MENU
|
រាជធានីភ្នំពេញ៖ លោកហង្សពុទ្ធាអ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ឲ្យដឹងថា នៅពេលនេះ ៥០% នៃពលរដ្ឋជាង៣២ម៉ឺននាក់ដែលមិនទាន់មានឯកសារសម្រាប់បោះឆ្នោតនោះទទួលបានអត្តសញ្ញាណប័ណ្ណនិងឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណដើម្បីអាចបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា ខាងមុខហើយ។ អង្គការសង្គមស៊ីវិលចង់ឃើញការបញ្ជាក់ឯកសារអត្តសញ្ញាណនិងការផ្តល់អត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋទាំងអស់ដែលខ្វះឯកសារ ឲ្យបានទាន់ពេលវេលា។
តាមរយៈការបូកបញ្ចូលរវាងតួលេខរបស់ក្រុមការងារបោះឆ្នោតឃុំ-សង្កាត់ និងការបូកបញ្ចូលតួលេខរបស់ក្រសួងមហាផ្ទៃ គ.ជ.ប វាយតម្លៃថា ពលរដ្ឋជាង ១៦ម៉ឺននាក់បន្ថែមទៀតទទួលបានអត្តសញ្ញាណប័ណ្ណ និងឯកសារ ឬអត្តសញ្ញាណប័ណ្ណ។ ចំនួននេះ ស្មើនឹងពាក់កណ្ដាលនៃចំនួនអ្នកដែលមិនទាន់មានឯកសារបោះឆ្នោត ៣២ម៉ឺននាក់។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ឲ្យដឹងនៅថ្ងៃទី២៧ ខែឧសភា ថា បញ្ហាពលរដ្ឋខ្វះឯកសារបោះឆ្នោតនេះ សមាជិកទាំង ៩រូបរបស់ គ.ជ.ប បានចុះមូលដ្ឋានដើម្បីដោះស្រាយបញ្ហា។
លោកបញ្ជាក់ថា ការកើនឡើងនៃពលរដ្ឋមានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើការបោះឆ្នោតព្រោះក្រសួងមហាផ្ទៃ បានពន្លឿនក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ពលរដ្ឋ និងពលរដ្ឋបានខ្នះខ្នែងនាំគ្នាទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើការបោះឆ្នោតលោកយល់ថា អ្នកដែលបានចុះឈ្មោះបោះឆ្នោតហើយមានឈ្មោះក្នុងបញ្ជីសុទ្ធតែមានស្មារតីក្នុងការចូលរួមកិច្ចការនយោបាយ។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា តួលេខនេះមិនទាន់ជាតួលេខផ្លូវការនៅឡើយទេ ដោយត្រូវរង់ចាំប៉ុន្មានថ្ងៃទៀត គ.ជ.ប នឹងបង្ហាញសាធារណជន។ លោករំពឹងថា តួលេខផ្លូវការនៃចំនួនពលរដ្ឋដែលមានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើការបោះឆ្នោត បានច្រើនជាងចំនួនដែលលោកបង្ហាញនៅពេលនេះ។
ប៉ុន្តែលោកថា ទោះមានការបង្ហាញពលរដ្ឋខ្វះឯកសារសម្រាប់ការបោះឆ្នោតមានការថយចុះក្តីគ.ជ.ប នៅតែព្រួយបារម្ភចំពោះពលរដ្ឋដែលយកអត្តសញ្ញាណរបស់ខ្លួនទៅបញ្ចាំនៅធនាគារ ឬមីក្រូហិរញ្ញវត្ថុដើម្បីខ្ចីលុយ។ លោកថា ដោយសារការព្រួយបារម្ភនេះ ទើប គ.ជ.ប ផ្ញើលិខិតទៅគ្រប់ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវប្រគល់អត្តសញ្ញាណប័ណ្ណឲ្យពលរដ្ឋវិញ ដើម្បីសម្រាប់បម្រើដល់ការបោះឆ្នោតនៅពេលខាងមុខ។
