នំបំពង (ក្រពង) នំចាំង នំក្រូច នំ​អ៊ី នំ​អន្សង នំ​ទ្រាប (ទ្រាបបាយ) នំផ្លែអាយ ក្រឡាន អំបុក បាយដំណើប តាប៉ែ កន្តំ (ម៉ែន សារុម ២០០១) ។ តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ដោយឡែក​នំអន្សម នំ​បត់ និង​នំគម មិន​ត្រឹម​ជា​បង្អែម​ធម្មតា​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ នំ​ទាំង​បី​ប្រភេទ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​យើង​ចាត់ទុកជា​នំ​សំខាន់ៗ​សម្រាប់​រៀបចំ​ឧទ្ទិស​ថ្វាយ​ក្នុង​ពិធី​ផ្សេងៗ ដូច​ជា​ពិធី​រៀប​អាពាហ៍ពិពាហ៍​កូនប្រុស​ស្រី បុណ្យ​ភ្ជុំបិណ្ឌ បុណ្យ​ចូល​ឆ្នាំ​ខ្មែរ និង​សម្រាប់​ពិធីបុណ្យ​ជា​ច្រើន​ទៀត ។ ក្រៅពី​បង្អែម​ផ្សេងៗ​ខាងលើ ប្រជាជន​យើង​យក​អង្ករដំណើប ឬ​ខ្សាយ មក​ច្នៃប្រឌិត​ផលិត​ជា​ស្រា​ផង​ដែរ។

នំអន្សម​យក្ស​របស់​ខ្មែរ​ដែល​ដាក់​បង្ហាញ​នា​ឱកាស​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី​៣ នៅ​ខេត្ត​សៀមរាប ដើម្បី​អបអរ​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​​ឆ្នាំ​មមែ​នេះ បាន​ជាប់​ចំណាត់​ឯតទគ្គកម្ម​ថ្មី​ក្នុង​សៀវភៅ​កំណត់ត្រា​វត្ថុ​ប្លែកៗ​លើ​ពិភពលោក។
ក្រៅពី​ភស្តុតាង​ដែល​មាន​លក្ខណៈ​ជា​រូបវ័ន្ត​ទាំងនេះ​ ពាក្យ​សុភាសិត ឬ​ពាក្យ​ទំនៀម​ជា​ច្រើន​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​សារប្រយោជន៍​នៃ​ដំណាំ​ស្រូវ​មក​លើ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ ។ ចាស់​ខ្មែរ​បុរាណ​បាន​ពោល​ថា «ធ្វើស្រែ​នឹង​ទឹក ធ្វើសឹក​នឹង​បាយ» «សំណាប​យោង​ដី ស្រី​យោង​ប្រុស» «ធ្វើស្រែ​ខុស​ម្តង ខុស​មួយ​ឆ្នាំ ​រើស​គូ​មិន​ចំណាំ ខុស​ម្តង​ ខុស​មួយ​ជីវិត» «ធ្វើស្រែ​ទាន់​ក្តៅ​ដី ចង់ស្រី​ទាន់​ក្តៅចិត្ត» «ធ្វើស្រែ​ឱ្យ​មើល​ភ្លឺ» ៘

