MENU
|
រាជធានីភ្នំពេញ៖ ជនសង្ស័យជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏ធំ និងសកម្មម្នាក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកព្រហ្នទណ្ឌ នៃអធិការខណ្ឌមានជ័យ ដឹកនាំដោយលោកហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌ សហការជាមួយនគរប៉ុស្តិ៍មូលដ្ឋាន បើកការបង្ក្រាបបានជាក់ស្តែងនៅចំណុចបន្ទប់ផ្ទះជួលរបស់ជនសង្ស័យផ្ទាល់ ស្ថិតក្នុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ១៣ និង ៣៥នាទីរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីស្រាវជ្រាវដឹងពីទីតាំងលាក់ខ្លួន ។
មុខសញ្ញាជួញដូររូបនេះមានឈ្មោះ នែម រតនះ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលកន្លែងឃាត់ខ្លួន។ បច្ចុប្បន្នស្នាក់នៅជាមួយប្រពន្ធ និងកូនសរុប ៨នាក់ ។
អធិការរងនគរបាលខណ្ឌមានជ័យ ទទួលជំនាញព្រហ្មទណ្ឌ លោកអនុសេនីយ៍ឯកហួរ ម៉េងវ៉ាង អោយដឹងថា បន្ទាប់ពីទទួលបានដំណឹងច្បាស់ការណ៍ពីគិញសម្ងាត់រាយការណ៍ពីទីតាំងចែកចាយរបស់ជនសង្ស័យ កម្លាំងសមត្ថកិច្ចថ្នាក់ខណ្ឌ សហការជាមួយនគរបាលមូលដ្ឋាន បានបើកការចុះបង្ក្រាបភ្លាមៗ ដល់ទីតាំងបន្ទប់ផ្ទះជួលជនសង្ស័យ ដោយរកឃើញមានថ្នាំញៀនមួយចំនួនធំ ដែលជនសង្ស័យត្រៀមចែកចាយជាបន្តបន្ទាប់នៅពេលខាងមុខ ។
សូមបញ្ជាក់ថា ក្នុងការឃាត់ខ្លួនមុខសញ្ញាជួញដូររូបនេះ សមត្ថកិច្ចដកហូតបាន ថ្នាំញៀនក្រាមសថ្លា ហៅម៉ាទឹកកកចំនួន ៩កញ្ចប់ធំ និង ៨កញ្ចប់តូច ប៊ិចកាំភ្លើង១ដើមមានគ្រាប់កាំភ្លើងមួយគ្រាប់ និងវត្ថុតាងវិចខ្ចប់មួយចំនួនផងដែរ ។
យ៉ាងណាមិញ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច បញ្ចូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ ។
សូមបញ្ជាក់ថា អ្វីជាការកត់សម្គាល់ជុំវិញការចាប់ខ្លួនមុខសញ្ញាជួញដូរខាងលើនេះរូបគេបានឆ្លើយសារភាពថា កាលពីកំឡុង១អាទិត្រមុន ខ្លួនត្រូវបានសមត្ថកិច្ចការិយាល័យ ក១ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនធ្វើការបង្ក្រាបបាននៅចំណុចមុខហាងនំប៉័ងបាយ័ន្ត ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ ដោយដកហូតបានថ្នាំញៀនចំនួន៥ហ៊ុន តែខ្លួនត្រូវបាននគរបាលដោះលែងអោយមានស៊េរីភាពវិញ ដោយខ្លួនបានបង់ប្រាក់ជូននគរបាលចំនួន៧០០០ដុល្លារអាមេរិច រួមជាមួយម៉ូតូ Zommer មួយគ្រេឿងជាថ្នូរ នៃការដោះលែង ។
នគរបាលខណ្ឌមានជ័យអោយដឹងថា មុខសញ្ញាជួញដូររូបនេះ គឺជាមុខសញ្ញាដែលធ្លាប់ជាប់ពន្ធធនាគារ១លើកផងដែរ ចំនួន២ឆ្នាំពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ៕