MENU
|
រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន២នាក់បានស្លាប់និង៥នាក់បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍ផ្ទុះបំពង់ខ្យល់សម្រាប់បញ្ចេញកំដៅ ដ៏ធំមួយនៅចំណុចរោងសិប្បកម្មពុម្ភសម្លៀកបំពាក់មួយកន្លែងគ្មានឈ្មោះ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ ។
ជនរងគ្រោះស្លាប់ទាំង២នាក់មានឈ្មោះ សឿត ផល ភេទប្រុស អាយុ២៦ឆ្នាំ ជាសន្តិសុខយាមរោងចក្រ មានស្រុកកំណើត នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាង ខេត្តពោធិ៍សាត់ និងម្នាក់ទៀតមានឈ្មោះគង់ ផាន្នី ភេទស្រី អាយុ៦១ឆ្នាំ ជាអ្នកអនាម័យ ។ដោយឡែកជនរងគ្រោះប្រុសស្រី ៥នាក់ទៀតត្រូវបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យផ្សេងៗគ្នា ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ ។
មន្ត្រីសមត្ថកិច្ចអោយដឹងថា ម្ចាស់ទីតាំងមានឈ្មោះហៀក ធា ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។ នារីជាម្ចាស់ទីតាំងមានភាគហ៊ុនជាមួយជនជាតិចិនម្នាក់ស្នាក់នៅឯប្រទេសចិន ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុអោយដឹងថា មុនពេលមានការផ្ទុះ ក្រុមកម្មករដែលធ្វើការសរុបនៅទីតាំងខាលើមានគ្នាប្រមាណជាង២០នាក់ បាននាំគ្នាចាកចេញទៅរកបាយទឹកអស់ហើយ នៅសល់តែ៦ទៅ៧នាក់ រួមមានអ្នកអនាម័យនិងសន្តិសុខកំពុងបង្ហើយការងារ។ ខណះពេលនោះបំពង់ឡតិ៍ខ្យល់ទាំង២បំពង់មិនទាន់ត្រូវបានបន្ថយភ្លើងកំដៅភ្លើងអុសនៅឡើយក៏បណ្តាលអោយឡតិ៍មួយក្នុងចំណោមឡតិ៍ទាំាង២ ត្រូវផ្ទុះបណ្តាលអោយបញ្ចេញកម្លាំងខ្យល់ដ៏ខ្លាំងដែលផ្ទុកនៅក្នុងឡតិ៍ ប៉ើងយុវជនជាសន្តិសុខដែលកំពុងឈរយាមនៅក្បែរឡតិ៍ស្រាប់ ខ្ទាតផ្ទប់ទៅនឹងជញ្ចាំងរបងថ្មបែកក្បាលស្លាប់យ៉ាងអាណោចអាធ័មនៅហ្នឹងកន្លែងភ្លាមៗ ។ ដោយឡែក មនុស្សចំនួន៦នាក់ផ្សេងទៀត ដែលនៅក្បែរទីនោះ ក៏ត្រូវខ្ទាតបំណែកឡតិ៍ប៉ះចំខ្លួនប្រាណរងរបួសធ្ងន់ស្រាលផងដែរ ប៉ុន្តែក្នុងនោះលោកយាយចំណាស់ម្នាក់ ត្រូវរងរបួសខ្ទេចជើងទាំង២ និងត្រូវបានស្លាប់ពេលបញ្ចូនទៅសង្គ្រោះដល់មន្ទីរពេទ្យរុស្ស៊ី ។ ចំណែករបងថ្មដំបូលដែកនិងសម្ភារះមួយចំនួនធំត្រូវរងការខូចខាត ។
តាមសម្តីរៀបរាប់របស់នារីជាម្ចាស់ទីតាំងអោយដឹងថាឡតិ៍នេះគឺ ប្រើសម្រាប់រំហួតយកកម្តៅខ្យល់ដើម្បីពុម្ភសម្លៀកបំពាក់អោយស្ងួតស្អាតនិងខោអាវខ្លះអាចលាយលំពណ៌ចូលគ្នាបានស្អាតល្អ ដោយឡតិ៍នេះគេប្រើប្រាស់កំដៅភ្លើងអុសលាយលំជាមួយទឹកបន្តិច និងចរន្តអគ្គីសនីភ្ញាប់ជាមួយកង្ហារដើម្បីបក់ភ្លើងអោយឆាប់ឆេះខ្លាំងក្នុងការបង្កើនកម្តៅខ្យល់អោយកាន់តែខ្លាំង ។
សូមបញ្ជាក់ថា ក្រោយកើតហេតុ នារីជាម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលដើម្បីសាកសួរនាំព័ត៌មានបន្ថែម ។
អធិការរងនគរបាលខណ្ឌមានជ័យ លោកហួរ ម៉េងវ៉ាង អោយដឹងថា កាលពីវេលាយប់ថ្ងៃទី០៧ ខែមេសា មុនកើតហេតុមួយថ្ងៃទីឡតិ៍ដែលផ្ទុះខាងលើ ឡតិ៍ដែលផ្ទុះបានធ្លាយហៀរចំហាយចេញមកក្រៅ បង្កអោយមានការភ្ញាក់ផ្អើលដល់ក្រុមកម្មករម្តងមកហើយ ប៉ុន្តែត្រូវបានមេការមកជួសជុលរួចរាល់នៅយប់ដដែល ។ លុះវេលាព្រឹកឡើង ម៉ោងកើតហេតុខាងលើ ឡតិ៍នោះក៏ស្រាប់តែត្រូវផ្ទុះបណ្តាលអោយមានសោកនាដកម្មស្លាប់ និងរបួសមនុស្សបែបនេះតែម្តងទៅ ។ គិតមកត្រឹមរសៀលថ្ងៃខែដដែល បុរសជាមេកាបានរត់គេចខ្លួនហើយ ។
បច្ចុប្បន្នទីតាំងកើតហេតុ សមត្ថកិច្ចជំនាញកោសល្យវិច្ច័យបានចុះពិនិត្រ លើសពនិងកន្លែងខូចខាត ។ ក្រោយការពិនិត្យរួចសពជនរងគ្រោះទាំង២ត្រូវប្រគល់ជូនក្រុមគ្រួសារសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។
ជុំវិញករណីខាងលើនេះលោកហ៊ុយ វីរះ នាយករដ្ឋបាលសាលាខណ្ឌអោយដឹងថា ក្រោយការពិនិត្យយ៉ាងល្អិតល្អន់មកឃើញថាទីតាំងសិប្បកម្មនេះពុំមានច្បាប់អនុញ្ញាតិត្រឹមត្រូវពីមន្ទីរជំនាញ ឬក្រសួងពាក់ព័ន្ធឡើយ ដូច្នេះហើយក្រោយសមត្ថកិច្ចពិនិត្យវិច្ច័យរួចរាល់អាជ្ញាធរនឹងសម្រេចបិទទីតាំងអាជីវកម្មនេះជាបណ្តោះអាសន្នសិន ៕