ប្រជាពលរដ្ឋ​ខ្មែរ​តែង​ចាត់​ទុក​ថា ស្រូវ ឬ​ អង្ករ គឺជា​របស់​ដែល​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ហើយ​ក៏​ជា​វត្ថុ​ជាទី​គោរព​សក្ការៈ​សម្រាប់​មនុស្ស​គ្រប់ៗ​រូប​ផង​ដែរ ។ ជា​ទូទៅ​ប្រជា​កសិករ​ខ្មែរ​បាន​គោរព​យ៉ាង​ខ្ពង់ខ្ពស់​បំផុត និង​សន្មត​ដោយ​ក្តី​មោទន​ថា ស្រូវ​គឺជា​ព្រះ​អាទិទេព​ដែល​ផ្តល់ និង​ទ្រទ្រង់​ជីវិត​មនុស្ស​គ្រប់ៗ​រូប ដូច្នេះ​គឺ​ដោយ​បុព្វ​ហេតុ​នេះ​ហើយ​ទើប​ស្រូវ​ត្រូវ​បាន​ប្រសិទ្ធិ​នាម​ថា ព្រះ​មាតា ព្រះ​ប្រពៃ​ស្រព ឬ​ព្រះ​មេ របស់​ប្រជាជាតិ​ខ្មែរ ។ ការ​ប្រសិទ្ធិ​នាម​នេះ អាច​ត្រូវ​បាន​ទទួល​យក​តាម​អំណះអំណាង​នៅ​ក្នុង​ទេវកថា ដែល​បាន​រៀបរាប់ និង​និទាន​តៗ​គ្នា​ថា នៅ​ក្នុង​លោក​យើង​នេះ មាន​ព្រះ​ប្រាំពីរ​អង្គ​ជា​បងប្អូន​គ្នា​គឺ ព្រះអាទិត្យ ព្រះភិរុណ ព្រះគង្គា ព្រះចន្ទ ព្រះ​មាតា​នាង​គង្ហីង ​ព្រះពាយ និង​ព្រះ​មាតា ព្រះ​ប្រពៃ​ស្រព ឬ​ព្រះ​មេ ឬ​ស្រូវ​នេះ​ឯង ។ ដូច្នេះ​តាម​ការ​និទាន​ខាងលើ​នេះ យើង​អាច​យល់​ឃើញ​ថា ទោះ​ក្នុង​ទេវ​កថា​ក្តី ក្នុង​ការ​និទាន ឬ​ជំនឿ របស់​ប្រជា​កសិករ​ខ្មែរ​តាំងពី​បុរាណកាល​ក្តី សុទ្ធតែ​ទទួល​ស្គាល់​ថា ស្រូវ​គឺជា​អ្វី​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​មនុស្ស​គ្រប់ៗ​រូប ។ ប៉ុន្តែ​ជា​ការ​មួយ​គួរ​ឱ្យ​សោកស្តាយ​ដោយសារ​ថា ទោះបីជា​ទទួល​នូវ​ការ​គោរព​យ៉ាង​ណា​ក៏​ដោយ ក៏​បុព្វបុរស​យើង​មិន​បាន​បន្សល់​រូប​ព្រះ​មាតា ព្រះ​ប្រពៃ​ស្រព​ ឬ​ព្រះ​មេ​នេះ នៅ​ទីកន្លែង​ណា​មួយ​ឱ្យ​យើង​បាន​ឃើញ​ឡើយ ។

