MENU
|
រាជធានីភ្នំពេញ៖ ចោរប្លន់ប្រដាប់អាវុធ២នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមធ្វើសកម្មភាពបាញ់២គ្រាប់ប្លន់យកម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រ៊ីម ពីបុរសជាអ្នករត់ម៉ូតូឌុបម្នាក់បានសម្រេចដោយសុវត្ថិភាព នៅចំណុចផ្លូវប៉េតុង ក្នុងបុរីវិមានសុភមង្គល ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ១៨ និង ២០នាទីព្រលប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ ។
ជនរងគ្រោះមានឈ្មោះ ភ្លី សុខលីន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិ ទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតក្នុងភូមិទួលសិលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
តាមសម្តីរៀបរាប់របស់ជនរងគ្រោះអោយដឹងថា នៅមុនពេលកើតហេតុខ្លួនត្រូវបានជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ បានហៅអោយឌុបពីចំណុចលូ៥ មកកាន់បុរីកើតហេតុខាងលើ ។ ខណៈមកដល់ ចំណុចផ្លូវស្ងាត់ជនសង្ស័យដែលអង្គុយនៅខាងក្រោយ បានយកដៃរឹត.ក បុរសរងគ្រោះ ជាហេតុបង្កអោយជន រងគ្រោះប្រដួលម៉ូតូហើយវាយតបតទៅវិញ ប៉ុន្តែកំឡុងពេលនោះស្រាប់តែលិចមុខបក្សពួករបស់គេម្នាក់ ដែលកំពុងលាក់ខ្លួនក្បែរនោះចេញមកជួយ ដោយមានកាំភ្លើងនៅដៃ ហើយបានបាញ់សំដៅជើងជនរងគ្រោះ តែត្រូវជនរងគ្រោះគេចទាន់ បណ្តាលអោយចំមេជើងខាងឆ្វេងបន្តិចបន្តួច ។ ភ្លាមៗក្រោយការបាញ់២គ្រាប់ បុរសរងគ្រោះមិនបានតបតអ្វីឡើយដោយប្រគល់ម៉ូតូអោយជនសង្ស័យតាមសម្រួល ហើយពួកគេបានជិះឌុបគ្នា រត់គេចបាត់ស្រមោលតែម្តង ។
ភ្លាមៗ បន្ទាប់ពីកើតហេតុ ជនរងគ្រោះ បានទូរស័ព្ទទៅកាន់វិទ្យុ ABC ហើយខាងវិទ្យុបានទំនាក់ទំនងទៅសមត្ថកិច្ចទើបបង្កអោយមានការភ្ញាក់ផ្អើលកម្លាំងសមត្ថកិច្ច មូលដ្ឋាននិងមូលដ្ឋានខណ្ឌជាច្រើននាក់ចុះ អន្តរាគមន៍ដល់ទីតាំងចំណុចធ្វើសកម្មភាព ។ ប៉ុន្តែខណៈពេលសមត្ថកិច្ចទៅដល់ បានត្រឹមតែរើសសម្បកគ្រាប់ កាំទុះកាំភ្លើងតែប៉ុណ្ណោះគឺ២គ្រាប់ ម៉ាកកា៥៩ បន្សល់ទុកក្រោយការបាញ់ប្រហារ ។
ក្រោយការអន្តរាគមន៍ សមត្ថកិច្ចនាំជនរងគ្រោះមកកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ ដើម្បីសាកសួរនាំ បន្ថែមពីស្តីពីអំពើបាញ់ប្លន់ខាងលើ។ នៅវេលាយប់ថ្ងៃខែដដែលសមត្ថកិច្ចបានចុះទៅពិនិត្យទីតាំងខាងលើ គ្រប់ផ្លូវផងដែរនិងឃើញមានកាមេរ៉ាសុវត្ថិភាពជាច្រើននៅជុំវិញនោះប៉ុន្តែសមត្ថកិច្ច មិនទាន់សុំម្ចាស់ផ្ទះកាមេរ៉ា នីមួយៗធ្វើការឆែកឆេរនៅឡើយទេ រងចាំទៅសុំពិនិត្យនៅព្រឹកស្អែកដើម្បីមើលរូបភាពជនល្មើស ងាយស្រួល កំណត់ភិនភាគក្នុងការឈានទៅឃាត់ខ្លួនបាន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ ៕