រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមេសាឆ្នាំ២០១៧ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលើកដំបូងនូវសៀវភៅខេមរភាសា ស្តីពីអភិបាលកិច្ចប្រទេសចិន ដោយ ប្រធានាធិបតី ស៊ី ជិនពីង ។
ពិធីផ្សព្វផ្សាយសៀវភៅរបស់ប្រធានាធិបតីចិន នេះធ្វើឡើងដោយមានកិច្ចសហការរវាងរាជបណ្ឌិតសភាកម្ពុជា ជាមួយវិទ្យាស្ថានខុងជឺនៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមជាអធិបតីផងដែរពីឯកឧត្តម JIANG Jianguo រដ្ឋមន្រ្តី ក្រុមប្រឹក្សាព័ត៌មានរបស់ចិន។
សៀវភៅនេះបានចងក្រងនូវអត្ថបទចំនួន ៧៩ អត្ថបទរបស់ឯកឧត្តមស៊ី ជិនពីង ក្នុងចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១២ ដល់ខែមិថុនា ឆ្នាំ២០១៤ ដែលក្នុងនោះរួមមានសុន្ទរកថា សេចក្តីបង្គាប់បង្ហាញ និងសារលិខិតជូនពរជាដើម ។
បច្ចុប្បន្នសៀវភៅនេះ បានបកប្រែជា១៦ភាសា ព្រមទាំងបោះពុម្ពផ្សាយបានចំនួន៦លាន២សែនក្បាលនៅលើសាកលលោកទាំងមូល។
ក្នុងសៀវភៅនេះរួមមានទាំងគោលការណ៍ណែនាំសំខាន់ៗ អំពីគោលនយោបាយអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយ សុបិន្តនិងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋសាមញ្ញ មធ្យោបាយល្អសម្រាប់ដោះស្រាយបញ្ហាលំបាកៗ ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវែងឆ្ងាយ មាគ៌ាអភិវឌ្ឍន៍របស់ប្រទេសចិន ព្រមទាំងការគិតពិចារណាអំពីការអភិវឌ្ឍរបស់ពិភពលោក និងជោគវាសនារបស់មនុស្សជាតិផងដែរ ។
យោងតាមរយៈសៀវភៅនេះ គេនឹងបានយល់ដឹងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ការគិតគូរដល់ប្រជាជន កម្រិតវប្បធម៌ និងទឹកចិត្តដ៏ទូលំទូលាយរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង៕