MENU
|
ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរ ដោយសាររថយន្តវីហ្គោមួយគ្រឿងដែលគេស្គាល់ថាជារថយន្តរបស់លោកអភិបាលរងស្រុកភ្នំព្រឹក បើកបរដោយជនស៊ីវិលម្នាក់បានបើកបុកពីក្រោយពេញទំហឹងបណ្តាលអោយរងរបួសជើងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១៧ និង ៣០នាទីនៅចំណុចខាងជើងរង្វង់មូលស្រុកភ្នំព្រឹកប្រហែល ១៥០ម៉ែត្រ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ។
រថយន្តបង្កហេតុម៉ាក វីហ្គោ ពណ៍សរ សេរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 2AI-0547 ដែលគេស្គាល់ថាជារថយន្តអភិបាលរងស្រុកភ្នំព្រឹក បើកបរដោយឈ្មោះ ឌុកប្រុស សីលា ភេទប្រុសរស់នៅភូមិកណ្តាល ឃុំអូររំដួល ។ ដោយឡែកជនរងគ្រោះមានឈ្មោះ ហេង វឿន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ជិះម៉ូតូម៉ាកហុងដាឌ្រ៊ីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ណ៍ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1X-5504 ។
មុនពេលកើតហេតុ រថយន្តបង្កនិងម៉ូតូជនរងគ្រោះជិះស្របគ្នាក្នុងទិសដៅពីត្បូងទៅជើងដូចគ្នាតាមបណ្តោយផ្លូវដីក្រហម ក្នុងទីតាំងភូមិឃុំខាងលើ ។ លុះដល់ចំណុចកើតហេតុ រថយន្តបង្កបានបើកបុកពីក្រោយម៉ូតូជនរងគ្រោះពេញទំហឹងបណ្តាលអោយរងរបួសជើងខាងឆ្វេងធ្ងន់ធ្ងរដោយឡែកម៉ូតូនិងរថយន្តត្រូវរងការខូចខាត ។ ភ្លាមៗបុរសរងគ្រោះត្រូវបានក្រុមប្រជាពលរដ្ឋដឹកបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យសំពៅលូន ។ ដោយឡែកម៉ូតូ និងរថយន្តត្រូវសមត្ថកិច្ចវាស់វែងអូសយកទៅកាន់អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក រងចាំដោះស្រាយតាមច្បាប់ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុអះអាងថា បុរសដែលបើករថយន្តលោកអភិបាលរងស្រុកទំនងជាមានអាការះស្រវឹងនៅក្នុងខ្លួន ដូច្នេះហើយទើបបើកបរខ្វះការប្រុងប្រយ័ត្នបង្កអោយមានគ្រោះថ្នាក់ដល់អ្នកដទៃតែម្តង ៕