ខេត្តកំពង់ធំ៖ ប្រធានគណបក្សសង្រ្គោះជាតិឯកឧត្តមកឹម សុខា នៅព្រឹកថ្ងៃ ២៧-ឧសភា២០១៧អញ្ជើញចុះឃោសនានៅខេត្តកំពង់ធំដោយថ្លែងថា ”ខ្ញុំយល់ឃើញថា នៅកម្ពុជាយើងនេះ វាមិនអាចវិលទៅកើតមានអំពើដែលអាក្រក់ជាងកន្លងមកនេះទេ”។នេះជាថ្ងៃទី៧នៃយុទ្ធនាការស្វែងរកការគាំទ្រពីអ្នកបោះឆ្នោតឃុំសង្កាត់អាណតិ្តទី៤ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧។
នៅពេលគណបក្សសង្គ្រោះជាតិឈ្នះ ព្រោះគណបក្សសង្គ្រោះជាតិយល់ច្បាស់ណាស់ថា ទុក្ខវេទនានិងភាពហិនហោចរបស់ប្រទេសជាតិយើង កើតឡើងដោយសារខ្មែរបែកបាក់គ្នា។ ការបែកបាក់គ្នាកន្លងមកនេះ គឺដោយសារកំហឹងនយោបាយ ហើយឈានទៅប្រើប្រាស់កម្លាំងប្រដាប់អាវុធរៀងៗខ្លួន។
ឯកឧត្តមប្រធានគណបក្សសង្គ្រោះជាតិលើកឡើងថាគណបក្សសង្រ្គោះជាតិ ប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា មិនគុំគួនសងសឹក និងមិនប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដើម្បីបង្ក្រាប ឬ គំរាមខ្មែរគ្នាឯង។ ដូច្នេះ អនាគតប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សសង្គ្រោះជាតិ គ្មានទេសង្គ្រាម រវាងខ្មែរ និងខ្មែរ។
ឯកឧត្តមកឹម សុខាបានថ្លែងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ រីឯនៅពេលរសៀល ឯកឧត្តមនឹងទៅឃោសនានៅខេត្តកំពង់ចាម ជាបន្ដ។
អ្នកនាំពាក្យគជបបានឲ្យដឹងថាការឃោសនាសម្រាប់អាណត្តិទី៤នៃការបោះឆ្នោតឃុំសង្កាត់នៅពេលនេះមានដំណើរល្អជាងអាណត្តិមុខៗ។ក្នុងនោះគជបថ្នាក់ឃុំសង្កាត់រៀបចំការបោះឆ្នោតបានទទួលបានពាក្យចំនួន៣៤បណ្តឹងគិតត្រឹមរសៀលថ្ងៃទី២៥ឧសភាឆ្នាំ២០១៧៕