MENU
|
រាជធានីភ្នំពេញ៖លោកជុំ សុន្ទរីអ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងនៅថ្ងទី២៧ខែឧសភាឆ្នាំ២០១៧ថាស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ បានរាយការណ៍ជូនក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ពីកិច្ចអន្តរាគមន៍សម្របសម្រួលឲ្យមានការដោះលែងពលរដ្ឋខ្មែរចំនួន ៨ នាក់ (ក្នុងនោះមានទារិកាម្នាក់) ដែលត្រូវបានទាហានឈុតខ្មៅថៃចាប់ឃាត់ខ្លួន ថា ក្រោយពីទទួលព័ត៌មានពីការឃាត់ខ្លួននេះ មន្រ្តីស្ថានអគ្គកុងស៊ុល បានជួបទំនាក់ទំនងដោយផ្ទាល់ជាមួយទាហានឈុតខ្មៅ និងពលរដ្ឋខ្មែរទាំងនោះ ។
ក្រសួងការបរទេសកម្ពុជាបានលើកឡើងថានៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោងប្រមាណ ១៤និង៣០ ទាហានឈុតខ្មៅថៃ បានចាប់ខ្លួនពលរដ្ឋខ្មែរ៨នាក់ មានឈ្មោះ (១) រ៉េត ហឿន ភេទប្រុស អាយុ២៣ឆ្នាំ (២) រ៉ែម ចំរើន ភេទប្រុស អាយុ២៩ឆ្នាំ (៣) ហាន ណាត ភេទប្រុស អាយុ២៣ឆ្នាំ (៤) សង អួន ភេទប្រុស អាយុ៣០ឆ្នាំ (៥) សាន ភាព ភេទស្រី អាយុ២៣ឆ្នាំ (៦) ហាន ឡេន ភេទស្រី អាយុ៣៥ឆ្នាំ (៧) កែម សល់ ភេទស្រី អាយុ២៩ឆ្នាំ (ដែលជាម្តាយរបស់ទារិកា អាយុ១ខែ១៥ថ្ងៃ)។
ពលរដ្ឋទាំងនោះ រស់នៅភូមិស្រម៉ធំ ឃុំដារុន ស្រុកសូត្រនិគម ខេត្តសៀមរាប បានឆ្លងដែនចូលប្រទេសថៃតាមច្រករបៀងក្បែរផ្សាររោងក្លឿ (កាន់ប័ណ្ណស៊ីជម្ពូ) ដោយបង់ប្រាក់៧០០បាតក្នុងម្នាក់ ឲ្យទៅមេខ្យល់ ដើម្បីទៅធ្វើការនៅខេត្តឈុនបុរី ប៉ុន្តែពេលឆ្លងដែន ក៏ត្រូវបានទាហានឈុតខ្មៅចាប់ឃាត់ខ្លួន រួចបញ្ជូនទៅទីស្នាក់ការទាហានឈុតខ្មៅលេខ១២។
ក្រោយពីបានសម្របសម្រួលនិងសុំការអធ្យាស្រ័យ ទាហានឈុតខ្មៅថៃ បានយល់ព្រមដោះលែងពលរដ្ឋខ្មែរទាំង៨នាក់ ដោយបានប្រគល់ទូរស័ព្ទដៃ និងប័ណ្ណស៊ីជម្ពូឲ្យពួកគាត់វិញផងដែរ។ មន្រ្តីស្ថានអគ្គកុងស៊ុល បានណែនាំពលរដ្ឋខ្មែរទាំងនោះ ជៀសវាងការឆ្លងដែនខុសច្បាប់ចូលប្រទេសថៃវិញ ដែលអាចប្រឈមនឹងការចាប់ខ្លួនឬដាក់ពន្ធនាគារពីសំណាក់អាជា្ញធរថៃ។ ពួកគាត់បានឯកភាពតាមការណែនាំនេះ ហើយសន្យាថានឹងទាក់ទងទៅនិយោជកថៃ ដើម្បីធ្វើលិខិតឆ្លងដែននិងឯកសារពាក់ព័ន្ឋចូលធ្វើការដោយស្របច្បាប់ក្នុងប្រទេសថៃ។
ស្ថានអគ្គកុងស៊ុល បានសហការជាមួយអាជ្ញាធរពាក់ព័ន្ឋថៃ បញ្ជូនពលរដ្ឋខ្មែរទាំង៨នាក់ ត្រឡប់មកកម្ពុជាវិញ ដោយសុវត្ថិភាព នៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១៩:១៥ នាទី៕