ដោយឡែកប្រធាននាយកដ្ឋាននីតិកម្មនិងកិច្ចការបោះឆ្នោតនៃគណបក្សសង្គ្រោះជាតិ អ្នកស្រី ម៉េង សុភារី ប្រាប់ថា គណបក្សសង្គ្រោះជាតិ មិនទាន់ដឹងពីតួលេខនេះទេ ប៉ុន្តែអ្នកស្រីស្វាគមន៍ការកើនឡើងចំនួនពលរដ្ឋដែលទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណ។ យ៉ាងណាក៏ដោយចុះ ដោយមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងដែលធ្វើការងារបោះឆ្នោតរូបនេះប្រាប់ថា គណបក្សប្រឆាំងនៅតែតាមដានដំណើរការនេះក្នុងថ្ងៃបោះឆ្នោត ដើម្បីចង់ដឹងថា ការអះអាងរបស់ គ.ជ.ប ត្រឹមត្រូវកម្រិតណា «មានតែពេលបោះឆ្នោតទេទើបយើងដឹងថាពលរដ្ឋដែលគាត់បានប្រើឯកសារបញ្ជាក់អត្តសញ្ញាណមកបោះឆ្នោត ឬគាត់ប្រើអត្តសញ្ញាណប័ណ្ណមកបោះឆ្នោត។
ក្នុងចំណោមពលរដ្ឋបានចុះឈ្មោះបោះឆ្នោតជិត ៨លាននាក់ដែលមាននៅក្នុងបញ្ជីបោះឆ្នោតថ្មីរបស់ គ.ជ.ប មានពលរដ្ឋជាង ៣២ម៉ឺននាក់ជួបបញ្ហាខ្វះឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោត ឬគ្មានអត្តសញ្ញាណប័ណ្ណ។
អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់ថា គ.ជ.ប និងក្រសួងមហាផ្ទៃ គួរសម្រួលបន្ថែមទៀត ដើម្បីអាចឲ្យពលរដ្ឋដែលខ្វះឯកសារបញ្ជាក់អត្តសញ្ញាណ មានសិទ្ធិទៅបោះឆ្នោតបានទាំងអស់គ្នា។ ខណៈការបង្ហាញតួលេខនេះជាសមត្ថកិច្ចរបស់ គ.ជ.ប លោក កន សាវាង្ស យល់ថា ប្រសិនបើតួលេខជាតួលេខត្រឹមត្រូវ ឬមិនត្រឹមត្រូវនឹងចំនួនពិត នឹងធ្វើឲ្យសាធារណជនអាចវាយតម្លៃពីគុណភាពការងាររបស់ គ.ជ.ប៖ «អ្វីដែលជាការគិតបន្ត គឺថា គ.ជ.ប វិញទេដែលគិតអំពីវិធីសាស្ត្រ ថាត្រូវយ៉ាងម៉េចទៀត»។
អ្នកធ្វើការងារទាក់ទងការបោះឆ្នោតរូបនេះយល់ថា ក្រៅពី គ.ជ.ប ផ្ញើលិខិតទៅគ្រប់ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវប្រគល់អត្តសញ្ញាណប័ណ្ណឲ្យពលរដ្ឋវិញសម្រាប់បម្រើដល់ការបោះឆ្នោតនៅពេលខាងមុខ រដ្ឋាភិបាលគួរមានវិធានការទៅស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវផ្តល់អត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋសិន បើទោះជាពួកគាត់កំពុងជំពាក់លុយស្ថាប័នទាំងនោះក្តី ដើម្បីធានាដល់សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ។
គណបក្សសង្រ្គោះជាតិបានស្នើសុំទៅគជបអញ្ញាតដល់កម្មករកម្មការិនីឈប់សម្រាប់បានបីថ្ងៃដើម្បីចូលរួមការបោះឆ្នោតនៅឃុំសង្កាត់របស់ពួកគាត់។លោកហង្សពុទ្ធាបានលើកឡើងថាគជបនឹងប្រជុំសម្រេចចំពោះការស្នើសុំនៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៧៕