MENU
|
ខេត្តបាត់ដំបង៖ សមត្ថកិច្ចនិងអាជ្ញាធរបាននិយាយថាគិតត្រឹមតែរយៈពេលជិត៣សប្តាហ៍ដើមខែមីនាឆ្នាំ២០១៧នេះអាជ្ញាធរថៃបានបញ្ជួនពលករខ្មែរដែលឆ្លងដែនខុសច្បាប់មកកាន់ស្រុកកំណើតវិញជាង៤០០០នាក់តាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង។
យោងតាមសេចក្តីរាយការណ៍ពីកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរតំបន់ព្រំដែនរបស់កម្ពុជាបានអោយដឹងនៅថ្ងៃទី១៩ ខែមីនានេះថា រយះពេល១៩ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧នេះមានពលករខ្មែរប្រុស ស្រីរួមទាំងកុមារផងចំនួន៤១៩៩នាក់ត្រូវបានអាជ្ញាធរនិងទាហានថៃចាប់បញ្ជួនអោយត្រឡប់មកកាន់ស្រុកកំណើតវិញដោយសារតែពលករខ្មែរទាំងនោះបានឆ្លងដែនចូលក្នុងទឹកដីថៃដោយខុសច្បាប់ក្នុងគោលបំណងស្វែងរកការងារធ្វើ។
ការបញ្ជូនពលករខ្មែរក្នុងចំនួនច្រើននិងជាបន្តរបន្ទាប់នេះរយះពេលជាងមួយខែមកហើយដែលអាជ្ញាធរនិងសមត្ថកិច្ចថៃរឹតបន្តឹងច្បាប់ចេញចូលពិសេសការធ្វើចំណាកស្រុករបស់ពលករខ្មែរដើម្បីស្វែងរកការងារធ្វើ។
ពលករខ្មែរដែលធ្វើចំណាកស្រុកត្រូវថៃបញ្ជូនមកវិញនេះភាគច្រើនជាបុរស ក្នុងចំណោមតួរលេខពលករចំនួន៤១៩៩នាក់ មានពលករជាស្រ្តីចំនួន៣០២នាក់និងក្មេងតូចៗចំនួន៥៧នាក់ សុទ្ធសឹងជាពលករដែលមានស្រុកកំណើតមកពីខេត្តព្រៃវែង កំពង់ស្ពឺ តាកែវ ខេត្តកំពង់ចាម កំពុងឆ្នាំងពោធិសាត់និងមកពីខេត្តបាត់ដំបងមួយចំនួនធំទៀតពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយតំបន់ព្រំដែនកម្ពុជា ថៃ។
លោកមុយ សាលិត មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកកំរៀងបានបញ្ជាក់អោយដឹងថា រយៈពេលជិត៣ខែ ចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០១៧នេះទាហានថៃបានចាប់បញ្ជួនពលករខ្មែរដែលឆ្លងដែនខុសច្បាប់មកស្រុកកំណើតវិញជិត១ម៉ឺននាក់។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានអោយដឹងដែរថា នៅឆ្នាំ២០១៦កន្លងមកនេះអាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរដែលធ្វើចំណាកស្រុកខុសច្បាប់ចូលក្នុងទឹកដីថៃចំនួន១៦៣លើក សរុបពលករទាំងអស់ចំនួន៧៣២៨នាក់ ក្នុងនោះមានស្ត្រីចំនួន៣៦១២នាក់និងកុមារចំនួន៤៧៩នាក់ ដោយឡែកពលករខ្មែរដែលចូលបំពេញបែបបទស្របច្បាប់ទៅធ្វើការងារនៅក្នុងប្រទេសថៃមានចំនួនប្រមាណជា២លាននាក់៕