ដោយ​ស្រូវ​គឺជា​រុក្ខជាតិ​ដ៏​មាន​សារសំខាន់​បំផុត និង​មិន​អាច​ខ្វះ​បាន​ដូច​បាន​រៀបរាប់​មក​ពី​ខាងលើ សម្រាប់​ជីវិត​របស់​យើង​ម្នាក់ៗ និង​ដើម្បី​ការពារ លើក​ស្ទួយ​នូវ​តម្លៃ​វប្បធម៌ និង​តម្លៃ​ជាតិ​នេះ និង​ឆ្លៀត​ក្នុង​ខណៈ​ដែល​ឆ្នាំ​២០០៤ បាន​ត្រូវ​សម្រេច​ជ្រើស​យក​ជា​ឆ្នាំ​អន្តរជាតិ​នៃ​ដំណាំ​ស្រូវ ដោយ​មហាសន្និបាត​នៃ​អង្គការសហប្រជាជាតិ​នោះ ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ដោយ​មាន​ការ​គាំទ្រ​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ព្រាង​តាក់តែង និង​រៀបចំ​រូប​ព្រះ​មេ ឬ​ព្រះ​មាតា​ព្រះ​ប្រពៃ​ស្រព​នេះ ឱ្យ​មាន​ជា​អត្ថិភាព​ឡើង និង​ដោយ​មាន​លក្ខណៈ​ជា​ខ្មែរ​សុទ្ធសាធ ។ តាម​រយៈ​រូប​នេះ​យើង​ឃើញ​ថា​ ព្រះ​មេ ឬ​ព្រះ​មាតា​ព្រះ​ប្រពៃ​ស្រព (Rice goddess) មាន​លក្ខណៈ​ជា​ទេវតា​ស្រី​មាន​នាគរាជ​ក្បាល​ប្រាំ​ជា​ជំនិះ មាន​ដៃស្តាំ​កាន់​កណ្តៀវ​ត្រកង និង​ដៃ​ឆ្វេង​កាន់​កួរស្រូវ ។ នាគរាជ​គឺ​តំណាង​បុព្វបុរស​ខ្មែរ ដូច​មាន​ប្រវត្តិ​ជាប់​ទាក់ទង​ទៅ​នឹង​រឿង​ព្រះថោង​នាងនាគ​ ហើយ​ក៏​តំណាង​នូវ​ភាព​ត្រជាក់ត្រជុំ​សុខដុម​ក្សេមក្សាន្ត​ដល់​ប្រជាពលរដ្ឋ​ទូទៅ ។ នាគរាជ​គឺ​តំណាង​ឱ្យ​ព្រលឹង​ជាតិខ្មែរ ដែល​ដិត​ជាប់​ក្នុង​អារម្មណ៍​របស់​ជនជាតិ​ខ្មែរ​គ្រប់ៗ​រូប ហើយ​ដែល​ស្តែង​ចេញ​តាម​រយៈ​ក្បាច់​ចម្លាក់​រូប​នាគ​ផ្សេងៗ នៅ​លើ​ប្រាង្គ​ប្រាសាទ​បុរាណ​នានា នៅ​លើ​សម្ភារៈ​ប្រើប្រាស់​ ដូច​ជា កណ្តៀវ រទេះ ទូក ដំបូល​អាគារ និង​តាម​រយៈ​ពិធី​ប្រពៃណី​ជាតិ ដូច​ជា ពិធីបុណ្យ​អុំទូក និង​ពិធី​អាពាហ៍ពិពាហ៍​ជាដើម ។ ក្រៅពី​នេះ ​នាគរាជ គឺជា​អ្នក​ផ្ដល់​ទឹកភ្លៀង​សម្រាប់​ស្រោចស្រព​ដល់​រុក្ខជាតិ ដំណាំ​ទាំងឡាយ ពិសេស​សម្រាប់​ដំណាំ​ស្រូវ ដោយឡែក​នៅ​ប្រទេស​កម្ពុជា ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ស្រូវ​ដែល​ពឹងផ្អែក​លើ​របប​ទឹកភ្លៀង មាន​នៅ​លើ​ផ្ទៃដី​ច្រើន​ជាង ៨០​ភាគរយ នៃ​ផ្ទៃដី​ដាំ​ដុះ​ស្រូវ​សរុប ។ កណ្ដៀវ​ត្រកង គឺ​ជា​ឧបករណ៍​របស់​ខ្មែរ​សុទ្ធសាធ សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ច្រូតស្រូវ។ ប៉ុន្តែ​ទោះជា​​យ៉ាង​នេះ​ក្តី រូប​នេះ​ក៏​នៅ​មិន​ទាន់​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។​ ហើយក៏មានពិធីបុណ្យប្រពៃណីជាច្រើនទាក់ទងជាមួយនឹងស្រូវមានដូចជា ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល ពិធីបុណ្យ​សុំ​ទឹកភ្លៀង ពិធីបុណ្យ​ឡើងអ្នកតា ពិធី​បុណ្យ​ដារលាន ពិធីបុណ្យ​ពូន​ភ្នំស្រូវ​...។

ប្រភពៈ         ឈូកខែ្មរ

Tags:
  • ស្រូវ-អង្ករ
  • វប្បធម៌-ប្រពៃណី ខ្មែរ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